ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នក​ជីករណ្តៅ​ដី​ដឹក​អនាធិបតេយ្យ​មិន​​ស្តាប់​ទេ គួរ​លើក​គាត់​ឱ្យធ្វើ​ចៅ​ហ្វាយ​ស្រុក​ទៅ​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ហោ ម៉េ​ង​គី និង​លោក ផាត ម្ចាស់​អាជីវកម្ម​ជីក​កាយ​ដឹក​ជញ្ជូន​អាច​ម៌​ដី​លក់​នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច…

ខេត្តព្រៃវែង ៖ លោក ហោ ម៉េ​ង​គី និង​លោក ផាត ម្ចាស់​អាជីវកម្ម​ជីក​កាយ​ដឹក​ជញ្ជូន​អាច​ម៌​ដី​លក់​នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បើ​ទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាងណា​ក៏​ដោយ ក៏​ម្ចាស់​អាជីវកម្ម​ទាំង​ពីរ​នេះ ហាក់​បី​ដូចជា​មិន​ខ្លាចញញើត និង​គោរព​អនុវត្ត​តាម​អាជ្ញាធរ​បន្តិច​សោះឡើយ​។

ដោយ​ប្រើប្រាស់​រថយន្ត​តូច​-​ធំ​ជា​ច្រើន​គ្រឿង ខ្លះ​មាន​ស្លាក​លេខ ខ្លះ​អត់​មាន​ស្លាក​លេខ សម្រុក​ដឹក​ជញ្ជូន​អាច​ម៌​ដី​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ពេលវេលា​សម្រាក​ថ្ងៃត្រង់ ហើយ​ដាក់​ហៀរ​ៗ​ទ្រុង អត់​ក្រប​វេច​ខ្ចប់​អោយ​បាន​ត្រឹមត្រូវ ថែម​ទាំង​បើកបរ​លឿន​ៗ បណ្តាល​ឱ្យ​ជ្រុះ​ធ្លាក់​អាច​ម៌​ដី​រប៉ាត់​រប៉ាយ​​ពាសពេញ​លើ​ដងផ្លូវ​កៅស៊ូ​ជាតិ​លេខ​១ ឡើង​ហុយ​ទ្រលោម​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផ្នែក​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​អាច​ប្រឈម​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទៀត​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​នេះ​ថា ត្រង់​ចំណុច​លោក ហោ ម៉េ​ង​គី និង​លោក ផាត ដណ្តើម​គ្នា​ដាក់​គ្រឿងចក្រ (​អា​អ៊ិ​ច​) ៤​ទៅ​៥​គ្រឿង ជីក​កកាយ​យក​អាច​ម៌​ដី​ដឹក​ជញ្ជូន​លក់​យូរ​ឆ្នាំ​មក​ហើយ​នេះ គឺជា​ដី​ចំណី​ទន្លេតូច និង​ដី​បឹង​ព្រៃខ្លា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មាន​ទំហំ​រាប់​សិប​ហិ​កតា​។

ចុះ​ហេតុ​អ្វី​បានជា​លោក ហោ ម៉េ​ង​គី និង​លោក ផាត មក​ធ្វើ​សកម្មភាព​ជីក​កាយ​យក​អាច​ម៌​ដី​របស់​រដ្ឋ​ដឹក​ជញ្ជូន​លក់​យ៉ាង​អនាធិបតេយ្យ​ធ្វើ​មានបាន​ផលប្រយោជន៍​បុគ្គល​ឯកជន​ទៅ​វិញ​…​?

មិនតែប៉ុណ្ណោះ ថែម​ទាំង​កាត់​ដែក​ស្លាក​សញ្ញា​ចំណាំង​របស់​ជប៉ុន​ដែល​ដាក់​បញ្ជៀ​ស​កុំឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​កោង​ប្រហែល​ប្រវែង​រាប់រយ​ម៉ែត្រ ដើម្បី​បើក​យក​ផ្លូវ​ឱ្យ​ឡាន​ដឹក​អាច​ម៌​ដី​ឡើង​ទៀត​ផង​។

ហើយ​ចំពោះ​រណ្តៅ​ដី​វិញ ជីក​មាន​ជម្រៅ​ជ្រៅ​ធំ​ៗ​ដូច​រន្ធ​បាយខុម ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​អាយុជីវិត​កូនចៅ​តូច​ៗ និង​សត្វ​គោក្របី​របស់​ពួក​គាត់​ដើរ​ធ្លាក់​រណ្តៅ​មរណៈ​នេះ ប្រាកដ​ជា​មិន​រស់​នោះ​ទេ​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រូប​លោក​ពុំ​ទាន់​បានដឹង​ទេ ចាំ​ចាត់​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​។

ចំណែក​លោក ថន់ ទ្រី ប្រធាន​ការិយាល័យ​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង បាន​បញ្ជាក់​អះអាង​ថា ការ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំង​២​នាក់​ខាងលើ គឺ​យោង​ទៅ​តាម​ដី​គាត់​មាន​ប្លង់​ទំហំ​ជាង​១០​ហិ​កតា​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ ដោយ​ច្បាប់​តម្រូវ​ឱ្យ​ជីក​ជម្រៅ​ត្រឹមតែ​៥​ម៉ែត្រ​ទេ​។

រីឯ​ការ​ដឹក​ជញ្ជូន​អត់​ក្រប​បង្ក​ការ​ប៉ះពាល់​លើ​ផ្លូវ​សាធារណៈ​នេះ លោក ភុ​ន ស​ម្ភ​ស្ស អភិ​បាល​ស្រុក​ព្រះស្តេច ក៏​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​កន្លង​មក​ថា លោក​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​ពីរ​នេះ ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ពួក​គេ​នៅ​តែ​មិន​ព្រម​ស្តាប់​សោះ ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ