រាជធានីភ្នំពេញ ៖ ដើមឈើធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា នៅមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលគ្រោងកាប់ចេញ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចមិនឱ្យកាប់ទេមានតែកែលម្អ ថែទាំ និងដាំថ្មីបន្ថែម ។

ការសម្រេចរបស់ឯកឧត្តមអភិបាលរាជធានីបែបនេះ ក្នុងពេលលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍ថា ដើមឈើទាំងបីដើមនេះ មិនត្រូវកាប់ចេញនោះទេ ដោយសារវាអាចនៅមានភាពរឹងមាំ គឺអាចកែលម្អវិញបាន ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ។ ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការអនុញ្ញាតឱ្យកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែមដើម្បីឱ្យទីក្រុងក្លាយជាទីក្រុងមានពណ៌បៃតង មាន បរិស្ថានល្អ ។

ចំណែកលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដើមឈើធំៗនៅសួនច្បារកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ ។

មកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង ឯកឧត្តមអភិបាលបានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះដាច់ខាត មានតែជួសជុល កែលម្អ ថែទាំ និងការដាំថ្មីបន្ថែមប៉ុណ្ណោះ ៕






ចែករំលែកព័តមាននេះ