រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ទីតាំងក្រសួងមួយចំនួនត្រូវ បានផ្លាស់ប្តូរពីកណ្ដាលរាជធានី ទៅកាន់តំបន់ជាយរាជធានីម្ដងមួយៗ ដូចជាក្រសួងសាធារ ណការ និងដឹកជញ្ជូន ត្រូវផ្លាស់ប្តូរពីជិតវត្តភ្នំទៅកាន់តំបន់ឫស្សីកែវ ក្រសួងរៀបចំដែនដីនគ រូបនីយកម្ម និងសំណង់ ត្រូវបានផ្លាស់ប្តូរពីផ្លូវព្រះមុនីវង្សទៅកាន់ទីក្រុងរណបហ្គ្រែនភ្នំពេញ ហើយក៏មានក្រសួងសំខាន់ៗជាច្រើនទៀត ត្រូវបានផ្លាស់ប្តូរពីទីកណ្ដាលរាជធានីទៅកាន់តំ បន់ជារាជធានីផងដែរ ។
តើការផ្លាស់ប្តូរទីតាំងក្រសួងទាំងនេះ បានផ្ដល់ប្រយោជន៍អ្វីខ្លះដល់វិស័យអចលន ទ្រព្យ និងដីធ្លី ? បើតាមលោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលអ្នកជំនាញអចលនទ្រព្យ កម្ពុជា បានមានប្រសាសន៍ថា ការផ្លាស់ប្តូរក្រសួងនានាសុទ្ធតែមានហេតុផល វាមិនខុសអីពី ការរុះរើផ្ទះចាស់ធ្វើផ្ទះថ្មី ឬ ប្តូរផ្ទះនោះទេ ។ នៅពេលប្រទេសជាតិមានការរីកចម្រើន ការបម្រើ សេវាសាធារណទៅកាន់ពលរដ្ឋក៏មានច្រើន ដូច្នេះក្រសួងត្រូវការពង្រីកកន្លែងធ្វើការសម្រាប់ បុគ្គលិកមន្ត្រីរាជការទើបត្រូវរកទីតាំងថ្មីដែលធំ និងទូលាយ ។ លោកបន្តថា ការផ្ទេរក្រសួង ទៅកាន់ទីតាំងថ្មី គឺក្នុងហេតុផលដើម្បីបម្រើសេវាកម្មទៅកាន់ពលរដ្ឋឱ្យបានលឿនរហ័ស ។
លោកបន្តទៀតថា ការផ្លាស់ប្តូរក្រសួងនេះដែរ វាក៏បានហុចផលប្រយោជន៍មួយចំនួន ដល់វិស័យអចលនទ្រព្យផងដែរ ជាក់ស្ដែងនៅពេលក្រសួងណាមួយផ្លាស់ប្តូរទៅទីតាំងថ្មី គឺ ត្រូវការសាងសង់ផ្លូវធំជាងមុនស្រួលជាងមុន ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរទៅរកសេ វាកម្មនៅក្រសួង ហើយមន្ត្រីក៏ងាយស្រួលធ្វើដំណើរទៅបំពេញការងារ ។ នៅពេលមានផ្លូវ ស្រួល មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពេលនោះ នឹងធ្វើឱ្យមានអ្នកវិនិយោគជាច្រើនទៅ បណ្ដាក់ទុនវិនិយោគនៅតំបន់ក្បែរក្រសួងនោះដែរ ដែលជំរុញឱ្យតម្លៃដីធ្លីទីនោះ កើនឡើង មួយកម្រិតទៀត តែកម្រិតនៃការកើនឡើងនោះក៏មានភាពខុសៗគ្នា ។
លោកបន្ថែមថា ទន្ទឹមនឹងមានផលប្រយោជន៍ជាវិជ្ជមានបែបនេះ ក៏មានការវិភាគអវិជ្ជ មានមួយចំនួនពីមនុស្សមួយក្រុមតូចទៅលើការដោះដូរក្រសួងនានា ក៏ប៉ុន្តែបើគិតឱ្យដិតដល់ ទៅមិនគួរយករឿងអវិជ្ជមានតូចនោះ ធ្វើឱ្យបាត់បង់ប្រយោជន៍ធំនោះទេ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏ បានឱ្យដឹងថា តំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តែងតែទទួលបានការវិនិ យោគច្រើនជាង និងទាក់ទាញវិនិយោគិនបន្តបន្ទាប់ ដូចជាការអភិវឌ្ឍលំនៅឋាន និងគម្រោង ផ្សេងៗជាច្រើនទៀត ។
សូមរំឭកថា កាលពីប៉ុន្មានថ្ងៃមុននេះលិខិតរបស់ទីស្ដីការគណរដ្ឋមន្ត្រី បានបង្ហាញពី ការដោះដូរក្រសួងមួយចំនួន ដោយក្រសួងខ្លះទៅកាន់តំបន់ជាយក្រុងហើយទុកទីស្ដីការក្រ សួងនោះ សម្រាប់បម្រើការស្ថាប័នរដ្ឋផ្សេងទៀត ដែលមានភាពចាំបាច់ក្នុងការផ្ដល់សេវាជូន ពលរដ្ឋ ។
ជាការកត់សម្គាល់ប៉ុន្មានឆ្នាំមកនេះក្រសួងមួយចំនួនបានផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី ហើយក៏ត្រូវបានមើលឃើញជំរុញឱ្យតំបន់ទីតាំងក្រសួងថ្មីនេះ មានសន្ទុះនៃការអភិវឌ្ឍន៍ផង ដែរ ដែលអាចបញ្ជាក់ពីសញ្ញាវិជ្ជមានចំពោះការផ្លាស់ប្តូរទាំងនេះ ៕
ចែករំលែកព័តមាននេះ