ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ពង្រឹង​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ត្រៀមលក្ខណៈ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០ ឆ្លង​ចូល ២០២១ និង​ស្រប​ពេល​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់ ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ត្រៀមលក្ខណៈ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០ ឆ្លង​ចូល ២០២១ និង​ស្រប​ពេល​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់ ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ ដោយ​ចង្អុល​ចំ​មន្ទីរ​ទេសចរណ៍​ទាំង​២៥ រាជធានី​-​ខេត្ត ត្រូវ​អនុវត្ត​តាម​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ សារាចរ​ណែនាំ​ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​សេចក្ដីណែនាំ​ដូច​ខាងក្រោម​៖

១៖ បន្ត​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​ការ​ត្រួតពិនិត្យ​កម្តៅ ពាក់​ម៉ាស លាងដៃ និង​បាញ់​អាកុល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​។ ២៖ បង្កើន​ការ​គ្រប់គ្រង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ឲ្យ​បាន​ល្អ​ប្រសើរ ពិសេស​ការ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា (Carrying Capacity)​។ រាល់​ការ​ជួបជុំ​ជា​ក្រុម​នៅ​តាម​កន្លែង​លំហែ​កម្សាន្ត ឬ​នៅ​ក្នុង​ភោជនីយដ្ឋាន ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ (​យ៉ាងតិច ១ ម៉ែត្រ​កន្លះ​ពី​គ្នា​) និង​ត្រូវ​កត់ត្រា​ព័ត៌មាន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ហ្មត់ចត់ (​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន​)​។

៣៖ បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត ក្នុង​ការ​ពង្រឹងគុណភាព​សេវា​ទេសចរណ៍ ថែរក្សា​អនាម័យ​បរិស្ថាន និង​រក្សា​តម្លៃ​ផលិតផល​ឲ្យ​បាន​សមរម្យ​។ ៤៖ បន្ត​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ និង​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ក្រសួងទេសចរណ៍​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​មន្ទីរ​ទេសចរណ៍ នៅ​ពេល​ទទួល​បាន​សារាចរ​ណែនាំ​នេះ​ហើយ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​នេះ​ឲ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

គួរ​ជម្រាប​ថា ទោះបី​ស្ថិត​ក្នុង​ដំណាក់​វិបត្តិ​កូ​វី​ដ​-១៩ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើបឡើង​ដ៏​ឆាប់រហ័ស (​លើកលែងតែ​ក្នុង​រយៈពេល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា​) ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​កម្ពុ​ជាមួយ​ផ្នែក​ផង​ដែរ ជា​ពិសេស​បាន​ជួយ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ស្រប​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បាន​បង្កើត​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

ទន្ទឹម​នឹង​នេះ ក៏​មានការ​កើតឡើង​នូវ​គោលដៅ​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត (Creative and Innovative) ពិសេស​រមណីយដ្ឋាន​ទេសចរណ៍ ដែល​មានការ​កែ​ច្នៃ​បែ​បក​សិ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ បន្ថែម​ពីលើ​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​នានា​ជា​ច្រើន​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​។ តាម​ការ​ព្យាករណ៍​បឋម​របស់​ក្រសួងទេសចរណ៍ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង (​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​) នឹង​មាន​ចំនួន​ប្រមាណ ៩​លាន​នាក់ ថយ​ចុះ​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ