ខេត្តសៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីសុខាភិបាលខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលខេត្ត និងសមត្ថកិច្ចព្រមទាំងអ្នកគ្រប់គ្រងផ្សាររាត្រីអង្គរឃ្យុងយូ ចុះចែកម៉ាស់ជូនភ្ញៀវជាតិ និងអន្តរជាតិជាង៤០០០ម៉ាស់ ក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃឆ្លងឆ្នាំសកលទី១-ទី២ ដែលចូលមកកម្សាន្តនៅក្នុងផ្សាររាត្រីអង្គរឃ្យុងយូ យ៉ាងច្រើនកុះករផងដែរ។
បើតាមរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ដែលបានចូលមកកម្សាន្ត នាំគ្នាទិញអីវ៉ាន់ក្នុងផ្សាររាត្រីអង្គរឃ្យុងយូបានរៀបរាប់ប្រាប់ថា ពួកគាត់ធ្លាប់មកពីមុនមានមនុស្សជាងនេះ ហើយសប្បាយមិនមានការភ័យខ្លាចអ្វីទេ មកក្នុងយប់នេះមានការរៀបចំសណ្តាប់ធ្នាប់ និងការពារ ព្រមទាំងចែកម៉ាស់ និងបាញ់អាល់កុល ឬជែល ជូនដល់ភ្ញៀវ គ្រប់ជាតិសាសន៍ ដោយមានការនែនាំពីក្រសួងសុខាភិបាល ក៏ដូចជាការនែនាំពីសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីឱ្យបងប្អូនយើងទាំងអស់ ដែលចូលមកកម្សាន្តនៅទីនេះ ចេះរក្សាការពារដោយខ្លួនឯង កុំឱ្យមានការឆ្លងកូវីដ-១៩ ចូលទៅសហគមន៍របស់ខ្លួន។
ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលមកពីខេត្តកំពង់ឆ្នាំងបានរៀបរាប់ប្រហាក់គ្នានឹងខេត្តកំពង់ស្ពឺ ខុសត្រង់ពួកគាត់មុនមកដល់ផ្សាររាត្រី អង្គរឃ្យុងយូគឺ គាត់បានឡើងទៅអុជធូបនៅលើខ្នងភ្នំគូលែន ក៏មានមន្ត្រីសុខាភិបាល និងសមត្ថកិច្ចបានចែកម៉ាស់ និងឱ្យបាញ់អាល់កុល ឬជែល មុនចូលទៅអុជធូបនៅកន្លែងព្រះអង្គរធំផងដែរ។ បន្ទាប់ពីអុជធូបរួច ពួកខ្ញុំក៏បាននាំគ្នាមកចុះងូតទឹកលេង នៅកន្លែងទឹកធ្លាក់ ពុំសូវមានភ្ញៀវច្រើនដូចឆ្នាំមុនៗទេ ព្រោះអ្នកខ្លះខ្លាចឆ្លងកូវីដ-១៩។
រីឯមន្ត្រីរបស់រដ្ឋបាលសាលាខេត្តបានប្រាប់នៅកន្លែងចែកម៉ាស់ និងបាញ់អាកុល់ ឬជែល មុខបរិវេណផ្សាររាត្រីអង្គរឃ្យុងយូថា ថ្ងៃឆ្លងឆ្នាំទី១ ក្រុមការងាររបស់រដ្ឋបាលសាលាខេត្តបានសហការជាមួយមន្ត្រីសុខាភិបាលខេត្តសៀមរាប និងអ្នកគ្រប់គ្រង ផ្សាររាត្រី បានចែកម៉ាស់ជូនបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ មានចំនួនជាង២ពាន់ម៉ាស់ ដោយមានការនែនាំពីក្រសួងសុខាភិបាល និងសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីឱ្យពួកគាត់ ចេះរក្សាការពារដោយខ្លួនឯង ចៀសវាងការឆ្លងចូលសហគមន៍របស់ខ្លួន។
ប៉ុន្តែឆ្នាំនេះមិនសូវមានភ្ញៀវជាតិ ឬអន្តរជាតិ ចូលមកលេងក្នុងខេត្តសៀមរាប ច្រើនកុះករដូចពីឆ្នាំមុនៗនោះទេ ដោយខ្លះខ្លាចអ្នកមិនខ្លាចទើបនាំក្រុមគ្រួសារមកពីតាមបណ្តាខេត្ត/ក្រុងមួយចំនួន។ មន្ត្រីបានបន្តថា ឆ្លងឆ្នាំថ្ងៃទី២ ត្រូវនឹងយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ភ្ញៀវជាតិ និងអន្តរជាតិ បានសម្រុកចូលមកដើរលេងកម្សាន្តនៅក្នុងបរិវេណផ្សាររាត្រីអង្គរឃ្យុងយូ ត្រូវបានក្រុមការងារចែកម៉ាស់ ជូនបងប្អូន ជាង២ពាន់ម៉ាស់ទៀត ព្រមទាំងមានការនែនាំឱ្យពួកគាត់ចេះរក្សាការពារក្រុមគ្រួសារ និងបងប្អូនចៀសវាងការចម្លងកូវីដ-១៩ ចូលទៅសហគមន៍របស់ខ្លួនផង៕ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ