ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អាយុ​ខ្លី

8 ឆ្នាំ មុន

តាម​ទស្សន៍​ទាយ​មើលទៅ​ «​វប្បធម៌​សន្ទនា​»​ រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង ទំនង​មាន​អាយុ​មិន​វែង ទេ ។ បើ​វា​មាន​អាយុ​មិន​វែង​…​ប្រាកដជា​ «​អាយុ​ខ្លី​» ។ «​វប្បធម៌​សន្ទនា​» ​វា​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ឱ្យ​សង្គម​មាន​សន្តិសុខ ស្ថេ​រ​ភាព

តាម​ទស្សន៍​ទាយ​មើលទៅ​ «​វប្បធម៌​សន្ទនា​»​ រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង ទំនង​មាន​អាយុ​មិន​វែង ទេ ។ បើ​វា​មាន​អាយុ​មិន​វែង​…​ប្រាកដជា​ «​អាយុ​ខ្លី​» ។ «​វប្បធម៌​សន្ទនា​» ​វា​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ឱ្យ​សង្គម​មាន​សន្តិសុខ ស្ថេ​រ​ភាព ប្រសិនបើ​ភាគី​ទាំង​២​មានមារយាទ​ស្មោះត្រង់​នឹង​គ្នា​…​។

ប្រសិនបើ​​ «​វប្បធម៌​សន្ទនា​» ​វា​ជា​ «​កូនអុក​» ​សម្រាប់​បំរើ​ការ​ស្វែងរក​ចំណេញ​ឱ្យ​នយោបាយ មិនយូរ​មិនឆាប់​គង់​ «​អាយុ​ខ្លី​» ព្រោះ​មេ​បក្ស​ទាំង​២​ដែល​ទើប​ផ្អែមមាត់​ជាមួយ​គ្នា​…​ចាប់ផ្តើម​តិច​ៗ​ផ្លែង​សរ​ដាក់​គ្នា​ទៅ​ហើយ ។ បើ​គង់តែ ​«​អាយុ​ខ្លី​» គួរ​ទិញ​ក្តារ​មឈូស​តំកល់​ទុក​ឱ្យ​ហើយ​ទៅ​…​កុំ​ធ្វើ​ដូច​ក្របី​ផោម​ឱ្យ​ម្ចាស់​វា​ហិត ។

នយោបាយ ​«​វប្បធម៌​សន្ទនា​» ​របស់​បក្ស​ធំ​-​តូច​ទាំង​២ ប្រៀប​ដូច​ការ​ប្រយុទ្ធ​ដ៏​ស៊ីសាច់​ហុតឈាម​នៅ​សមរភូមិ​ណា មួយ​…​។ ពួក​គ «​វ៉ៃ​ផង ចរចា​ផង​» ជួនកាល​ «​វ៉ៃ​រហ័ស ដក​រហ័ស​» ដល់​មិន​ឈ្នះ មិន​ចាញ់​…​ទើប​ចរចា​ជា​ថ្មី​…​។

ទស្សនៈ​មហាជន​ប្រាប់​អា​ឡេវ​ថា​… «​វប្បធម៌​សន្ទនា​» ​មួយ​នេះ​សម្រាប់​ «​អ្នក​ឈ្នះ​ទៅ​ជា​ចាញ់​…​អ្នក​ចាញ់​ទៅ​ជា​ឈ្នះ​» ឬ​អ្នក​ឈ្នះ​កាន់តែ​ឈ្នះ​…​អ្នក​ចាញ់​កាន់តែ​ចាញ់​…​ហើយ​ទីបំផុត នយោបាយ​ «​ទឹក​ឡើង​ត្រី ស៊ី​ស្រមោច​…​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» អាច​នឹង​កើត​មាន​…​កុំ​ភ្លេច​ថា ស្រមោច​មាន​ច្រើន​ណាស់​…​ស៊ីមិន​អស់​ទេ​…​ប្រយ័ត្ន​ស្រមោច​ខាំ​វិញ​…៕

អា​ឡេវ