ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាដឹកជញ្ជូន និងចែកចាយ​ថ្នាំញៀន នៅកំពង់ធំ ១ជើង ២០០-៣០០ដុល្លារ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ត្រី គង់ ឈុនលី នាយករិយាល័យប្រឆាំងគ្រឿង​ញៀន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី០៧ ខែមករាថា…

ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ត្រី គង់ ឈុនលី នាយករិយាល័យប្រឆាំងគ្រឿង​ញៀន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី០៧ ខែមករាថា ​កងកម្លាំងប៉េអឹមខេត្តកំពង់ធំ បានបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនមួយករណី កាលពីវេលាម៉ោង ១៧:១០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

ជាលទ្ធផល កម្លាំងប៉េអឹមឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ទី១.ឈ្មោះ មឿត មាន ហៅ ម៉ៅ មាន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិក្អឹន ឃុំចំណាលើ ស្រុកស្ទោង និងទី២.ឈ្មោះ ឡាច លាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង រួមជាមួយនឹងវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស (ប្រភេទម៉ាទឹកកក) ចំនួន ៥៩កញ្ចប់ ស្មើនឹងទម្ងន់ ២,៧៥គីឡូក្រាម ម៉ាស៊ីនសម្រាប់អ៊ុតថង់ច្រកថ្នាំញៀនចំនួន ០៤ ជញ្ជីងថ្លឹងថ្នាំញៀន ០១ ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូម៉ាកឃ្លិចពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1.IQ-7499 មួយគ្រឿង។

​លោកនាយការិយាល័យ បន្ត​ថា ដោយមានបទបញ្ជាឲ្យធ្វើការស្រាវ​ជ្រាវតាមចាប់មេក្លោងដែលនៅពីក្រោយខ្នង ទើបត្រូវអូសបន្លាយ​ពេលវេលា រហូតមកដល់ថ្ងៃទី០៦ ខែមករា ទើបតុលាការសម្រេចបញ្ជូនជនជាប់ចោទទាំងពីរ​នាក់ខាងលើ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា​ ពួកគេមិនដែលស្គាល់មុខ​មេរបស់គេដែលផ្ញើថ្នាំញៀនទាំងអស់នោះ ឲ្យពួកគេចែកចាយនោះទេ។ គេស្គាល់តែតាមទូរស័ព្ទ នៅពេលដែលមេគេផ្ញើ​ថ្នាំញៀន មក​ដល់ពេលណា ឲ្យពួកគេទាំងពីរនាក់ ទៅទទួលយកមកថ្លឹង រួចវិចខ្ចប់អ៊ុតឲ្យស្អាត រួចហើយជិះម៉ូតូ យកទៅទម្លាក់ទុកចោល នៅតាមទីកន្លែង ដែលគេណាត់​ទុកឲ្យ នឹងមានមនុស្ស មកយកបន្ត។ ចំណែកឯតម្លៃប៉ុន្មានៗវិញនោះ ពួកគេ ក៏មិនបានដឹងដែរ។ រីឯសេវា នៅពេលណា លក់បាន មេវេរលុយឲ្យពួកគេចាយម្តងៗ ចាប់ពី២០០ ទៅ ៣០០ដុល្លារ​តែប៉ុណ្ណោះ៕ ដោយ៖ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ