អាជ្ញាធរក្រុងសាអីុតាម៉ាភាគខាងជើងក្រុងតូក្យូរាយការណ៍កាលពីថ្ងៃទី៧ កក្កដាថា លោកតាជនជាតិជប៉ុន សាការី ម៉ូម៉ូអីុ ដែលកាលពីឆ្នាំទៅមិញទទួលជាផ្លូវការនូវងារជាបុរសចាស់ជាងគេបំផុតនៃមនុស្សជាតិនោះ បានទទួលមរណភាពហើយក្នុងជន្មាយុ១១២ឆ្នាំ ។
អ្នកទទួលខុសត្រូវម្នាក់របស់ទីក្រុងសាអីុតាម៉ា គូសបញ្ជាក់ប្រាប់ AFP ថា លោកតារូបនោះបានស្លាប់កាលពីថ្ងៃទី៥ កក្កដា ដោយសារនោមមិនចេញក្នុងផ្ទះសម្រាប់មនុស្សចាស់នៃទីក្រុងនោះ ។ គ្រួសាររបស់គាត់និយាយប្រាប់យើងថា សុខភាពរបស់លោកតាចុះដុនដាបចាប់តាំងពី២សប្តាហ៍មកហើយ ។
កើតថ្ងៃទី៥ កុម្ភៈ ឆ្នាំ១៩០៣ នៅមីណាមីសូម៉ា ក្រុងហ្វូគូស៊ីម៉ា លោកតាម៉ូម៉ូអីុ ជាអតីតនាយកវិទ្យាល័យមួយពិសេសគាត់ជាអ្នកនិយមកំណាព្យរបស់ចិន ហើយជាកីឡាករស៊ូម៉ូ។ គាត់រាប់រៀបការកាលពីឆ្នាំ១៩២៨ និងមានកូន៥នាក់ ។ អាយុកាលមធ្យមរបស់បុរសជបុ៉នជាលើកដំបូងហួសពី៨០ឆ្នាំកាលពីឆ្នាំ២០១៣ ។ ប្រមាណជា១ភាគ៤ នៃប្រជាជនជប៉ុនមានអាយុ៦៥ឆ្នាំ និងលើសពីនេះ ។ ជបុ៉នមានមនុស្សអាយុចាប់ពី១០០ឆ្នាំឡើងទៅដល់ជិត៥៩.០០០នាក់កាលពីខែកញ្ញាកន្លងទៅ ក្នុងនោះ៨៧% ជានារី៕
ចែករំលែកព័តមាននេះ