រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះ សកម្មភាពវិនិយោគអចលនទ្រព្យនៅក្នុង ខេត្តព្រះសីហនុ ហាក់មានសភាពស្ងាត់ជាងបណ្ដាខេត្តជាប់មាត់សមុទ្រដទៃទៀតក្នុងប្រទេស កម្ពុជា ខណៈប៉ុន្មានឆ្នាំមុននេះខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគច្រើនជាងគេ និង មានសន្ទុះខ្លាំងបន្ទាប់ពីភ្នំពេញ ។ តើកត្តាអ្វីធ្វើឱ្យសកម្មភាពវិនិយោគនៅខេត្តព្រះសីហនុមាន ការថមថយក្នុងឆ្នាំ ២០២០ ។
ជាការកត់សម្គាល់គេឃើញថា ការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុនៅក្នុងឆ្នាំ ២០២០ ហាក់មានភាពថមថយលើវិស័យអចលនទ្រព្យ បើធៀបនឹងប៉ុន្មានឆ្នាំមុន ។ បើតាមលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Advance បានមានប្រសាសន៍ថា កាលពីប៉ុន្មាន ឆ្នាំមុន ការអភិវឌ្ឍតាមខេត្តក្រៅពីភ្នំពេញ គេឃើញថា ខេត្តព្រះសីហនុ គឺមានសន្ទុះជាងគេ ទៅហើយ ហើយមកដល់ឆ្នាំ ២០២០ កន្លងទៅនេះ ការវិនិយោគលើសំណង់ គឺវាមានភាពឆ្អែត ទៅហើយ ជាក់ស្ដែងអគារដែលបានសាងសង់ពីមុនៗនោះ ក៏បានរួចរាល់ និងសម្រាប់ផ្ដល់ ជូនវិនិយោគិនបរទេស ។
លោកបន្តថា ប៉ុន្មានឆ្នាំមុនការវិនិយោគនៅក្នុងខេត្តព្រះសីហនុ គឺភាគច្រើនជាជន បរទេសក្នុងនោះវិនិយោគិនចិនមានចំនួនច្រើនជាងគេ ហើយរហូតដល់ឆ្នាំ ២០២០ ដោយ សារតែវិបត្តិកូវីដ ១៩ វិនិយោគិនបរទេសដែលចូលមកវិនិយោគក្នុងប្រទេសកម្ពុជាក៏បានថម ថយខ្លាំងព្រោះតែការហាមប្រាមមិនឱ្យធ្វើដំណើរឆ្លងដែន ពីប្រទសទៅប្រទេសមួយ ទើបក្នុង ឆ្នាំកន្លងទៅវិនិយោគចិនមកកម្ពុជាហាក់ថមថយដូចគ្នា ។
លោកបន្តទៀតថា កត្តាផ្សេងទៀតដែលជំរុញឱ្យសកម្មភាពវិនិយោគនៅក្នុងខេត្តព្រះ សីហនុហាក់ថមថយនោះ ព្រោះតម្លៃដីបានឡើងខ្ពស់បើធៀបនឹងតំបន់ជាប់សមុទ្រផ្សេងទៀត ដូចជាខេត្តកំពត និងកែប ហើយបានជំរុញឱ្យវិនិយោគិនក្នុងស្រុកត្រូវរកតំបន់ណាដែលមាន តម្លៃដីនៅទាបដើម្បីអភិវឌ្ឍន៍ ។ ជាការកត់សម្គាល់គេឃើញថាខេត្តកំពត និងកែប មានសកម្ម ភាពវិនិយោគច្រើនជាងនៅខេត្តព្រះសីហនុ ។ យ៉ាងណាមិញដោយសារតែកំពត និងកែប មានទីតាំងនៅជិតរាជធានីភ្នំពេញដែរ នោះវិនិយោគិនក៏ងាយស្រួលក្នុងការធ្វើដំណើរទៅ សិក្សាគម្រោងនិងអភិវឌ្ឍន៍ ដោយប្រើរយៈពេលមួយថ្ងៃ ក៏អាចត្រលប់ទៅភ្នំពេញវិញបាន ស្រួលផងដែរ ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ វិស័យនេះពិតជាមានបញ្ហានិងមានការធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ មិនមែន មានតែក្នុងប្រទេសកម្ពុជានោះឡើយ ដោយសារតែវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សម្រាប់ឆ្នាំ ២០២១ វិស័យនេះ រំពឹងថា នឹងអាចមានកំណើនល្អប្រសើរឡើងវិញ ដូចមុនវិបត្តិ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏ បានមានប្រសាសន៍ថា ក្រោយពេលមានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ យើងជឿជាក់ថា វិនិយោ គិននឹងចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគ ទៅតាមតំបន់ដែលមានសក្ដានុពលឡើងវិញ ហើយ ជំហានដំបូង វិនិយោគិននៃគម្រោងតូចៗនឹងចាប់ផ្ដើមមុន បន្ទាប់មកវិនិយោគិននៃគម្រោង ធំៗនឹងចាប់ផ្ដើមបន្តបន្ទាប់ តែយ៉ាងណាវិស័យនេះ អាចប្រើពេលយ៉ាងហោចណាស់ ១ឆ្នាំ ដើម្បីស្ដារដូចមុនឆ្នាំ ២០២០ ៕
ចែករំលែកព័តមាននេះ