ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកការដ្ឋានសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គក្រោម

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង ក្រោម​គំរោង​ហិរញ្ញ​ប្បទាន​សហ​ប្រតិ​បត្តិ​ការ​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ព្រម​ទាំង​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចំនួន​២,៩​លាន​ដុល្លារ​អាមេរិក មាន​ប្រវែង​២.២១៥​ម៉ែត្រ ដែល​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន

ខេត្តកណ្តាល ៖ ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង ក្រោម​គំរោង​ហិរញ្ញ​ប្បទាន​សហ​ប្រតិ​បត្តិ​ការ​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ព្រម​ទាំង​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចំនួន​២,៩​លាន​ដុល្លារ​អាមេរិក មាន​ប្រវែង​២.២១៥​ម៉ែត្រ ដែល​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង​នេះ​បាន​ប្រារព្ធ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១១ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក BANNO Yutaka រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​នៃ​ប្រទេស​ជប៉ុន ស្ថិត​នៅ​ភូមិ​ដើម​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ដែល​រយៈ​ពេល​​ការ​សាង​សង់​នេះ​៥១​​ខែ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាកច្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​ស្ពាន​អ្នក​លឿង គឺ​ការ​តភ្ជាប់​សមា​ហរណ​កម្ម​ផ្ទៃ​ក្នុង​ខ្លួន ​រវាង​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច រវាង​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃ​វែង និង​សមា​ហរណ​កម្ម​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​ថា ទៅ​ថ្ងៃ​អនា​គត​ ស្ពាន​អ្នក​លឿង​ និង​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ភ្នំពេញ​-អ្នក​លឿង​នេះ​នឹង​ក្លាយ​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រួម​ចំណែក​បាន​យ៉ាង​ទូលំ​ទូលាយ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​កម្ពុជា ពីព្រោះ​ថា ស្ពាន​អ្នក​លឿង​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សំរាប់​បំពេញ​លក្ខ​ខណ្ឌ​ស្តង់​ដារ​ផ្លូវ​អន្តរ​ជាតិ និង​បន្ថែម​សក្តា​នុពល​នៃ​ផ្លូវ​យាយ​វ៉េ មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​ផ្លូវ​ហាយ​វ៉េ​ទី១ ដើម្បី​បំរើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ក្នុង​តំបន់ និង​បញ្ចប់​បញ្ហា​ធំ​​គឺ​ពេល​វេលា​ក្នុង​ការ​រង់ចាំ​ឆ្លង​សាឡាង និង​ការ​ចំណាយ​ថ្លៃ​ឆ្លង​សាឡាង របស់​ប្រជា​ជន​កម្ពុជា ក៏​ដូច​ជា​អតិថិ​ជន​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​ផង​ដែរ។

ជា​មួយ​នឹង​គុណ​ប្រយោជន៍ និង​តួនាទី​ដ៏​សំខាន់​របស់​ស្ពាន​នេះ សម្តេច​តេជោ​បញ្ជាក់​ថា គឺ​ជា​ស្ពាន​នាំ​សំណាង ស្ពាន​នាំ​កាលា​នុវត្ត​ភាព​ក្នុង​ការ​បង្កើន​សន្ទុះ​ជីវ​ភាព​សេដ្ឋ​កិច្ច​ឱ្យ​ស្ទុះ​ឡើង។ ​ការ​អភិ​វឌ្ឍ​ផ្លូវ​ជាតិ​លេខ១ ដោយ​ភ្ជាប់​ជា​មួយ​នឹង​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​នេះ ពិត​ជា​​លើក​កំពស់​​សមត្ថ​ភាព​ផ្លូវ​ដែល​អាច​ទ្រទ្រង់​នូវ​ចរា​ចរណ៍​ដឹក​ជញ្ជូន​ក្នុង​តំបន់ ហើយ​ផ្តោត​លើ​គោល​ការណ៍​តភ្ជាប់​ផ្លូវ​អាស៊ាន-​ហាយ​វ៉េធំ​ៗ​ចំនួន​២ ឬ​ផ្លូវ​ហាយ​វ៉េ​របស់​មហា​អនុ​តំបន់​មេគង្គ​​ដ៏​មាន​សក្តា​នុពល។ គឺ​ផ្លូវ​អាស៊ាន​ហាយ​វ៉េ​តភ្ជាប់​រាជ​ធានី​ភ្នំពេញ ទៅ​នឹង​ទីក្រុង​បាង​កក និង​ទីក្រុង​ហូជី​មិញ និង​ពីទីក្រុង​គុន​មីង សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន តភ្ជាប់​មក​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ កាត់​តាម​ផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវ​ជាតិ​លេខ​៤ របស់​កម្ពុជា ឆ្ពោះ​ទៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ និង​ឆ្លង​កាត់​ទន្លេ​មេគង្គ​ដែល​ជា​ទន្លេ​ដ៏​ធំ និង​ល្បី​ល្បាញ​របស់​តំបន់​នេះ ពី​ព្រោះ​ថា ក្រៅ​ពី​បាន​ផ្តល់​នូវ​ទឹក និង​ដី​ដ៏​មាន​ជី​ជាតិ​សំរាប់​ការ​រស់​នៅ​របស់​ប្រជា​ជន និង​កសិ​កម្ម ទន្លេ​មេគង្គ​នៅ​ដើរ​តួ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម និង​ទំនាក់​ទំនង​យ៉ាង​សំខាន់​រវាង​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ទាំង​មូល ព្រម​ទាំង​បាន​ផ្តល់​នូវ​មូល​ដ្ឋាន​វប្ប​ធម៌ អរិយ​ធម៌​ដ៏​រុង​រឿង និង​សម្បូរ​បែប​ដល់​ប្រជា​ជន​កម្ពុជា និង​ប្រជា​ជន​ក្នុង​តំបន់​ទាំង​មូល​ផង​ដែរ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា មាន​ចំណង​តភ្ជាប់​មួយ​ទៀ​ត នោះ​គឺ​តភ្ជាប់​រវាង​​ប្រជា​ជន​កម្ពុជា និង​ជប៉ុន បន្ទាប់​ពី​ការ​តភ្ជាប់​នៅ​ឯស្ពាន​គីហ្ស៊ូណា ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០០១។ នេះ​ជា​ការ​តភ្ជាប់​ក្នុង​ទំនាក់​ទំនង​រវាង​ប្រជា​ជន​កម្ពុជា និងប្រជា​ជន​ជប៉ុន ហើយ​សេដ្ឋ​កិច្ច​របស់​ប្រជា​ជន​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ ទន្ទឹម​នេះ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​សំដែង​នូវ​ការ​អរ​គុណ​ចំពោះ​​រដ្ឋា​ភិបាល​ជប៉ុន​ និង​ប្រជា​ជន​ប៉ុន​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ទៅ​លើ​គំរោង​ការ​មួយ​នេះ​បន្ថែម​ ដោយ​គំរោង​ការ​ដទៃ​ទៀត​ដែល​មានរួច​មក​ហើយ​ដែល​ជំនួយ​របស់​ជប៉ុន​រហូត​មក​ដល់​ពេល​នេះ​តាម​របាយ​ការណ៍​លោក​ឧបនាយក​រដ្ឋ​មន្ត្រី គាត ឈន់ បាន​ឱ្យ​ដឹង​មាន​ចំនួន​១,៩០០​លាន​​​ដុល្លារ​អាមេរិក​ ហិរញ្ញប្បទាន​ឥត​សំណង​ ហើយ​ប្រចាំ​ឆ្នាំ​ជា​ធម្យម​​ក្នុង​កំរិត​១៣០​​លាន​ដុល្លារ អាមេរិក ទោះបីជា​សេដ្ឋ​កិច្ច​មានការ​ធ្លាក់​ចុះ​ក៏​ដោយ​ក៏ជប៉ុន​​នៅ​បាន​រក្សា​កំរិត​​ជំនួយ​ឱ្យ​កម្ពុជា ប្រចាំ​ឆ្នាំ​អ្វីដែល​យើង​កត់​​សំគាល់​នៅត្រង់​ថា ​ជប៉ុន​ទោះបី​​ផ្លាស់​មេដឹកនាំ ឬផ្លាស់​បក្ស​នយោ​បាយ​​ក៏​ដោយ​តែជប៉ុន​​មាន​កុង​​​សង់​ស៊ីស​ក្នុង​​នយោ​បាយ​​ចំពោះ​កម្ពុជា ។ ​ផ្ទេរ​ពី​​នាយក​រដ្ឋ​មន្ត្រី​​មួយ​ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​មួយ ផ្ទេរ​ពី​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​ជប៉ុន មកកាន់​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​បច្ចុប្បន្ន​នេះ ជប៉ុន​គ្មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ក្នុង​ឥរិយា​បថ​ចំពោះ​​ការជួយដល់​ព្រះរាជាណា​​ចក្រ​កម្ពុជា​ លើ​ការ​កសាង​​ប្រទេស​នោះទេ ។ ត្រង់​​នេះ​ហើយ​ដែល​យើង​បន្ត​ធ្វើ​ការ​​ជាប់​ជាប្រចាំ​ជាមួយ​នឹង​មិត្ត​ជប៉ុន​ក្នុង​ភាព​ជា​ដៃគូ​ ហើយ​ជាអ្នក​ដែល​ផ្តល់​ជំនួយ​​ធំជាង​គេ​សំរាប់​ប្រជា​ជន​កម្ពុជា ។

សម្តេចនាយក​រដ្ឋ​មន្ត្រី​ បាន​ផ្ញើ​សារ​ជូនទៅ​ប្រជាជន​ជប៉ុន​​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រើ​ប្រាស់​​​នូវ​ថវិកា​ទាំងអស់​ចំគោល​ដៅ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា ។ គ្រប់​ទិដ្ឋភាព​ទាំង​អស់​កម្ពុជា​បាន​ប្រើ​ប្រាស់​នូវ​ការ​ពិគ្រោះ​ពិភាក្សា​​ទាំង​កំរិត​នយោបាយ ទាំង​​កំរិត​បច្ចេកទេស ទាំង​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​នានា​​ដែល​ជប៉ុន​ត្រូវ​សាងសង់​ផងដែរ ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​អំពាវ​នាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅត្រើយ​​ខាង​ជើង​​ក៏ដូចជា​នៅ​ត្រើយ​ខាង​លិច​ផងដែរ មេត្តា​សហការ​ចូលរួម​ជួយ​ទៅ​ដល់​ការដ្ឋា​ន​នេះ។ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​​ប្រភេទ អាជ្ញាធរ​​ដែន​ដី ត្រូវ​ការ​ពារ​ឱ្យ​​ខាង​តែ​បាន​នូវ​បញ្ហា​គ្រឿង​ចក្រ និង​សុវត្ថិភាព​​នៃក្រុម​ហ៊ុន​សាងសង់​ កម្មករ-កម្មការិនី ហើយ​និង​​​​ឱ្យ​ការ​​សាង សង់​បាន​រលូន ។ នេះគឺ​ជាផល​ប្រយោជន៍​​របស់​​កម្ពុជា​ខ្លួនឯង ហើយ​ក៏ជា​ផល​របស់​តំបន់​ដែរ ។​ ក្នុងឱកាស​នោះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បានប្រកាស​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ កំណាត់​ផ្លូវ​​ចាក់កៅ​ស៊ូ​លេខ​១១៨ ​ដែល​មាន​ប្រវែង​៤២​គីឡូ​ម៉ែត្រ ពីអ្នកលឿងទៅ​​​ក្អម​សំណ​ផង​ដែរ ។

​លោកត្រាំ​ អ៊ីវ​តឹក រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណ​ការ​ និងដឹក​​ជញ្ជូន​ថ្លែង​ឱ្យ​ដឹង​ថា ស្ពានត្រូវ​សាង​សង់​មានប្រវែង​សរុប​២.២១៥​ម៉ែត្រ ​ចែក​ចេញ​ជា​​៣​ផ្នែក​គឺ​ស្ពាន​ភ្ជាប់​ផ្លូវ​ត្រើយ​ខាងលិច ស្ពាន​ភ្ជាប់​ផ្លូវ​ត្រើយ​ខាង​កើត​ និងស្ពានមេ​នៅកណ្តាល​ដែល​ការសាង​សង់​ត្រូវ​ធានា​​ឱ្យ​​នាវា​សមុទ្រអាច​ឆ្លង​កាត់ស្ពានបាន ។ លោក​រដ្ឋមន្ត្រី​បន្តថា ស្ពានតភ្ជាប់​ត្រើយ​ខាង​លិច​​មាន​ប្រវែង​៩០០ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ជា​បេតុង​​​​មាន២០​ប្រឡោះ​ ប្រឡោះ​នីមួយ​ៗ​មានប្រវែង​៤៥​ម៉ែត្រ​ដូចគ្នា​ ។ ស្ពាន​ភ្ជាប់ត្រើយ​ខាង​កើត​ប្រវែង​​៦៧៥​​ម៉ែត្រ មាន១៥​ប្រឡោះ ​ប្រឡោះនីមួយៗ​មាន​ប្រវែង​៤៥​ម៉ែត្រដូចគ្នា ។ ​ស្ពាន​ភ្ជាប់​ត្រើយ​ខាង​កើត​ប្រវែង​៦៧៥​ម៉ែត្រ ​​មាន​១៥ប្រឡោះ ប្រឡោះ​នី​មួយ​ៗ​មាន​៤៥​ម៉ែត្រ​ដូចគ្នា ។ ចំណែក​មេ​ស្ពានប្រវែង​៦៤០​ម៉ែត្រ មាន៣ប្រឡោះ ប្រឡោះ​សង​ខាង​មាន​ប្រវែង​១៥៥​ម៉ែត្រ​ និងប្រឡោះ​កណ្តាល​សំរាប់​ឱ្យ​នាវា​សមុទ្រ​ឆ្លង​កាត់​មានប្រវែង​៣៣០​ម៉ែត្រ ។

​ការស្ថាប​នា​ឡើង​គឺ​ជា​ការ​បើកទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​ដែល​ពុំ​ធ្លាប់​មានមកពីពេលមុនមក​របស់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។​ ​លោករដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​សាងសង់​​ស្ពាន​អ្នកលឿង​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​ស៊ូមីតូ​មីត​ស៊ុយ ត្រួត​ពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុម​ហ៊ុន ចូដៃ សហការ​ជាមួយ​ក្រុមហ៊ុន​អូរីយ៉ង់​តាល​របស់​ប្រទេសជប៉ុន ។​ គំរោង​សាង​សង់​ស្ពាន​នេះ​ គ្រោង​នឹង​បញ្ចប់​ខែមីនា ឆ្នាំ​២០១៥ ។

លោក​ BANNO Yutaka រដ្ឋ​លេ​ខា​ធិការ​ក្រសួង​ការ​បរទេស​ជប៉ុន បាន​ថ្លែង​ថា តាំង​នាម​ឱ្យ​រដ្ឋា​ភិបាល​ និង​ប្រជា​ជន​ជប៉ុន ខ្ញុំ​សូម​សំដែង​នូវ​អំណរ​​សាទរ​ដោយ​ស្មោះ​សរ នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​​ប្ញក្ស​នេះ ចំពោះ​ពិធី​សម្ពោធ​លើ​ការ​ដ្ឋាន​​សាង​សង់​ស្ពាន​អ្នក​​លឿង​ដែល​​ត្រូវ​បាន​អនុ​វត្ត​ដោយ​ជំនួយ​ឥត​សំណង​របស់​រដ្ឋា​ភិបាល​​ជប៉ុន​ផ្តល់​ជូន​កម្ពុជា ។

​លោក​រដ្ឋ​​លេខា​ធិការ​បន្ត​ថា ​សារ​សំខាន់​​នៃ​ស្ពាន​នេះ​គឺ​ត្រូវ​បាន​បញ្ជាក់​​អះ​អាង​ឡើង​វិញ​មិន​ត្រឹម​​តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ទ្វេ​ភាគី​រវាង​ជប៉ុន-​កម្ពុជា​នោះ​ទេ តែ​ក៏​នៅ​ក្នុង​កិច្ច​​ប្រជុំ​កំពូល​​ជប៉ុន​ មេគង្គ​ផង​ដែរ ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​ឧបត្ថម្ភ​​ពី​រដ្ឋា​ភិបាល​ជប៉ុន​​ដើម្បី​សាង​សង់​ស្ពាន​មួយ ដើម្បីតភ្ជាប់​​ត្រើយ​ខាង​លិច និង​​ត្រើយ​ខាង​​កើត​ទន្លេ ។ ជា​ការ​ឆ្លើយ​តប​រដ្ឋា​ភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​​ឥត​សំណង​នៅ​ឆ្នាំ​២០១០ ដើម្បី​សាង​សង់​ស្ពាន​អ្នក​លឿងនេះ៕​