ខេត្តឧត្តរមានជ័យ ៖ គ្រឿងចក្រអេស្ការវ៉ាទ័រ១គ្រឿង បានរងការខូចខាត ក្នុងហេតុការណ៍ផ្ទុះមីនតោននៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងក្បែរព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យអ្នកបើកបររបួសធ្ងន់ ។ ជនរងគ្រោះឈ្មោះ ទុយ វៃ ភេទប្រុស អាយុ២៩ឆ្នាំ បម្រើការងារឱ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគសាងសង់រីសត ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ករណីផ្ទុះមីនតោននេះ បានកើតឡើងក្នុងខណៈដែលអេស្ការវ៉ាទ័រមួយគ្រឿងកំពុងកាយដី ដើម្បីសាងសង់អគារថ្មីមួយ នៅការដ្ឋានសួនសត្វ ក្នុងបរិវេណកាស៊ីណូអូរស្មាច់រីសត ។
ឯកឧត្តមបញ្ជាក់ថា ក្នុងខណៈដែលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃនោះ ឯកឧត្តមក៏បានជម្រាបជូនប្រជាពលរដ្ឋកុំឱ្យមានការយល់ច្រឡំ រវាងការផ្ទុះមីនតោនដ៏កក្រើកនេះ ។
នេះជាការផ្ទុះមីនតោន ដែលបានកើតឡើងមួយសប្តាហ៍ក្រោយពីករណីផ្ទុះមីនតោនមួយ បានកើតឡើងក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់ស្លាប់នៅកន្លែងកើតហេតុក្នុងដីចម្ការ ។ រីឯត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង ក៏ទទួលរងការខូចខាតផងដែរ កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមកនេះ ។
ឯកឧត្តម ហេង រតនា បានឱ្យដឹងថា យុទ្ធភណ្ឌដែលបន្សល់ទុកពីសង្គ្រាម នៅតែបន្តគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំមកហើយយ៉ាងណាក្ដី ។
ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ តាមតួលេខបានបង្ហាញថា កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ដែលចំនួននេះមានការថយចុះ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់ ។ ក្នុងរយៈពេល៦ខែនេះ គ្រោះថ្នាក់ដោយគ្រឿងផ្ទុះនេះ បានសម្លាប់មនុស្សចំនួន៦នាក់ របួស និងពិការអវយវៈចំនួន១៤នាក់ ៕
ចែករំលែកព័តមាននេះ