រាជធានីភ្នំពេញ ៖ ផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រីនៅតាមដងទន្លេសាប ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បច្ចុប្បន្នកំពុងតែរីកដូចផ្សិតនៅលើផ្ទៃទឹក គឺកាន់តែរីកធំឡើងយ៉ាងអនាធិបតេយ្យ។

មហាជនរិះគន់ថា ស្ថានភាពបែបនេះបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាននិងសោភ័ណភាពរាជធានីភ្នំពេញយ៉ាងខ្លាំង ខណៈនៅឯខេត្តកំពង់ឆ្នាំង ផ្ទះបណ្តែតទឹកទាំងឡាយត្រូវបានអាជ្ញាធរខេត្តប្រមូលឡើងគោកអស់ហើយ ដោយប្រើពេលរាប់ឆ្នាំទម្រាំទទួលបានជោគជ័យ ។
តាមព័ត៌មានឱ្យដឹងថា ផ្ទះទឹកនិងបែចិញ្ចឹមត្រីទាំងនោះ ខ្លះបានចល័តមកពីខេត្តកំពង់នាំងនៅពេលថ្មីៗនេះ ជំនាន់អភិបាលរាជធានីមុនៗដោយសារខេត្តមិនឱ្យរស់នៅតទៅទៀត ។ ខណៈដែលអាជ្ញាធរខណ្ឌមិនបានយកចិត្តទុកដាក់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដែលអ្នកខ្លះនិយាយថា ដេញពីខេត្តកំពង់ឆ្នាំងមកបន្តរស់នៅឯរាជធានីភ្នំពេញវិញយ៉ាងសុខសាន្ត ។

ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ត្រូវបានគេដឹងថា សម្បូរទៅដោយផ្ទះទឹកនិងបែចិញ្ចឹមត្រី
យ៉ាងអនាធិបតេយ្យច្រើនជាងគេបំផុតនៅក្នុងរាជធានីភ្នំពេញ ។ បើយើងធ្វើដំណើរឡើងស្ពានព្រែកព្នៅ ហើយក្រឡេកមើលទៅទិសខាងជើង តាមបណ្តោយដងទន្លេសាបនៅច្រាំងទន្លេផ្នែកខាងលិច គេឃើញសុទ្ធតែបែចិញ្ចឹមត្រីនិងផ្ទះទឹកយ៉ាងអនាធិតេយ្យ នៅត្រៀបត្រាលើផ្ទៃទឹក ព្រមទាំងសំណង់អនាធិបតេយ្យនៅច្រាំងទន្លេផងដែរ ។

មានព័ត៌មានឱ្យដឹងថា ភូមិចំនួន៤គី ភូមិកណ្តាល ភូមិផ្សារលិច ភូមិពោធិ៍មង្គល និងភូមិ
ឌួង សង្កាត់ព្រែកព្នៅ គ្របដណ្តប់ទៅដោយសំណង់អនាធិបតេយ្យនៅតាមច្រាំងទន្លេ និងផ្ទះបណ្តែតទឹកលាយឡំគ្នា ព្រមទាំងបែចិញ្ចឹមត្រីនៅក្នុងទន្លេ ដែលមិនតិចជាងពាន់ខ្នងនោះទេ ។ ក្រៅពីនោះ មួយផ្នែកនៃសង្កាត់សំរោងខណ្ឌព្រែកព្នៅ ក៏សម្បូរទៅដោយផ្ទះទឹកនិងបែចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យដែរ ។ តែប៉ុណ្ណេះហើយ មិនដឹងឆ្នាំចែត្រណាអាចបណ្តេញចេញបានឡើយ ។

អ្នករស់នៅតាមមាត់ច្រាំងទន្លេ បានប្រាប់កោះសន្តិភាពថា ផ្ទះទឹកនិងបែចិញ្ចឹមត្រីទាំងនោះ ភាគច្រើនជាផ្ទះជនជាតិវៀតណាម ដែលបានមកតាំងទីលំនៅលើផ្ទៃទឹកប្រកបមុខរបរចិញ្ចឹមត្រី។អ្នកខ្លះរស់នៅតាំងពីកំឡុងឆ្នាំ១៩៨០ និងខ្លះទៀតទើបតែមករស់នៅនាពេលថ្មីៗនេះ ។

បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបណ្តេញផ្ទះទឹកឱ្យឡើងគោក គេឃើញផ្ទះទឹកនិងបែចិញ្ចឹមត្រីមួយចំនួនបានផ្លាស់ទីមករស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកព្នៅនេះ និងខ្លះទៀតបានទៅនៅផ្នែកខាងកើតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ។ប្រជាពលរដ្ឋបានឱ្យដឹងថា ដោយសារតែអាជ្ញាធរមានភាពធូររលុង បានជាផ្ទះទឹកចេះតែ រីកដូចផ្សិតបែបនេះ ។

ក្នុងការរស់នៅលើផ្ទះទឹក ជនជាតិវៀតណាមទាំងនោះ បោកគក់ខោអាវ បន្ទោបង់ និងបោះកាកសំណល់ចូលក្នុងទន្លេ ជាហេតុបង្កឱ្យប៉ះពាល់ដល់បរិស្ថាននិងសោភ័ណភាពរាជធានីភ្នំពេញយ៉ាងខ្លាំង ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ផ្ទះទឹកនិងបែចិញ្ចឹមត្រីទាំងនោះមានចំនួនប៉ុន្មានពិតប្រាកដឡើយ ព្រោះចេះតែកើនឡើងស្រេចនឹងចិត្ត ។
ទាក់ទិននឹងផ្ទះទឹកនិងបែចិញ្ចឹមត្រីនេះលោក ពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ ថ្លែងថា លោកក្តាប់អត់បានពីចំនួនផ្ទះទឹកនិងបែចិញ្ចឹមត្រីទាំងនោះទេ ។ ការថ្លែងបែបនេះ គេពុំដឹងថា លោកចៅសង្កាត់រូបនោះគាត់មិនចង់ឱ្យដឹង ឬក៏គាត់ធ្វើជាមិនដឹង ?

បើតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបានចុះទៅស្រង់ស្ថិតិប្រជាពល
រដ្ឋរស់នៅលើផ្ទៃទឹកនិងបែចិញ្ចឹមត្រីតាមដងទន្លេសាប កាលពីកំឡុងខែសីហា ឆ្នាំ២០១៩ កន្លងទៅ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មាន២សង្កាត់ដែលមានអ្នករស់នៅលើទឹក និងបែចិញ្ចឹមត្រីតាមដងទន្លេ គីសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ។

តាមរបាយការណ៍ឱ្យដឹងទៀតថា ក្នុងសង្កាត់ទាំង២នេះមានផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រីសរុបចំនួន២៩២បែនិងផ្ទះ ដោយមានប្រជាពលរដ្ឋចំនួន៣១៦គ្រួសាររស់នៅ បើគិតជាមនុស្សរាយមានចំនួន១៥៣១នាក់ ក្នុងនោះ សង្កាត់ព្រែកព្នៅមានចំនួន២៥៩បែនិងផ្ទះ និងសង្កាត់សំរោងចំនួន៣៣បែនិងផ្ទះ ។

ទោះបីជាយ៉ាងណា នេះជាស្ថិតិដែលបានស្រង់កាលពីខែសីហា ឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ផ្ទះទឹកនិងបែចិញ្ចឹមត្រីទាំងនេះត្រូវគេដឹងថា បានចល័តនិងរំកិលខ្លួនមកពីខេត្តកំពង់ឆ្នាំងរាប់មិនអស់ និងខ្លះទៀតកំពុងបន្តសាងសង់ហើយរីកដូចផ្សិត ខ្លះថារាប់រយ ខ្លះទៀតថារាប់ពាន់ ។
ជុំវិញភាពអនាធិបតេយ្យលើផ្ទៃទឹកនេះ គេពុំទាន់ដឹងថា អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការយ៉ាងណានោះទេ ? រឿងធ្វើមិនដឹងគឺងាយស្រួល…តែរឿងដេញប្រាកដជាយ៉ាប់មែនទែនហើយលោកម្ចាស់ ។

គួរបញ្ជាក់ថា ផ្ទះទឹកនិងបែចិញ្ចឹមត្រីរបស់និគមជនជាតិវៀតណាមនិងខ្មែរទាំងនោះ បាននិងកំពុងរីកដុះដាល ដែលមិនថាតែខណ្ឌព្រែកព្នៅទេ នៅខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វាក៏មានដែរ តែតិចជាងខណ្ឌព្រែកព្នៅ ហើយ កំពុងតែបំផ្លាញបរិស្ថាននៅក្នុងទន្លេ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ ។
មានមតិខ្លះទៀតថា ប្រសិនបើផ្ទះទឹកនិងបែត្រីទៅបណ្តែតខ្លួននៅជិតរោងចក្រផលិតទឹកស្អាត សម្រាប់រាជធានីភ្នំពេញទៀត ប្រាកដជាត្រូវប៉ាន់ខ្លាំងណាស់អ្នកប្រើទឹករបស់រដ្ឋាករ ៕


ចែករំលែកព័តមាននេះ