ថ្លែងពីទឹកដីខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង មេបញ្ជាការ និងកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ។

ខណៈអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេស គឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំរបស់ថ្នាក់ដឹកនាំតាមអង្គភាព ។

សម្ដេចស ខេង បានគូសបញ្ជាក់ថា ៖ «ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការក៏ដូចជា កងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

ក្នុងឱកាសនោះដែរសម្ដេច ស ខេង និងគណៈប្រតិភូក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរ ។
សម្ដេច ស ខេង ក៏បានឆ្លៀតចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តប៉ៃលិន និងបានចុះពិនិត្យមើលកន្លែងផ្ដល់សេវានៅច្រកចេញ-ចូលតែមួយរបស់សាលាខេត្ត ។ សម្ដេចក្រឡាហោម ក៏បានមានបានកោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់ របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែនដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដែលមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕

ចែករំលែកព័តមាននេះ