សហរដ្ឋអាមេរិក ៖ ម្ចាស់មេដាយកីឡាហែលទឹកអូឡាំពិកជនជាតិអាមេរិក គឺលោក Klete Keller រងការចោទប្រកាន់ពីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ១៣ មករា ពីបទចូលរួមក្នុងចលនាកុបកម្មអុកឡុកវិមានសភាកាពីតូលកាលពីថ្ងៃទី ៦ មករា កន្លងទៅ ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ។
ក្នុងហេតុការណ៍នោះ Keller ត្រូវបានថតស្ថិតក្នុងហ្វូងមនុស្ស ដែលបានចូលអុកឡុកក្នុងសាល Rotunda នៃសភាកាពីតូលដោយខុសច្បាប់ នៅពេលដែលក្រុមបាតុករបានប្រើអំពើហិង្សា ដើម្បីបំបែករបាំងការពាររបស់ប៉ូលិស។
សេចក្តីថ្លែងការណ៍អមនឹងការចោទប្រកាន់ជាផ្លូវការរបស់ក្រសួងយុត្តិធម៌ បានអះអាងថាប៉ូលិសបានកំណត់អត្តសញ្ញាណរបស់បុរសម្នាក់នោះ គឺជាអត្តពលិកម្ចាស់មេដាយមាសកីឡាហែលទឹកអូឡាំពិកពិតប្រាកដមែន។ ហើយគាត់រងការចោទប្រកាន់ពីបទ ចូលវិមានកាពីតូលដោយខុសច្បាប់, ការប្រព្រឹត្ដអំពើហឹង្សាបង្កអសន្តិសុខ និងការរារាំងលើការអនុវត្តច្បាប់។
សូមរំលឹកថា Klete Keller បានដណ្តើមមេដាយពីព្រឹត្តិការណ៍អូឡាំពិកជូនជាតិមាតុភូមិ ដោយបានឈ្នះមេដាយមាសចំនួន២លើកក្នុងឆ្នាំ ២០០៤ និង ២០០៨ និងមេដាយប្រាក់១លើកក្នុងឆ្នាំ ២០០០៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ