​រមណីយដ្ឋានឋានសួគ៌បូកគោនិងទឹក​ឈូ ទទួលបានភ្ញៀវ​ទេស​ចរ​ច្រើន​ជាង​គេ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​រមណីយដ្ឋានឋានសួគ៌បូកគោនិងទឹក​ឈូ ទទួលបានភ្ញៀវ​ទេស​ចរ​ច្រើន​ជាង​គេ​

1 ខែ មុន
  • Kampot

ខេត្តកំពត​ ៖ ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឱ្យដឹ​ងថា​​ ចំពោះ​ដំណើរ​កម្សាន្ត​​នៅក្នុងថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​គឺទទួលបាន​​ភ្ញៀវ​ទេសចររយៈ​ពេល​៤​ថ្ងៃ​ក្នុង​ខេត្តកំពត​ គិតចាប់តាំងពី​ថ្ងៃ​ទី​៣១​ ធ្នូ ​មក​ដល់​ថ្ងៃ​ទី​៤​ មករា ឆ្នាំ​២០២១ នេះ…

ខេត្តកំពត​ ៖ ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឱ្យដឹ​ងថា​​ ចំពោះ​ដំណើរ​កម្សាន្ត​​នៅក្នុងថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​គឺទទួលបាន​​ភ្ញៀវ​ទេសចររយៈ​ពេល​៤​ថ្ងៃ​ក្នុង​ខេត្តកំពត​ គិតចាប់តាំងពី​ថ្ងៃ​ទី​៣១​ ធ្នូ ​មក​ដល់​ថ្ងៃ​ទី​៤​ មករា ឆ្នាំ​២០២១ នេះ គឺមាន​ចំនួន​សរុប១៥២,១១៩​នាក់ ក្នុង​នោះ​ ភ្ញៀវ​ទេសចរ​ជាតិមាន​​ចំនួន​១៥១,២៩៥​នាក់ និង​អន្តរជាតិ​៨២៤​នាក់ ។ នៅ​តំបន់​រមណី​យដ្ឋាន​​​មាន​២៥​កន្លែង ហើយ​កន្លែង​ដែល​ភ្ញៀវ​ទៅ​លេង​កំសាន្ត​ច្រើន​ជាង​គេ​គឺ​ តំបន់​រមណី​ដ្ឋា​នឋានសួគ៌​បូកគោ និង​តំបន់​រមណី​ឋាន​ទឹកឈូ​។

លោក​សយ ស៊ី​ណុ​ល ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ថា​ កន្លែង​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​ ផ្ទះសំណាក់ គឺ​ភ្ញៀវ​ស្នាក់​នៅ​គ្រប់​ទាំងអស់​មាន​ភ្ញៀវ​ខ្លះ​ ដែល​មាន​បងប្អូន​នៅ​ក្នុង​ក្រុង ​ឬ​ជាយក្រុង​ក៏​បាន​ស្នាក់​នៅផ្ទះ​បងប្អូន​ ។ ចំពោះ​សេវាកម្ម​ថ្លៃ​ម្ហូបអាហារ អាជ្ញា​​ធរ​ និង​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់​ព​ន្ធ័​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់​ម្ហូប​អា​ហារ​និង​ម្ចាស់ផ្ទះ​សំណាក់​ មិន​ឲ្យ​យក​តម្លៃ​សេវា​ទាំង​ការ​ស្នាក់​នៅ​ក៏​ដូច​ជា​ការ​ហូប​ចុក​ថ្លៃ​ហួសហេតុ​តាម​អំពើ​ចិត្ត​នោះ​ឡើយ​។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​បញ្ហា​អនុវត្ត​វិធាន​អនាម័យ​ការពារ​ជំងឺ​ឆ្លង ​មន្ទីរ​បាន​ចាត់​មន្ត្រី​ជា​ក្រុម​សំរាប់​ចុះ​ទៅ​រៀបចំ​អនាម័យ​នៅ​តាម​កន្លែង​ដែល​ភ្ញៀវ​ទៅ​លេង​កំសាន្ត មាន​ដាក់​អាល់កុល​បាញ់ ជែ​ល​លាងដៃ ឲ្យ​ពាក់​ម៉ាស់​និង​ណែនាំ​ឲ្យ​អង្គុយ​គម្លាត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ផង​ដែរ​។

ចំពោះ​បញ្ហា​បាតុភាព​រឿង​តម្លៃ​សេវាកម្ម​ម្ហូបអាហារ​ និង​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​រយៈ​ពេល​៤​យប់​៤​ថ្ងៃនេះ គេ​ពុំ​ឃើញ​មាន​បាតុភាព​អ្វី​គួរ​ឲ្យ​កត់សំគាល់​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយ​លោក​អភិបាលខេត្ត​បាន​សហការ​ និង​ចង្អុល​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ឲ្យ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ទាំងអស់​ឲ្យ​មានការ​យល់​ដឹង​ពី​សេវាកម្ម​របស់​ខ្លួន​និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ឲ្យ​បាន​ល្អ​សំរាប់​កិត្តិយស​ដល់​ខេត្តកំពត​យើង ។

រីឯ​ផ្នែក​ចរាចរ​សណ្តាប់ធ្នាប់រយៈ​ពេល​៤​យប់​៤​ថ្ងៃនេះ​ ទោះបី​ភ្ញៀវ​សម្រុក​មក​លេង​កំសាន្ត​ក្នុង​ខេត្តកំពត​ដ៏​ច្រើន​គួរ​ឲ្យ​កត់សំគាល់​យ៉ាងនេះ​ក្តី​ បញ្ហា​ចរាចរ​សណ្តាប់ធ្នាប់​គេ​ឃើញ​កងកំលាំង​នគរបាល​ និង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ក្រុង​បាន​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើរតែ​គ្មាន​ពេល​សំរាក​ទទួលទាន​អាហារ​គឺ​ចាប់តាំងពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១១​យប់​មិន​ទាន់​បាន​ទូលាយ​តាម​ផ្លូវ​បើកបរ​នានា​នៅ​ក្នុង​ក្រុង​និង​នៅ​តាម​ដងផ្លូវ​ជាតិ​ផង​។

ប៉ុន្តែ​ទោះបីជា​យានយន្ត​គ្រប់​ប្រភេទ​ជា​មធ្យោបាយ​របស់​ភ្ញៀវ​ចូល​មក​ច្រើន​យ៉ាង​សន្ធឹកសន្ធាប់​យ៉ាងនេះ​ក្តី​បញ្ហា​ការ​គ្រប់គ្រង​ចរាចរ​សណ្តាប់​របស់​កងកំលាំង​ទាំង​ពីរ​របស់​ខេត្ត​និង​ក្រុង​គ្រប់គ្រង​បាន​ល្អ​ដោយ​គ្មាន​ជួប​ហេតុ​ការ​អ្វី​ធំដុំ​គួរ​ឲ្យ​កត់សំគាល់​ឡើយ​៕ ​