ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍កសិករ ស្រុកបរិបូរណ៌ ទទួលម៉ាស៊ីនព្រោះស្រូវ ១០ គ្រឿង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន មានប្រសាសន៍ថា៖ ម៉ាស៊ីនព្រោះ​ស្រូវជាជួរ (…

ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន មានប្រសាសន៍ថា៖ ម៉ាស៊ីនព្រោះ​ស្រូវជាជួរ ( Eli Seeder) គឺជាឧបករណ៍មួយ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាកសិករដាំដំណាំស្រូវ ព្រោះវាបានចំណេញទាំងពូជ ចំណេញពេលវេលា និងកម្លាំងពលកម្មផងដែរ។

លោក​រដ្ឋមន្ត្រី​ មានប្រសាសន៍បែបនេះ ក្នុងឱកាស​ឯកឧត្តម អញ្ជើញចែកម៉ាស៊ីនព្រោះស្រូវជាជួរ ចំនួន១០គ្រឿង ដែលជាអំណោយរបស់ រដ្ឋាភិបាលអូស្រ្តាលី ជូនដល់ប្រជាកសិករ ក្នុងស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

​លោក​រដ្ឋន្ត្រីក្រសួងកសិកម្ម បន្តថា​ ម៉ាស៊ីនព្រោះស្រូវ ឬឧបករណ៍ដាំស្រូវ ជាជួរនេះ វាជាឧបករណ៍ ដែលបំរើឱ្យវិស័យកសិកម្ម តាមទំនើបកម្ម ព្រោះយើងប្រើដោយកម្លាំងម៉ាស៊ីន ដែលបញ្ចេញគ្រាប់ស្រូវដាំជាជួរ ធ្វើឱ្យចំណេញពូជ ចំណេញកម្លាំងពលកម្ម និងលឿន មិនដូចការព្រោះស្រូវដោយដៃ ដោយកម្លាំងមនុស្ស និងប្រើពូជលើសបរិមាណនៃតម្រូវការ​នោះឡើយ​។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និង​រដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវឧបករណ៍ដាំស្រូវជាជួរដោយស្វ័យប្រវត្តិ ដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់បំរើឱ្យវិស័យកសិកម្មតាមបែបទំនើបកម្មនេះផងដែរ​។

​នៅក្នុងឱកាសនោះដែរ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត​កំពង់ឆ្នាំង​ បានលើកឡើងពីវិស័យ​កសិកម្ម ក្នុងខេត្ត និងជាពិសេសដំណាំស្រូវ ដែលរងគ្រោះធម្មជាតិទឹកជំនន់កន្លងមក ដោយទទួលបានការជួយឧបត្ថម្ភ ជាពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយគិតមកដល់ពេលនេះ បងប្អូនប្រជាកសិករ បានធ្វើការដាំដុះ​ ស្តារឡើងវិញ បានចំនួន ១ ៧៩២ ហិកតា ស្នើនឹង ១០០%ហើយ។

​លោកស្រី អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើរដល់សហគមន៍កសិករ ដែលទទួលបានម៉ាស៊ីនដាំស្រូវជាជួរនេះ ​ត្រូវថែរក្សា​ និង​ប្រើប្រាស់ឱ្យមានតម្លាភាព និងចំគោលដៅ ដែល​ក្រសួងចង់បាន ដើម្បីសម្រេចតាមផែនការ ដែលបានកំណត់ និងសូមចូលរួមថែរក្សាអនាម័យ ដោយលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស់ ជាប្រចាំ នៅពេលចេញទៅទីប្រជុំជន។ ទាំងអស់នេះ ដើម្បីចូលរួមការពារ ការរីករាលដាលពីជំងឺកូវីត១៩ ទាំងអស់គ្នា៕  ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ