ខេត្តបាត់ដំបង ៖ ច្រកទ្វារព្រំដែនទាំងអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបើកដំណើរការជាធម្មតា តាមពេលវេលាដែលបានកំណត់រវាងភាគីកម្ពុជានិងថៃ។ ប៉ុន្តែត្រូវបានបិទទាំងស្រុងចាប់ពីថ្ងៃនេះតទៅ (១៧ ០៦ ២៥) នូវការនាំចូល«បន្លែ ផ្លែឈើ» ពីប្រទេសថៃ លើកលែងតែទំនិញផ្សេងៗ ។ នេះបើតាមលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ១៧ មិថុនា នេះ ។

អភិបាលខេត្តបាត់ដបង លោក សុខ លូ បានថ្លែងថា «កាលពីម្សិលមិញ ថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា បានប្រកាសព័ត៌មានជូនទៅភាគីថៃឲ្យបើកទ្វារច្រកតាមបន្ទាត់ព្រំដែនទាំងអស់ដែលខ្លួនបានបិទជាឯកតោភាគីឲ្យដំណើរការដូចដើមឡើងវិញ ។ បើមិនដូច្នេះទេ កម្ពុជានឹងបិទគ្រប់ច្រកទ្វារព្រំដែនទាំងអស់ មិនអនុញ្ញាតឲ្យនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃឡើយ» ។

លោកអភិបាលខេត្តបានបញ្ជាក់ដូច្នេះថា «ឥឡូវឱសានវាទ២៤ម៉ោងរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាដែលទាមទារភាគីថៃបើកទ្វារព្រំដែនឲ្យដំណើរជាធម្មតាដូចមុនឡើងវិញ បានផុតរលត់ទៅហើយ ព្រោះភាគីថៃមិនបានឆ្លើយតប ។ ដូច្នេះ យើងបានសម្រេចបិទគ្រប់ច្រកទ្វារព្រំដែនទាំងអស់ក្នុងទឹកដីខេត្តបាត់ដំបង មិនអនុញ្ញាតឲ្យនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ» ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹត្តិសភាកម្ពុជាបានប្រកាសព័ត៌មានជូនទៅខាងភាគីថៃ កាលពីថ្ងៃទី១៦ មិថុនា ស្នើឲ្យភាគីថៃត្រូវបើកទ្វារគ្រប់ច្រក តាមបន្ទាត់ព្រំដែនទាំងអស់រវាងប្រទេសទាំងពីរ ដើម្បីឲ្យដំណើរការដូចដើមឡើងវិញ (មុនផ្ទុះអាវុធ) បើភាគីថៃមិនយល់ព្រមទេ ភាគីកម្ពុជានឹងសម្រេចបិទព្រំដែនទាំងស្រុង មិនអនុញ្ញាតឲ្យមានការនាំចូល «បន្លែ ផ្លែឈើ» ពីប្រទេសថៃទៀតឡើយ ។

សម្ដេច ហ៊ុន សែន បានទាមទារឲ្យភាគីថៃធ្វើបែបនេះ ដោយសារតែភាគីថៃជាអ្នកចាប់ផ្ដើមមុនក្នុងការបិទច្រកទ្វារព្រំដែនជា «ឯកតោភាគី» ។ ដូច្នេះ ភាគីថៃក៏ត្រូវតែជាអ្នកចាប់ផ្ដើមបើកទ្វារច្រកព្រំដែនទាំងអស់ឡើងវិញមុនដែរ ដើម្បីសម្រូលភាពតានតឹងតាមច្រកទ្វារព្រំដែន ។ ជុំវិញការបិទមិននាំចូល«បន្លែ ផ្លែឈើ» ពីប្រទេសថៃនេះ បើតាម លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍បញ្ជាក់ថា តាមពិតគ្រប់ច្រកទ្វារព្រំដែនទាំងអស់ក្នុងទឹកដីខេត្តបាត់ដំបង យើងបានប្រកាសបិទចាប់តាំងពីវេលាម៉ោង៩ព្រឹកម្លេះ (១៧ ០៦ ២៥) បន្ទាប់ពីឱសានវាទ២៤ម៉ោង របស់ថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជាត្រូវបានបញ្ចប់ ។

លោកអភិបាលខេត្តបានបន្ថែមថា ពេលនេះ មានតែទំនិញផ្សេងៗប៉ុណ្ណោះ ដែលអាចនាំចូលពីប្រទេសថៃ តែចំពោះ«បន្លែ ផ្លែឈើ» គ្រប់ប្រភេទ ត្រូវបានហាមឃាត់ទាំងស្រុង។ ប៉ុន្តែការបើក ឬបិទច្រកទ្វារព្រំដែន នៅតែដំណើរការតាមពេលវេលាកំណតជាធម្មតារវាងភាគីភាគីទាំងពីរ គឺភាគីទាំងពីរឯកភាពបិទទ្វារច្រកនៅម៉ោង៤រសៀល តែពេលបើកទ្វារវិញ ភាគីថៃបើកនៅម៉ោង៨ព្រឹក រីឯភាគីកម្ពុជាបើកនៅម៉ោង៩ព្រឹកដដែល ។

ខេត្តបាត់ដំបងមានស្រុកចំនួន០៤ និងមានច្រកទ្វារព្រំដែនចំនួន០៥ ដែលបានបើកដំណើរចេញចូលជាផ្លូវការជាមួយនឹងប្រទេសថៃ ។ ស្រុកទាំង០៤នោះមាន៖ ១-ស្រុកសំឡូត មានច្រកទ្វារតំបន់«៤០០» ។ ២-ស្រុកកំរៀង មានច្រកទ្វារអន្តរជាតិ«ដូង» និងច្រកទ្វារតំបន់«អូរអន្លក់» ។ ៣-ស្រុកភ្នំព្រឹក មានច្រកទ្វារតំបន់«អូររំដួល» និង៤-ស្រុកសំពៅលូន មានច្រកទ្វារអន្តរជាតិ«ភ្នំដី» ៕






ចែករំលែកព័តមាននេះ