ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២១នេះ មានទារក ទារិកា ៩៧១នាក់ កើតនៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២១នេះ មានទារក ទារិកាចំនួន ៩៧១នាក់ កើតនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប៉ាន់ប្រមាណរបស់យូនីសេហ្វ។ យូនីសេហ្វ ចាត់ទុកថា…

ភ្នំពេញ៖ នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២១នេះ មានទារក ទារិកាចំនួន ៩៧១នាក់ កើតនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប៉ាន់ប្រមាណរបស់យូនីសេហ្វ។ យូនីសេហ្វ ចាត់ទុកថា ការ​ចាប់កំណើត នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃចូលឆ្នាំសកលថ្មី​ ដែលជាការចាប់ផ្ដើមជីវិតថ្មីពោរ​ពេញដោយក្ដីសង្ឃឹម។ យូនីសេហ្វ ក៏បាន​ចាត់ទុកឆ្នាំ២០២១ ដែលជាខួបទី៧៥ឆ្នាំរបស់ខ្លួន ជាឆ្នាំ ដើម្បីគិតគូរសាជាថ្មី​អំពីពិភពលោក កាន់តែប្រសើរ សម្រាប់កុមារ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ បង្ហាញថា ពួកគេទាំងនេះ ស្ថិតក្នុងក្រុមទារក ទារិកចំនួន ៣៧១.៥០៤ នាក់ ដែលកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅទូទាំងពិភពលោក​។ ​មានព្យាករណ៍ថា ទារក ទារិកាកម្ពុជាទាំងនេះ នឹងមានអាយុកាលរំពឹងទុក ច្រើនជាងមនុស្សជំនាន់មុនៗ ជាមួយនឹងអាយុកាល​រំពឹងទុក ៨១,២ ឆ្នាំ។

សេចក្តីប្រកាស បន្តថា ឆ្នាំ២០២១នេះ ក៏ជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើត​យូនីសេហ្វផងដែរ​។ នៅកម្ពុជា យូនីសេហ្វ បានបំពេញការងារលើកកម្ពស់កម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ ចាប់តាំងពីឆ្នាំ១៩៥២ មក។ ក្នុងឆ្នាំ២០២០ យូនីសេហ្វ បានជួយគាំទ្រដល់រាជរដ្ឋាភិបាល​កម្ពុជា និងដៃគូនានា ដើម្បីឆ្លើយតប​ចំពោះវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈការផ្ដល់លទ្ធភាពឲ្យសិស្ស​រាប់សែននាក់ អាចរៀនសូត្រពីចម្ងាយ គាំទ្រដល់ការបើកដំណើរការសាលារៀន​ឡើងវិញ ប្រកបដោយសុវត្ថិភាព សម្រាប់កុមារ ៣,២ លាននាក់ ធានាឲ្យមាន​ការផ្សព្វផ្សាយ​សារអប់រំអំពីសុវត្ថិភាពពីជំងឺកូវីដ១៩ ដល់មនុស្សជាង ១០លាននាក់ ព្រមទាំងផ្ដល់សម្ភារៈ​អនាម័យចាំបាច់សំខាន់ៗ ដល់មនុស្សចំនួន ៤លាននាក់។

សេចក្តីប្រកាស បន្ថែមថា ក្នុងឆ្នាំ២០២១ ការឆ្លើយតបរបស់យូនីសេហ្វ ចំពោះជំងឺរាតត្បាតជាសកល និងបន្តទៅដំណាក់កាល​បន្ទាប់ទៀត ពោលគឺសហការជាមួយរាជរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់ថ្នាំបង្ការជំងឺកូវីដ១៩ នៅកម្ពុជាតាមរយៈកម្មវិធី COVAX​។ ស្របពេលជាមួយគ្នានេះ កម្មវិធីនានារបស់យូនីសេហ្វ ដែលកំពុងអនុវត្ត នាពេលបច្ចុប្បន្ន ក៏នឹងនៅតែបន្ត ហើយត្រូវរក្សានូវវឌ្ឍនភាព ដែលសម្រេចបាន ក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដើម្បីឈានទៅរកការលើកកម្ពស់ ជីវិតកុមារនៅកម្ពុជា ឲ្យកាន់តែប្រសើរ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ​ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងសូមស្វាគមន៍ទារក ទារិកាដ៏ស្រស់ស្អាតប្រមាណ ១,០០០ នាក់ ដែលកើតនៅថ្ងៃចូលឆ្នាំថ្មីនេះ។ ឆ្នាំ២០២០ គឺជាឆ្នាំដ៏សែនលំបាក សម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ។ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបា នទទួលជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺរាតត្បាតសកល និងរក្សាចំនួនករណីជំងឺកូវីដ១៩ ឲ្យនៅទាបជាង​បណ្ដាប្រទេសភាគច្រើន ហើយយើងសង្ឃឹមជឿជាក់ថា និន្នាការដូចគ្នានេះ អាចនឹងនៅតែបន្តទៀត។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាជនកម្ពុជា យូនីសេហ្វ នឹងបន្តគិតគូរសារជាថ្មី​អំពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារកម្ពុជាក្នុងការចម្រើនវ័យ។ កុមារ​ម្នាក់ៗ សមនឹងទទួលបានឱកាស­­សម្រេចសក្ដានុពលក្នុងជីវិតរបស់ខ្លួន ហើយយើងសន្យាថា នឹងខិតខំធ្វើការ ដោយមិនខ្លាចនឿយហត់ ដើម្បីឈានទៅសម្រេចគោលដៅនេះ នៅក្នុងឆ្នាំខួបទី៧៥ របស់យើង ក៏ដូចជាក្នុងឆ្នាំបន្តបន្ទាប់។”

សេចក្តីប្រកាស ដដែល បន្ថែមថា សកលលោកទាំងមូល នៅបន្តជួបប្រទះនឹង​បញ្ហាប្រឈម ដែលមិនធ្លាប់កើតមាន ដែលបង្កដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត​ជាសកល ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ការកើនឡើងនូវភាពក្រីក្រ និងវិសមភាព។ បញ្ហា​ទាំងអស់នេះ ទាមទារនូវសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម​ធ្វើការ​ជាមួយកុមារក្នុងការផ្តល់ និងការពារសិទ្ធិរបស់ពួកគេ ដូច្នេះទើបទារក ទារិកា​ ដែល​បានចាប់កំណើតក្នុងឆ្នាំ២០២១នេះ និងឆ្នាំក្រោយៗទៀត ទទួលបាននូវឱកាស​យុត្តិធម៌ និងស្មើៗភាពគ្នា ដើម្បីរស់រានមានជីវិត និងរីកចម្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ