ព្រះបរមសាស្តាទ្រង់ប្រារព្ធភិក្ខុទេវទត្តចាប់តាំងអំពីពេលដែលភិក្ខុទេវទត្តចូលមកបួសក្នុងព្រះពុទ្ធសាសនាហើយបានប្រព្រឹត្តធ្វើអំពើអាក្រក់លាមកមានប្រការផ្សេងៗដូចតទៅ៖
១- បានបបួលព្រះរាជកុមារអជាតសត្រូវឱ្យទៅសម្លាប់ព្រះបាទពិម្ពិសារដែលត្រូវជាបិតារបស់ទ្រង់ ។
២- បានបញ្ជូនមនុស្សឱ្យទៅសម្លាប់ព្រះបរមសាស្តា តែពួកមនុស្សទាំងនោះបានស្តាប់ព្រះធម៌ទេសនារបស់ព្រះអង្គ ហើយបានសម្រេចសោតាបត្តិផលគ្រប់ៗគ្នា ។
៣- បានឡើងទៅលើកំពូលភ្នំគិជ្ឈកូដ ហើយទម្លាក់ដុំថ្មចុះមកបានធ្វើឱ្យព្រះបាទព្រះអង្គពុះពោរដោយឈាម(លោហិតុប្បាទ) ។
៤- បានលែងដំរីនាឡាគិរីចុះប្រេងឱ្យទៅធ្វើអន្តរាយដល់ព្រះអង្គ តែបែរជាដំរីកំណាចនោះក្រាបសំពះទៀបព្រះបាទព្រះអង្គទៅវិញ ។
៥- បានប្រមូលពួកភិក្ខុ៥០០រូបធ្វើសង្ឃភេទគឺបំបែកសង្ឃ ។
ចំណេរក្រោយមកភិក្ខុទេវទត្តមានជំងឺយ៉ាងធ្ងន់អស់រយៈពេល៩ខែ ទីបំផុតភិក្ខុទេវទត្តបានដឹងទោសកំហុសរបស់ខ្លួន ហើយមានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំសុំខមាទោសចំពោះព្រះភក្ត្រព្រះអង្គក៏បានឱ្យកូនសិស្សសែងទៅ លុះដល់ក្បែរមាត់ស្រះជិតវត្តជេតពនបានប្រាប់ឱ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងដល់ផែនដីភ្លាមនោះ ព្រះធរណីក៏បានស្រូបទាញយកភិក្ខុទេវទត្តលិចចូលទៅក្នុងដីបាត់ក្នុងថ្ងៃនោះឯង ។
ភិក្ខុទាំងឡាយបានក្រាបទូលព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទេវទត្តបានធ្វើកម្មដ៏ធ្ងន់ធ្ងរយ៉ាងនេះ តើនឹងទៅកើតនៅក្នុងទីណាដែរ ?
ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្តនឹងទៅកើតនៅក្នុងអវិចីមហានរកបាត់ទៅហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ