ខេត្តតាកែវ៖ប្រាសាទភ្នំជីសូរ្យ ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ អំឡុងឆ្នាំ១០១០ដល់១០១២នៃគ.ស។ ប្រាសាទនេះ កសាងដោយព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ ឧទ្ទិសថ្វាយព្រះសិវៈ ព្រាហ្មណ៍សាសនា ។
ប្រាសាទភ្នំជីសូរ្យ ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅជាប់មិនឆ្ងាយប៉ុន្មានពីផ្លូវជាតិជាតិលេខ២ ។

តាមរយៈសិលាចារឹក បញ្ជាក់ពីឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ«សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថាជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ។ បើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពីការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឬជីសូរ នាឆ្នាំ១០១៨ នៃគ.ស រីឯសិលាចារឹកនៅអង្គរវិញគេបានហៅភ្នំជីសូរ្យថា «ស្រីសូរ្យគិរី» (ដែលគិរីក៏មានន័យថាភ្នំ) ។
ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានខ្លោងទ្វារធំពីរនៅខាងលិច និងខាងកើត ។ នៅចំកណ្តាលបរិវេណគឺប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប ។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច ។

លុះសម័យក្រោយអង្គរ ភ្នំជីសូរ្យក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការៈ ប្រជាជននិយមហៅថា ព្រះវិហារក្នុង ។
នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះមួយភាគធំបានខូចខាត ដោយការទម្លាក់គ្រាប់ ក្នុងអំឡុងសង្គ្រាម នាដើមទសវត្សរ៍១៩៧០ ។

មហាប្រាសាទភ្នំជីសូរ្យ បានកសាងតាមប្លង់រៀបជាអ័ក្សបណ្តោយពីលិចទៅកើត រត់តគ្នារវាងក្រុមកណ្តាលដែលនៅលើកំពូលភ្នំ ចុះមក «ប្រាសាទសែនត្មុល» (សែនធ្មុល) ដែលពាក្យត្មុលក្នុងភាសាបាលីមានន័យថា «គោ» ដែលសំដៅលើគោនន្ទី ដែលជាយានជំនិះរបស់ព្រះឥសូរ ហើយចម្លាក់តម្កល់នៅក្នុងប្រាសាទនេះ ។
ទៅមុខទៀតនឹងទៅដល់ «ប្រាសាទសែនរវាំង» (សែនភូវាំង) ដែលទាំងប្រាសាទសែនត្មុល និងប្រាសាទសែនរវាំង មានរាងជាកាកបាទ បង្ហួសទៅមុខនឹងទៅដល់ទន្លេអុំ (ទន្លេឱម) ដែលជាបារាយណ៍នាបុរាណកាល សម្រាប់ប្រើប្រាស់ និងប្រារព្ធពិធីសាសនា ។
ប្រាសាទសែនរវាំង មានរឿងព្រេងនិទានថា មានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើតភ្នំជីសូរ្យនៅជិតទន្លេមួយឈ្មោះថា«ទន្លេឱម»។ រាជនិវេសន៍នោះឈ្មោះថា «សែនរវាំង ឬសែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ ។

កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថាពិធីចម្រើន ព្រះកេស ព្រះរាជឱរស ។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យ សំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជឱរសនោះ ។ ប៉ុន្តែគេបានចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី ។ គ្រានោះដែរមជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស និងព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះ ហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅ៖
ពរទី១ «ខ្លាំងដូចស្រមោច» គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង ។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង ។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោច ហើយប្រឡាក់ទឹកឃ្មុំនោះ គេឃើញស្រមោចមួយពាំទៅបាត់ ។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច ។
ពរទី២«ពូកែដូចខ្មោច» គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់ ? គេថា មិនមាននរណាហ៊ានទៅជីកយកទេ ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ ។

ពរទី៣«ចិត្តមុតដូចស្រី» គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្ត្រីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស ។ ចំណែកឯប្តីវិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្ត្រីភាពមានចិត្តមុតមែន ។
នៅពេលដែលទទួលជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង បានយល់ព្រម ហើយក៏គាំទ្រ និងលើកតម្កើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់បុត្រទ្រង់ទៀតផង ។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ្យ គឺប្រាសាទភ្នំជីសូរ្យនេះឯង ទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅ ព្រមទាំងធ្វើជាបូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ ៕

ចែករំលែកព័តមាននេះ