ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូចេញពីផ្ទះទៅឆក់ត្រី បែរជាបាត់មិនឃើញមកផ្ទះវិញសោះ លុះប្រពន្ធបាត់យូរក៏ហៅអ្នកភូមិឲ្យជួយតាមរក បែរជាឃើញដួលផ្កាប់មុខនៅក្នុងប្រឡាយ ដោយមានស្ពាយឧបករណ៍ឆក់ត្រីជាប់នឹងខ្លួនបាត់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ចំណុចភូមិលេខ០២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស្រឿន ស្រ៊ន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងនោះរួមមាន ៖ អាគុយ ៤០អំពែ ចំនួន០១គ្រឿង, អាំងវ័កទ័រចំនួន០១គ្រឿង, ដងសម្រាប់ឆក់ ចំនួន០១គូ និងម៉ូតូចំនួន០១គ្រឿង ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សង់កូរ៉េ ធ្វើដំណើរចេញពីផ្ទះទៅរកត្រីដោយមានឧបករណ៍ឆក់ត្រី យកទៅជាមួយ។ លុះនៅថ្ងៃទី១១ មិថុនា វាលាម៉ោង១២និង០០នាទី ឈ្មោះ វ៉ាន ហៀង អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធ ដោយបាត់ប្តីយូរពេក ខុសពីធម្មតា ក៏ឆោឡោរកអ្នកជិតខាងឲ្យជួយដើររក លុះដល់វេលាម៉ោង១៣និង៣០នាទី ក៏បានរកឃើញជនរងគ្រោះដួលផ្កាប់មុខនៅក្នុងប្រឡាយ ដោយមានស្ពាយឧបករណ៍ឆក់ត្រីជាប់នឹងខ្លួន នៅចំណុចកើតហេតុខាងលើ រួចហើយក៏បានពឹងញាតិជិតខាង ជួយសែងយកជនរងគ្រោះ មកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយទទួលបានព័ត៌មានភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះដល់ផ្ទះជនរងគ្រោះ និងបានធ្វើការពិនិត្យសាកស.ពជនរងគ្រោះ ។
បើតាមការបំភ្លឺរបស់ឈ្មោះ វ៉ាន ហៀង ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែចេញទៅរកត្រី និងចាប់សត្វគីង្គគ់ ស្ទើររាល់ថ្ងៃ វេលាម៉ោង៤ទៅម៉ោង៥ជិតភ្លឺ ទើបគាត់មកដល់ផ្ទះវិញ ។ លុះនៅថ្ងៃកើតហេតុ បាត់ប្តីយូរពេកខុសពីធម្មតា ក៏ហៅអ្នកជិតខាង ទៅជួយរកដល់កន្លែង ដែលគាត់ធ្លាប់តែទៅរកត្រី ក៏ប្រទះឃើញប្តី ដួលផ្កាប់មុខបាត់ទៅហើយ ដោយមានស្ពាយឧបករណ៍ឆក់ត្រីជាប់នឹងខ្លួន ចម្ងាយ៧០០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ។
ក្រោយពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចសន្និដ្ឋានថា ស.ពពិតជាស្លា.ប់ដោយសារឆក់ចរន្តអគ្គិសនី(អាគុយ) ពិតប្រាកដមែន និងប្រគល់ស.ពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ