ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបាននាំគ្នារអ៊ូចំពោះការលក់ដីស្រែ ឬចម្ការម្តងៗ ដោយសារតម្លៃត្រូវបានមន្ត្រីសូរិយោដីកំណត់យកមួយប្លង់៣០០ដុល្លារ ដើម្បីផ្ទេរឈ្មោះពីម្ចាស់ដើមឲ្យអ្នកលក់ ទោះបីជាគាត់មិនទាន់បានប័ណ្ណកម្មសិទ្ធិមកកាន់កាប់យ៉ាងណាក្តី ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្តាលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់បានព្រួយបារម្ភចំពោះការលក់ដីស្រែ ដោយសារគេកំណត់យកតម្លៃ ៣០០ដុល្លារ ក្នុងមួយប្លង់ដោយសេវាកាត់ឬផ្ទេរឈ្មោះទៅឲ្យអ្នកទិញទាំងមិនទាន់បានកាន់ប្លឹងរឹងមកកាន់កាប់នោះទេ ។
ប្រភពបន្តថា ពេលគាត់ទៅធ្វើប្លង់នៅពេលមន្ត្រីសូរិយោដីស្រុកធ្វើ គឺមានគេតម្រូវឲ្យបង់សេវា១កន្លែង១ម៉ឺនរៀល ក្នុងនោះមេភូមិ១ម៉ឺនរៀល កន្លែងមន្ត្រីសូរិយោដីចុះបញ្ចូលក្នុងបញ្ជី ១ម៉ឺនរៀល ដើម្បីកាត់ចុងសន្លឹក១ម៉ឺនរៀល ឬ២ម៉ឺនរៀល និងបញ្ចូលក្នុងគល់បញ្ជី១ម៉ឺនឬ២ ម៉ឺនរៀល ។

ជាមួយគ្នានោះដែរ ពលរដ្ឋក៏បានឲ្យដឹងថា ក្នុងករណីខុសឯកសារដែលមន្ត្រីសូរិយោដីកំណត់ឲ្យយកភ្ជាប់ទៅជាមួយដូចជា ខុសថ្ងៃខែកំណើត ឈ្មោះ ឬទីកន្លែងរស់នៅ ឬខុសឈ្មោះប្តី ឬប្រពន្ធ ឬឈ្មោះ ឪពុកម្តាយដែលចែកដីឲ្យក៏គេមិនធ្វើឲ្យដែរទាល់តែកែ សម្រួលឬឲ្យគេធ្វើ ឲ្យទើបគេធ្វើឲ្យបានដោយត្រូវចំណាយថវិការជាច្រើនម៉ឺនរៀលផងដែរ ។
ប្រជាពលរដ្ឋថា បច្ចុប្បន្ននេះមានអ្នកដើរគប់ជេរដី បានកំពុងតែដើរទិញដីរបស់ប្រជាពលរដ្ឋ ដោយពេលខ្លះពួកគេបានបង្អាប់ ឬបំផើមដី របស់ប្រជាពលរដ្ឋចោលក៏មានហើយ អ្នកទាំងនោះក៏បានការសហការជាមួយមន្ត្រីសូរិយោដីផងដែរ ។

ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកអំបិល ត្រូវបានលោក ចាប ពល វឌ្ឍន៍ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកស្អាង បានឲ្យដឹងថា មុននឹងការចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺមានការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងជាមុនថា មិនយកប្រាក់នោះទេ ។
លោកប្រធានបានឲ្យដឹងថា មកដល់ពេលនេះខាងសូរិយោដីបានប្រគល់ប័ណ្ណកម្មសិទ្ធ ឬប្លង់រឹងជូនប្រជាពលរដ្ឋចំនួន៤ភូមិហើយ នៅក្នុងឃុំព្រែកអំបិលក្នុងចំណោមភូមិផ្សេងៗទៀត ។ លោកថា មុននឹងប្រគល់ប្លឹងរឹងជូនប្រជាពលរដ្ឋក៏មានការបិទប្រកាសការតវ៉ាផងដែរហើយ បិទប្រកាសមិនធ្វើស្ងាត់ៗនោះទេ ។ ពេលសួរថា តើហេតុអ្វីបានជាមន្ត្រីសូរិយោដីមិនបិទប្រកាសប្រាប់ប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការមិនពេញចិត្តចំពោះការវាស់វែងមុននឹងចេញប្លង់រឹងជូនពួកគាត់ ជាក់ស្តែងនៅ ភូមិ អន្លង់ឈើខ្លាងមន្ត្រីសូរិយោដីបានបិទប្រកាសស្ងាត់ៗពេលពលរដ្ឋតវ៉ាក៏បកវិញ?
លោកចាប ពល វឌ្ឍន៍បានបញ្ជាក់ថា«ខ្ញុំអត់យល់ចំពោះចំណុចនេះ! មិនដឹងថាម៉េចដែរនេះ ខ្ញុំក្តាប់មិនបាន ដោយសារតែសុទ្ធតែមានប្រកាសត្រឹមត្រូវដោយមានឯកឧត្តមអភិបាលខេត្តកណ្តាលលោកស៊ីញ៉េប្រកាសបិទផ្សាយ មិនមែនទៅបិទស្ងាត់ៗនោះទេ ។ ហេតុអីមានករណីបិទស្ងាត់ៗ យើងចុះប្រគល់ជូនពលរដ្ឋមានការផ្សព្វផ្សាយពីវិទ្យុទូរទស្សន៍ទៀត» ។
ចំពោះករណីការធ្វើប្លង់ និងកាត់ឈ្មោះពេលលក់ដីត្រូវបានមន្ត្រីសូរិយោដីយកលុយពីប្រជាពលរដ្ឋលោក ពលវឌ្ឍន៍ ក៏បានគូសបញ្ជាក់ថា៖« មិនមានការយកលុយទេ យើងមិនឲ្យយកទេ គឺយើងធ្វើជូនប្រជាពលរដ្ឋ យើងបានធ្វើពិធីប្រកាសត្រឹមត្រូវ ។ ចំណែកការលក់ដីដោយកាត់ប្លង់មួយប្លង់យក៣០០ដុល្លារក៏យើងមិនយកដែរ គឺសេវាបង់ពន្ធជូនរដ្ឋដោយ ប្រជាពលរដ្ឋ ត្រូវបង់នៅពន្ធដា ។ ខាងខ្ញុំគ៏អត់យកអីញ្ចឹងទេ! សម្រាប់ខាងមន្ទ្រីគ្រាន់ជាអ្នកធ្វើឯកសារជូនទេ » ។
ទោះបីជាមានមន្ត្រីសូរិយោដីមួយចំនួនកំណត់យកប្រាក់ពីប្រជាពលរដ្ឋសម្រាប់កាត់ប្លង់ដីលក់ទៅឲ្យមួយអ្នកទិញដោយមួយប្លងចំនួន៣០០ដុល្លារក្តី លោក ពលវឌ្ឍន៍ បានអះអា ងថា ខាងលោកមិនធ្វើអ្វីខុសពីច្បាប់កំណត់នោះទេ ។ ដែលចំណុចនេះផ្ទុយកាពិតដែល ប្រជាពលរដ្ឋជួបប្រទះ គឺកាត់ ឬផ្ទេរឈ្មោះត្រូវបង់លុយ៣០០ដុល្លារ ជាងនេះការសុំមើលទំហំដីចំនួនប៉ុន្មានអស់១០ម៉ឺនរៀល ឬលើសពីនេះតាមទំហំដែរថែមទៀត ។ លោកបញ្ជាក់ថា៖«យើងមិនត្រូវទទួលយកការបង់លុយ ឬកំណត់ឲ្យពលរដ្ឋបង់លុយនៅយើងនោះទេ គឺគាត់ត្រូវបង់នៅខេត្តទាំងអស់» ។
បើតាមលោកប្រធានការិយាល័យបានឲ្យដឹងកំពុងតែរៀបចំចែកប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋជាបន្តបន្ទាប់តែមិនដឹងចប់ពេលណាទេ ។ បើកឱកាសឲ្យពលរដ្ឋលោកប្រធានក៏បានលើកឡើងថា បើមានមន្ត្រីសូរិយោដីណាមួយដែលកំណត់ ឬយកលុយពីប្រជាពលរដ្ឋ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់លោក ឬថ្នាក់ដឹកនាំចំពោះមន្ត្រីនោះ ដើម្បីហៅមកធ្វើការណែនាំ និងរាយការណ៍ទៅកាន់អភិបាលខេត្ត ដើម្បីធ្វើអប់រំ ។
លោកថា ករណីយកលុយនេះខ្ញុំបានប្រាប់ប្រជាពលរដ្ឋនៅពេលផ្សព្វផ្សាយរួចហើយថា ការធ្វើប្លង់មិនយកលុយនោះទេ ។
សូមជម្រាបថា ការបញ្ជាក់របស់លោកប្រធានការិយាល័យដែនដីស្រុកស្អាងនេះ ហាក់ បីដូចជា មិនត្រូវបានមន្ត្រីដែលចុះវាស់វែងធ្វើជូនប្រជាពលរដ្ឋធ្វើតាមនោះទេ ពោល គឺមន្ត្រី បានកំណត់ឲ្យពលរដ្ឋបង់លុយ ។ ជាងនេះមន្ត្រីមួយចំនួនបានប្រើសំដីមិនគួរសមចំពោះប្រជាពលរដ្ឋក៏មាន នៅពេលពលរដ្ឋមានចម្ងល់ចំណុចណាមួយពេលធ្វើប្លង់ ឬពេលវាស់វែងដី ដោយមន្ត្រីសូរិយោដីខ្លះ កុំឲ្យពលរដ្ឋសួរនាំច្រើន និងតវ៉ាច្រើនក៏មានដែរ ។
បើតាមសំដីប្រជាពលរដ្ឋបានបង្កើបឲ្យដឹងថា បច្ចុប្បន្នមានមន្ត្រីសូរិយោដីបានកំពុងរត់ការនិងឃុបឃិតជាមួយឈ្នួលរកស៊ីទិញ ដោយអ្នកខ្លះបាននិយាយទិញឲ្យអ្នកនេះ អ្នកនោះ ទាំងពលរដ្ឋមិនទាន់មានប័ណ្ណរឹងកាន់នៅដៃ ។ ពលរដ្ឋក៏បានលើកឡើងថា ដីស្រែនៅក្នុងឃុំព្រែកអំបិលត្រូវបានគេនិយាយកំពុងឲ្យតម្លៃគួរសម ដោយសារតែជាតំបន់ដែលត្រូវនឹងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ពិសេសនោះផ្លូវល្បឿនលឿនតែម្តង ។ ផ្ទុយទៅវិញអ្នកគប់ជេរ ឬឈ្នួញកណ្តាលកាក់ទុក ។
សូមបញ្ជាក់ថា នៅក្នុងឃុំព្រែកអំបិលមានភូមិមួយចំនូនត្រូវបានមន្ត្រីសូរិយោដីវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិរួចហើយ ពោល គឺអស់រយៈពេលប្រមាណ១ឆ្នាំមកហើយ ប៉ុន្តែប្រជាពលរដ្ឋនៅមិនទាន់បានទទួលបានប័ណ្ណកម្មសិទ្ធិឬប្លង់រឹងកាន់កាប់នោះទេ ៕
ចែករំលែកព័តមាននេះ