សៀមរាប៖ ជនសង្ស័យម្នាក់ ឆក់កាបូបភ្ញៀវទេសចរ ដែលកំពុងជិះកង់កម្សាន្ត នៅតំបន់អង្គរបានសម្រេច រួចគេចខ្លួន តែត្រូវនគរបាលក្រុងសៀមរាប សហការគ្នា ស្រាវជ្រាវចាប់បានមកវិញ។ ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យម្នាក់នោះ ឈ្មោះ ឡាច ភីរម្យ ហៅ ទីន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀ់ន។
លោកបន្តថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២ ស្ថិតនៅចំណុចខាង ជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យខាងលើ បានជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះ MARQUT GENEIEVE ភេទស្រី អាយុ ៧១ឆ្នាំជនជាតិបារាំង ដោយក្នុងកាបូប មានទូរស័ព្ទម៉ាក iPhone 6s plus ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង លុយ ១០០ដុល្លារ លុយខ្មែរ ៨ម៉ឺនរៀល និងកាត ATM ប័ណ្ណបើកបរ និងសម្ភារៈមួយ ចំនួន ខណៈពេលដែលជនរងគ្រោះជិះកង់ មកពីទស្សនា នៅតាមប្រាសាទអង្គរ ដោយដាក់កាបូប ក្នុងកន្រ្តក់កង់ខាងមុខ ពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់។ ក្រោយធ្វើសកម្មភាព ជនសង្ស័យនោះ បានជិះគេចខ្លួនបាត់។
លោកបន្តថា បន្ទាប់ពីទទួលបណ្តឹង និងសាកសួរសាក្សី នៅកន្លែងកើតហេតុរួច យើងក៏កំណត់បានកំណត់អត្តសញ្ញាណជនសង្ស័យ ដោយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ហើយនាំជនសង្ស័យមកសួរនាំ។
ក្រោយពីសួរនាំ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះដោយមានទូរស័ព្ទ និងប្រាក់ខាងលើពិតមែន។ រីឯកាបូប ត្រូវជនសង្ស័យ បានដុតបំផ្លាញបាត់អស់ហើយ។
ប៉ូលិសបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ហើយលទ្ធផលវិជ្ជមាន។ ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់តាមនីតិវិធី៕ ដោយ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ