ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតបដិសេធ៖ ឃាតក ដែល​បាញ់​សម្លាប់មន្ត្រីនគរបាល មិន​មែន​ជាយោធិនទ័ពពិសេសទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បញ្ជាការដ្ឋាន​ទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតក ដែលបានបាញ់សម្លាប់​មន្ត្រីនគរបាល…

ភ្នំពេញ៖ បញ្ជាការដ្ឋាន​ទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតក ដែលបានបាញ់សម្លាប់​មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់​គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែន​ជាយោធិន នៅក្នុងបញ្ជាការដ្ឋាន​ទ័ពសេស ដែលជាអតីត​កងពលតូចទ័ពពិសេសឆត្រយោង ៩១១ នោះទេ​។

ក្នុងលិខិត បញ្ជាការដ្ឋានកងទ័ពពិសេស បានព្រមានថា «បើសិនជា​នៅតែមានម្ចាស់ Facebook ណា បន្ត​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើ​ឲ្យប៉ះពាល់​ដល់កិត្តិយសរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង​បញ្ជាការដ្ឋាន​ទ័ពពិសេស សូមប្តឹង​ដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook​ នោះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន»។

លិខិត​បដិសេធរបស់បញ្ជាការដ្ឋាន​កងទ័ពពិសេស​ដូច្នេះ បានធ្វើឡើង បន្ទាប់ពីមានបណ្តាញសង្គម Facebook មួយចំនួន បានស៊ែរបន្តគ្នាថា ជនល្មើស ដែលកំពុងរត់ពូន​ក្នុងព្រៃ នៅខេត្តមណ្ឌលគិរី ដែលបានបាញ់សម្លាប់​មន្ត្រី​នគរបាល ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ គឺជាយោធិនរបស់បញ្ជាការដ្ឋានកងទ័ពពិសេស​ និងមានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី​។

ការផ្សព្វផ្សាយដូច្នេះ ត្រូវបានបញ្ជាការដ្ឋានកងទ័ពពិសេស ចាត់ទុកថា ធ្វើ​ឲ្យប៉ះពាល់​ដល់កិត្តិយសអង្គភាពកងទ័ពពិសេស។ ហេតុនេះ បញ្ជាការដ្ឋានកងទ័ពពិសេស សូម​ឲ្យ​ម្ចាស់ Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងិវញ ហើយរង់ចាំ​សមត្ថកិច្ចជំនាញ ស្រាវជ្រាវ​ចាប់ជនល្មើស​យកមកផ្តន្ទាទោស​ទៅតាមច្បាប់។

​សូមរម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ នេះ​ កម្លាំង​សមត្ថកិច្ចចម្រុះ​ ​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​​ពិនិត្យ​ និង​ស្រាវជ្រាវ​ផ្ទះ​​លេខ​B9 ផ្លូវ​បេតុង​បុរី​ ទឹម សា​ខន ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ផ្ទះនោះ ត្រូវបានគេអះអាងថា ជាផ្ទះរបស់​ជនដៃដល់ បន្ទាប់ពីបក្ខពួកម្នាក់ ត្រូបានចាប់ខ្លួន នៅខេត្តបាត់ដំបង​។ រីឯ​ប្រពន្ធ និងកូនបុរសសង្ស័យ ជាឃាតក ត្រូវបានប៉ូលិស​ ឃាត់ខ្លួន នៅខេត្តមណ្ឌលគិរី​។ ចំណែក​បុរសសង្ស័យ បានរត់ចូលព្រៃបាត់៕