រាជធានីភ្នំពេញ ៖ ដើម្បីកុំឲ្យភាន់ច្រឡំ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បកស្រាយអំពីរឿងក្មួយស្រីដែលអះអាងថា ជាបងប្អូនជីដូនមួយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូនៅយប់ថ្ងៃទី៣១ ខែកក្កដា ២០២៥នេះថា ៖ «តាមពិតខ្ញុំមិនចង់ប្រើប្រាស់ផេកផ្លូវការ និងពេលវេលាប្រទេសជាតិកំពុងជួបការលំបាក បកស្រាយរឿងនេះទេ ប៉ុន្តែប្រសិនមិនបកស្រាយ នឹងអាចមានការភាន់ច្រឡំកើតឡើង ។ ក្មួយស្រី ដែលនិយាយក្នុងវីដេអូនេះ បាននិយាយថា ជាបងប្អូនជីដូនមួយរបស់ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសខ្ញុំ និងភរិយា ។ ម៉ាណែតជាចៅទី៦ ខាងឪពុកម្តាយខ្ញុំ និងជាចៅទី៤ ខាងឪពុកម្តាយក្មេកខ្ញុំ ។ ទោះម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី តែម៉ាណែតគោរពឋានានុក្រមក្នុងចំណោមបងប្អូនជីដូនមួយរបស់គេបានល្អណាស់។ ការលើកឡើងរបស់ក្មួយស្រី មិនមែនគ្រាន់តែប៉ះពាល់ដល់ម៉ាណែតទេ តែវាជាប៉ះពាល់ដល់ខ្ញុំ និងភរិយា ដែលបោះបង់ចោលក្មួយបង្កើត ដែលពេលនេះ ក្មួយបង្កើតស្ទើរទាំងអស់ កំពុងហៅខ្ញុំ និងភរិយាថា ពុក និងម៉ែ។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺបះពាល់ដល់កិត្តិយសរបស់ឪពុកម្តាយក្មេកខ្ញុំ ដែលពួកគាត់ប្តីមួយប្រពន្ធមួយតែពេល ដែលក្មួយនិយាយ គឺសំដៅថា ឪពុកក្មេកខ្ញុំមានប្រពន្ធពីរប្រពន្ធមួយជាម្តាយភរិយាខ្ញុំ និងប្រពន្ធមួយទៀតជាម្តាយរបស់ក្មួយស្រី ។ សូមក្មួយបញ្ឈប់ជាបន្ទាន់ នូវការនិយាយបែបនេះបន្តទៀត» ៕
ចែករំលែកព័តមាននេះ