រាជធានីភ្នំពេញ ៖ អមដំណើរដោយលោក ពុធ ធាវី មេធាវីការពារក្តី និងលោកស្រីលីន ទ្បានីន មេធាវីអមបានជូនកញ្ញាឯក សុជាតា ហៅសាសា ចូលឆ្លើយបំភ្លឺជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដូចការគ្រោងទុកកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ កក្កដា លើសំណុំរឿងដែលឧកញ៉ា សុខ ប៊ុន បានប្រើអំពើហិង្សា និងប្រើអាវុធគំរាមសម្លាប់ ។
ការចូលបំភ្លឺដល់តុលាការនេះ គឺក្នុងនាមនាងជាជនរងគ្រោះប៉ុណ្ណោះលើពាក្យបណ្តឹងរបស់លោកឧកញ៉ា អ៊ុត ធី ដែលជាឪពុករបស់នាង ។ វត្តមានកញ្ញាសាសានៅសាលាដំបូងនេះ បានទាក់ទាញក្រុមអ្នកសារព័ត៌មាន និងអ្នកថតទូរទស្ស៍មកពពាក់ពពូន ដើម្បីយកព័ត៌មាន និងសម្ភាសន៍ជាមួយនាងដោយផ្ទាល់ ។
អស់រយៈពេលជាង២ម៉ោង កញ្ញា សាសា បានត្រូវលោក លាង សំណាត់ ចៅក្រមស៊ើបសួរ ធ្វើការសាកសួរនៅក្នុងបន្ទប់ការិយាល័យរបស់លោកនៅសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយពីចៅក្រមសួរចប់ កញ្ញា សាសា និងលោក-លោកស្រីមេធាវីបានចាកចេញពីសាលាដំបូងវិញ ខណៈក្រុមអ្នកសារព័ត៌មានជាតិកំពុងរង់ចាំកកកុញ ដើម្បីជួបសម្ភាសន៍ចង់ដឹងពីដំណើរការនីតិវិធី ករណីសំណុំរឿងព្រហ្មទណ្ឌក៏ក្តៅគគុកមួយនេះ ។
ក្នុងទឹកមុខញញឹម លម្អដោយវ៉ែនតាធំសមនឹងផ្ទៃមុខ កញ្ញា សាសា អមដោយមេធាវី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ពេលនេះនីតិវិធីរបស់កញ្ញា គឺក្នុងនាមជាជនរងគ្រោះបានចូលឆ្លើយបំភ្លឺជូនចៅក្រមស៊ើបសួររួចហើយ លើបណ្តឹងរបស់ឪពុកនាងដែលបានប្តឹងលោកឧកញ៉ា សុខ ប៊ុន ដែលបានប្រើអំពើហិង្សាមកលើនាងជាកូនស្រីបង្កើតឱ្យមានរបួសយ៉ាងធ្ងន់ និងគំរាមសម្លាប់ទៀតនោះ ។ ការឆ្លើយបំភ្លឺបានធ្វើទ្បើងនៅចំពោះមុខលោក និងលោកស្រីមេធាវីរបស់កញ្ញា ដែលសបញ្ជាក់ថានីតិវីធីក្នុងការសាកសួរយកចម្លើយតាមអង្គហេតុ ពោលគឺថ្ងៃកើតហេតុកញ្ញាត្រូវរងនូវអំពើហិង្សាពីសំណាក់ឧកញ៉ា សុខ ប៊ុន និងអង្គរក្ស២នាក់នោះ ជូនលោកចៅក្រមគ្រប់គ្រាន់ហើយ ។
សាសាបន្តថា ពេលឆ្លើយរៀបរាប់ដំណើររឿងតាមពាក្យបណ្តឹងរួចហើយ លោកចៅក្រមបានសួរកញ្ញាថា តើពេលនេះកញ្ញាមានសំណូមពរយ៉ាងណាខ្លះលើពាក្យបណ្តឹងនោះ ។ ចំណុចនេះ កញ្ញាញញឹម និងបានឆ្លើយភ្លាមទៅកាន់ចៅក្រមថា នាងចង់ឱ្យតុលាការចាប់ខ្លួនឧកញ៉ា សុខ ប៊ុន មកចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងសំណុំរឿងប្រើអំពើហិង្សាមកលើរូបនាង ធ្វើឱ្យរងរបួសយ៉ាងធ្ងន់ និងគំរាមសម្លាប់ ។ កញ្ញាមិនបានគិតដល់រឿងសំណងរដ្ឋប្បវេណីទេ ហើយសំណុំរឿងនេះ ឪពុកនាងជាអ្នកប្តឹង ដូច្នេះនោះជារឿងរបស់គាត់ ។
ទាក់ទិននឹងសំណងរដ្ឋប្បវេណីនោះដែរ កញ្ញាសាសា បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានសារព័ត៌មាន និងសង្គមហ្វេសប៊ុកជាច្រើនបានសរសេរនិងបង្ហោះព័ត៌មានថា កញ្ញា ឬក្រុមគ្រួសារបានទាមទារសំណងជំងឺចិត្តពីលោកឧកញ៉ា សុខ ប៊ុន ខ្លះថា១០ម៉ឺនដុល្លារ ខ្លះថា៥លានដុល្លារ ។ សាសាបានបដិសេធថា ជារឿងមិនពិតទេ មកដល់ពេលនេះនាងជាប់រវល់ព្យាបាលរបួសនៅក្រៅប្រទេស ដែលមិនទាន់បានធូរស្រាលផង នាងមិនបានគិតពីសំណងអ្វីនោះទ្បើយ ដូច្នេះនោះជាសម្តីរបស់អ្នកសារព័ត៌មាន និងសង្គមហ្វេសប៊ុកផ្សព្វផ្សាយដោយខ្លួនឯងទេ ។
កញ្ញាសាសា បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើសំណុំរឿងនេះ និងមានអនុសាសន៍ទៅកាន់ស្ថាប័នមានសមត្ថកិច្ចឱ្យជួយពន្លឿន និងចាត់ការតាមចាប់ខ្លួនឧកញ៉ា សុខ ប៊ុន ។ កញ្ញា ក៏បានថ្លែងអំណរគុណសម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចបានមានប្រតិកម្មដំបូងនៅពេលសារព័ត៌មានបានចុះផ្សាយព្រោងព្រាងតាមរូបភាពក្នុងសង្គមហ្វេសប៊ុក ដែលឧកញ៉ា សុខ ប៊ុន បានប្រើអំពើហិង្សាយ៉ាងឃោរឃៅលើកញ្ញា កាលពីយប់ថ្ងៃទី២ កក្កដា នៅហាងមួយក្នុងមជ្ឈមណ្ឌលកោះពេជ្រ ។
កញ្ញា សាសា បន្តថា ពេលនេះនាងនៅហុឹងត្រចៀកខាងស្តាំ ស្តាប់អ្វីមិនសូវបានទេ ដូច្នេះល្ងាចថ្ងៃទី១៧ កក្កដា កញ្ញាត្រូវវិលទៅព្យាបាលនៅប្រទេសថៃវិញ ឯរឿងក្តីទុកឱ្យឪពុកនាង និងមេធាវីចាត់ការតាមនីតិវិធី ។ ជាចុងក្រោយ កញ្ញានៅតែទាមទារឱ្យតុលាការចាត់ការសំណុំរឿងនេះតាមផ្លូវច្បាប់ នាងមិនព្រមដកថយទេព្រោះជាអំពើឃោរឃៅបំផុតពីសំណាក់ឧកញ៉ា សុខ ប៊ុន និងអង្គរក្សដែលបានប្រើអំពើហិង្សាវាយដំធ្វើបាបរូបនាង ថែមទាំងប្រមាថដល់អាយុជីវិតថែមទៀត ។
តាមព័ត៌មានពីលោកមេធាវី ពុធ ធាវី បានឱ្យដឹងថា នៅថ្ងៃទី១៨ កក្កដា លោកឧកញ៉ា អ៊ុត ធី ជាឪពុកកញ្ញាសាសា នឹងមកកាន់តុលាការ ដើម្បីគិតគូរពីការទាមទារសំណងរដ្ឋប្បវេណីជាមុនសិននៅក្នុងពាក្យបណ្តឹងនោះ ៕
ចែករំលែកព័តមាននេះ