ខេត្តមណ្ឌលគីរី ៖ បើតាមសេចក្តីរាយការណ៍ បានអោយដឹងជាបឋមថា ចាប់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី៤ មករា ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចមកពីរាជធានីភ្នំពេញ កំពុងតាមប្រមាញ់ចាប់ជនដៃដល់នៅព្រៃមួយកន្លែង ករណីបាញ់សម្លាប់ មន្ត្រីប៉ូលិសម្នាក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។
សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានប្រចាំខេត្តមណ្ឌលគីរី បានបន្តថា បើតាមសមត្ថកិច្ច បានបញ្ជាក់នៅវេលាម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី០៤ មករានេះថា ជនដៃដល់បានបើករថយន្តធ្វើដំណើរតាមដងផ្លូវខេត្តស្ទឹងត្រែង រតនគីរី ហើយចូលមកដល់ខេត្តមណ្ឌលគីរី តាំងពីវេលាម៉ោងប្រមាណជា៨យប់ ហើយជាប់បារ៉ាស់ ត្រឹមស្រុកកោះញែក ជនសង្ស័យបានបើករថយន្ត បំបុកបារ៉ាស់សមត្ថកិច្ច រត់គេចចូលព្រៃ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាក់ផងដែរថា រហូតមកដល់ពេល កម្លាំងចម្រុះកំពុងធ្វើការឡោមព័ទ្ធព្រៃនៅស្រុកកោះញែក ស្រាវជ្រាវនិងឆែកឆេរគ្រប់តំបន់ដែលសង្ស័យ យ៉ាងណាជនល្មើសមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ។
សូមជម្រាបថា បក្សពួកខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោម០២នាក់ ដែលបានបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់យ៉ាងឃោរឃៅ កាលពីសប្ដាហ៍មុននៅរាជធានីភ្នំពេញ ពេលនេះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្ត សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣ និង២២រសៀល ថ្ងៃទី០៣ មករា ខណៈដែលជននេះកំពុងសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្បែរផ្នូរខ្មោច ដែលស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។
ព័ត៌មានលម្អិត កោះសន្តិភាពនឹងផ្សាយជូនជាបន្តបបន្ទាប់..។
ចែករំលែកព័តមាននេះ