រាជាធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល បានដាក់ចេញនូវការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងផ្ដល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត យុវជន ឬអ្នកកំពុងតែបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅទទួល បានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏សម្បូរបែប និងបណ្ដុះទម្លាប់នៃការប្រើប្រាស់កម្មវិធី បណ្ដុះបណ្ដាលបច្ចេកវិទ្យា និងឧបករណ៍វៃឆ្លាតទាំងនៅក្នុងអំឡុងពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ និងទៅអនាគត ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលបានបន្តថា « គោលការណ៍ណែនាំនេះនឹងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទី២ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលចាំបាច់ក្រសួងត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឱ្យសម្បូរបែប និងស្របតាមការរីកចម្រើនបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤»។
លោករដ្ឋមន្ត្រីបន្ថែមថា គោលការណ៍ណែនាំនេះនឹងបង្ហាញអំពីដំណើរការនៃការចុះឈ្មោះចូលរៀន ការបង្រៀន ការរៀន ការអនុវត្តផ្ទាល់ ការប្រឡង និងការត្រួតពិនិត្យវាយតម្លៃជាដើម ។ ដើម្បីអនុវត្តការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ គ្រឹះស្ថាន TVET នីមួយៗ ត្រូវរៀបចំផែនការ និងសកម្មភាពការងារមួយចំនួនរួមមាន ៖
-ផែនការរយៈពេលខ្លី មធ្យម និងវែងនៃដំណើរការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ របស់គ្រឹះស្ថាន អ.ប.វ
-ណែនាំសាស្ត្រាចារ្យ គ្រូបច្ចេកទេស/ឯកទេស រៀបចំកិច្ចតែងការបង្រៀន ឯកសារមេរៀន បទបង្ហាញ ការផលិតវីដេអូបង្រៀនទាំងទ្រឹស្តី និងការអនុវត្ត
-រៀបចំ និងគ្រប់គ្រងបន្ទប់បង្រៀន រោងជាង បន្ទប់ពិសោធន៍/មន្ទីរពិសោធន៍ មូលដ្ឋានឧបករណ៍/សម្ភារបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ ទាំងទ្រឹស្តី និងការអនុវត្ត
-ផែនការចុះកម្មសិក្សារបស់សិក្ខាកាម សិស្ស និស្សិតនៅតាមសហគ្រាស គ្រឹះស្ថាន
-ផែនការប្រឡងបញ្ចប់ការសិក្សារបស់សិក្ខាកាម សិស្ស និស្សិតជាដើម ៕
ចែករំលែកព័តមាននេះ