ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ 28 វិច្ឆិកា​…​គួរ​កុំ​មាន​ព្រឹត្តិការណ៍​សហគមន៍ 1​មក​រា

3 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ការ​គ្រោងទុក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ពី​ភូមិ​គ្រឹះ​របស់​សម្តេច នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល…

តាម​ការ​គ្រោងទុក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ពី​ភូមិ​គ្រឹះ​របស់​សម្តេច នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ ។ សម្តេច​តេ​ជោ នឹង​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ នៅ​សហគមន៍ ថ្ងៃ​២៨ វិច្ឆិកា ។ ក្រៅពី​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​លើក​ឡើង​នូវ​ចំណុច​សំខាន់​ៗ​ផ្សេង​ទៀត នៅ​ក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៩ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២១​ផង​ដែរ ។

នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​ម្តង​រួច​មក​ហើយ អំពី​ជោគជ័យ​របស់​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​បាន​នូវ​ព្រឹ​ត្ត​ការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​ក្នុង​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា នៅ​កម្ពុជា ដែល​ជា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​សហគមន៍​នៅ​ប្រទេស​កម្ពុជា​យើង ជា​លើក​ដំបូង ។ តែ​កាល​ណោះ សម្តេច​តេ​ជោ​លើក​ឡើង​ថា យើង​គ្រប់គ្រង​បាន ប៉ុន្តែ​មិន​ទាន់​អាច​បិទ​បញ្ចប់​បាន​ទេ ត្បិត​មាន​អ្នក​ពាក់ព័ន្ធ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ហើយ​អ្នក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​នៅ​មាន​ជា​បន្តបន្ទាប់ ។

ក៏​ប៉ុន្តែ​លើក​នេះ​អស់​ការ​សង្ស័យ​ទៀត​ហើយ ព្រោះ​ក្រសួងសុខាភិបាល បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ​ថា មាន​អ្នក​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤​នាក់​ទៀត ក្នុង​នោះ​ម្នាក់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ។ រីឯ​៣​នាក់​ទៀត​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​។

ក្រសួងសុខាភិបាល​ក៏​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ធ្វើ​វិភាគ​វត្ថុ​សំណាក​ដែល​ទទួល​បាន​ចំនួន​៨​សំណាក ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ទាំងអស់ ។
ជា​សរុប​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គិត​ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន​៤១​នាក់ (​ស្រី​១៩​នាក់ និង​ប្រុស​២២​នាក់​) ។ ក្នុង​ចំនួន​នេះ មាន​អ្នកជា​សះស្បើយ សរុប​៣៨​នាក់ (​ស្រី​១៨​នាក់ និង​ប្រុស​២០​នាក់​) ហើយ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ។

ដោយឡែក បើ​គិត​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៣៦៤​នាក់ ។ ក្នុង​នោះ​៣៦០​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ ។
ទន្ទឹម​នឹង​ជោគជ័យ ដែល​ឈាន​ដល់​ការ​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​ពាក់ព័ន្ធ​រលក​បារម្ភ​ថ្មី​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ មក​ពី​ប្រទេស​ថៃ ក៏​កម្ពុជា​បាន​គ្រប់គ្រង​ហ្មត់ចត់ មិន​ថា នៅ​តាម​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ ឬ​ក៏​របូត​មក​ដល់​មូលដ្ឋាន​ភូមិ​ឃុំ​នោះ​ទេ ។

ពលករ​ខ្មែរ​យើង ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ មាន​តែ​ជាង​១០០០​នាក់​ទេ ដែល​បាន​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ។ មក​ដល់​ព្រំដែន ពួក​គេ​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព និង​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​សមត្ថកិច្ច​ចម្រុះ​កម្ពុជា នៅ​ច្រកព្រំដែន​ទាំង​អស់នោះ​។

ក្នុង​នោះ ក៏​មាន​សេចក្តីរាយការណ៍​ថា មាន​អ្នក​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​លោត​ចុះ​ពី​ឡាន ប្រមាណ​៦​នាក់ ហើយ​រក​ឃើញ​២​នាក់​វិញ ។ ប៉ុន្តែ​បើសិនជា​អ្នក​ទាំងនោះ របូត​ដល់​ផ្ទះ​នៅ​ភូមិ​ណា​ក៏​ដោយ ក៏​អាជ្ញាធរ​សមត្ថកិច្ច ចាត់ចែង​ឲ្យ​មាន​អាជ្ញា​ធរ និង​ពេទ្យ​ចុះ​ពិនិត្យ​ធ្វើតេស្ត យក​សំណាក​ទៅ​ពិនិត្យ ហើយ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ដូច​ករណី​នៅ​ព្រែក​ដំបង ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​មាន​យុវជន​ម្នាក់​មក​ពី​ថៃ ចូល​មក​រស់នៅ​ដល់​ផ្ទះ​ក្នុងភូមិ​កំណើត​របស់​គេ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ។

ទន្ទឹម​នឹង​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​កម្ពុជា ក្នុង​ការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​សហគមន៍​មិន​ថា ព្រឹត្តិការណ៍​២៣​វិច្ឆិកា ឬ​ក៏​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះ​ទេ គឺ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន រួម​ទាំង​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​សមត្ថកិច្ច ពាក់ព័ន្ធ នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ។ នោះ​គឺ​ការ​អនុវត្ត​នូវ​វិធី​សាមញ្ញ​ៗ ដោយ​ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ និង​រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាងតិច ១​ម៉ែត្រ​កន្លះ ជាដើម​។

ក្នុង​នោះ ការ​ជួបជុំ​ឆ្លង​ឆ្នាំ​សកល នៅ​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឆ្លង​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ ក៏​គួរតែ​បងប្អូន​ប្រជាពលរដ្ឋ​យើង បន្ត​ជួបជុំ​ឆ្លង​ឆ្នាំ Countdown តាម​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ហើយ​យើង​អាច Live រកគ្នា​សិន ។ ធ្វើ​ដូច្នេះ យើង​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​ភ្លាត់ស្នៀត កើត​មាន​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ​សហគមន៍ ថ្ងៃ​១​មក​រា ឬ​ក៏​ថ្ងៃ​ប៉ុន្មាន​មក​រា កើត​ឡើងជា​ថ្មី​ទៀត នៅ​ប្រទេស​យើង ។ ចូរ​កុំ​ភ្លេច​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល ៕ អត្ថបទដោយ៖ មុត ស្រីពៅ​

អត្ថបទសរសេរ ដោយ