អ្នកប្រាជ្ញទាំងឡាយពោលថា វិជ្ជាជាទ្រព្យដ៏ប្រសើរប្រើកាន់តែច្រើនចម្រើនលាភយសកាន់តែប្រពៃថ្លៃថ្លា ប្រាជ្ញាវាងវៃ ស្មារតីភ្លឺស្វាង ព្រោះហេតុនោះអ្នកប្រាជ្ញទាំងឡាយបានធៀបវិជ្ចាទៅនឹងចន្លុះសម្រាប់ឆ្លុះបង្ហាញផ្លូវនាំជីវិតទៅរកទីដ៏ភ្លឺត្រចះត្រចង់ ។
ប៉ុន្តែដើម្បីញុំាងខ្លួនឯងឱ្យជាអ្នកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានសមត្ថភាព និងមានគំនិតប្រាជ្ញាវាងវៃ ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីចម្រើនដល់ដំណើរជីវិតទៅបាន លុះណាតែយើងប្រឹងប្រែងសិក្សារៀនសូត្រច្រើនប្រព្រឹត្តព្រមដោយធម៌ទាំង៤ប្រការគឺ ឆន្ទៈ, វិរិយៈ, ចិត្តៈ, វិមំសា ទើបញុំាងជីវិតឱ្យជោគជ័យ បរិបូណ៌ដោយចំណេះវិជ្ជា ។
ការរៀនសូត្រច្រើនមិនមែនមានន័យថា រៀនតែនៅក្នុងសាលានោះទេ គឺលោកសំដៅដល់អ្នកដែលបានស្តាប់ បានអាន គិត និងសរសេរទុក រួមនឹងការសិក្សាស្រាវជ្រាវរៀនសូត្រចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌ ស្តាប់ឱវាទរបស់បណ្ឌិតអ្នកប្រាជ្ញទាំងឡាយ និងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និងរៀមច្បងជាដើមផងទើបឈ្មោះថាជាអ្នករៀនច្រើន ។
ការខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះនេះហើយជាផ្លូវនាំជីវិតឱ្យផុតអំពីភាពក្រខ្សត់ និងផុតទុក្ខលំបាកទាំងឡាយបាន ៕ សាន សារិន
ចែករំលែកព័តមាននេះ