ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករចំណាកស្រុក ត្រូវបានដឹក​ពីព្រំដែន មកធ្វើចត្តាឡីស័ក តាមស្រុកកំណើតហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន ៣៣នាក់ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានក្រុមការងារមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង៖ ពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន ៣៣នាក់ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានក្រុមការងារមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ទទួលពីក្រុមដឹកជញ្ជូនរបស់កងយោធ​ពលខេមរភូមិន្ទ ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤​ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក កម្រិត២ នៅក្នុងសាលាគំរូក្រុង​។

លោកវេជ្ជបណ្ឌិត ងិន សារ៉េត ប្រធានមណ្ឌលចត្តាឡីស័កកម្រិត ២ សាលាគំរូក្រុង បានបញ្ជាក់​ថា នៅយប់ថ្ងៃទី២៧ ខែធ្នូ មណ្ឌលចត្តាឡីស័ក កម្រិត២ សាលាគំរូក្រុង បានទទួលពលករចំណាកស្រុក មកពីប្រទេសថៃ ចំនួន ៣៣នាក់។ បើគិតមកដល់ពេលនេះ ទាំងមុនទាំងក្រោយ មានចំនួនសរុប ៣៦នាក់ ( ស្រី ៧នាក់) ក្នុងនោះ ក៏មាន​កុមារ ២នាក់ ( ស្រី១នាក់ ) ផងដែរ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះអ្នកមកថ្មី នៅយប់ថ្ងៃទី២៧ ខែធ្នូ គឺបានយកសំណាក និងធ្វើចត្តាឡីស័ក នៅឯព្រំប្រទល់ដែន​រួចម្ដងហើយ។ ប៉ុន្តែការមកធ្វើចិត្តាឡីស័ក នៅស្រុកកំណើត នៅពេលនេះ គឺបង្គ្រប់រយៈពេល ១៤​ថ្ងៃ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បន្ថែមថា នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក​របស់ពលករទាំងអស់ នឹងត្រូវមន្ត្រីជំនាញសុខាភិបាល យកសំ​ណាក ទៅពិនិត្យ ជាលើកទី២ ទៀត។ បើឃើញថា ពួកគាត់អវិជ្ជមាន ដូចការធ្វើតេស្ត នៅឯព្រំប្រទល់ដែន នោះពួកគាត់ នឹងបានវិលត្រឡប់ទៅផ្ទះវិញ។

ពលករចំណាកស្រុក ដែលមានទីលំនៅភូមិឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់បានចំណាកស្រុកពីប្រទេសថៃ ហើយក៏បាន​ធ្វើចត្តាឡីស័ក នៅឯព្រំប្រទល់ដែនម្ដងរួចហើយ គឺបានរយៈពេល ១០ថ្ងៃ ដោយបានធ្វើសំណាកអវិជ្ជមាន​ទាំងអស់​គ្នា​។ បន្ទាប់មក ក្រុមការងារ បានបញ្ជូន​ពួកគាត់ មកដល់ខេត្តកំពង់ឆ្នាំង ដែលជាស្រុកកំណើត ដើម្បីបន្តធ្វើ​ចត្តាឡីស័ក ៤ថ្ងៃទៀត ដើម្បីគម្រប់ ១៤ថ្ងៃ។

ចំពោះការការសម្រាកនៅទីកន្លែងមណ្ឌលចត្តាឡីស័ក ពួកគាត់បានទទួលអាហារ​គ្រប់គ្រាន់ គឺមួយថ្ងៃ ៣ពេល មានទឹក មានបង្គន់អនាម័យ និងមានកន្លែង​ស្នាក់នៅត្រឹមត្រូវ។

ពួកគាត់សូមថ្លែងអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ ចំពោះពលករចំណាកស្រុក ដូចរូបគាត់។

គួរបញ្ជាក់ដែរថា សាលាគំរូក្រុង ត្រូវបានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង​ ក៏ដូចជា​អាជ្ញាធរ​ក្រុង ខេត្ត រៀបចំធ្វើជាកន្លែងសម្រាប់ពលករចំណាកស្រុក មកធ្វើចត្តាឡីស័ក ដោយមានបន្ទប់សម្រាកត្រឹមត្រូវ មានគ្រែ មានទឹក មានភ្លើង រួមទាំងការព័ទ្ធខ្សែការពារ មិនអនុញ្ញាតឱ្យចេញចូល ដោយមានដាក់កម្លាំងប្រចាំការ ឈរការពារ​ទាំងយប់​ទាំងថ្ងៃ​ផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ