រាជធានីភ្នំពេញ៖ ដើមឈើធំៗ មានអាយុកាលជាង ៣០០ឆ្នាំ នៅលើសួនកាណាឌីយ៉ា ផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ដោយសារពុកផុយគល់ និងទ្រេតចំនួន ៣ដើម អាជ្ញាធរភ្នំពេញគ្រោងកាប់ចេញ នៅសប្តាហ៍ក្រោយ។
ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ា ឬផ្លូវភ្លោះមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ មានអាយុកាលជាង ៣០០ឆ្នាំហើយ។ ក្នុងចំនួននេះ ដើមឈើប្រភេទដើមគ្រាប់បែក ចំនួន ៣ដើម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍ក្រោយនេះ។ មូលហេតុ ដោសារតែដើមឈើទាំង ៣ដើមនោះ ពុកគល់ ប្រហោងក្នុង បើទុកយូរទៅ អាចបង្កគ្រោះថ្នាក់។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃ០៨ មករានេះថា ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ ៥០ដើម និងមានអាយុកាល ប្រមាណជាជាង ៣០០ឆ្នាំមកហើយ។ ក្រោយពីកាប់យកចេញនូវដើមឈើពុកគល់ និងទ្រេត ៣ដើមនោះហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោក នឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ។
លោក សំ សាមុត បានឱ្យដឹងទៀតថា សម្រាប់ដើមឈើ នៅរមណីយដ្ឋានវត្តភ្នំវិញ មានប្រមាណជា ៨០០ដើម ហើយដើមឈើទាំងនេះ ភាគច្រើន មានអាយុកាលប្រមាណជាង ៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ។
គួររំលឹកថា រាជធានីភ្នំពេញ បានកសាងលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះអង្គ បានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយទៀត នៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃ ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រះអង្គ បានគង់នៅទីនោះ បានតែមួយឆ្នាំគត់ដោយសារតែមានទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់រាជធានីថ្មីមួយទៀត តាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះតែម្តង៕ ដោយ៖ ចន ណារិទ្ធ






ចែករំលែកព័តមាននេះ