ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី៥ កក្កដា ២០១៥ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានដឹកនាំសហការីនាំយកអំណោយជាសម្ភារសិក្សា នំចំណី និងប្រាក់ទៅចែកជូនដល់សិស្សតូចៗចំនួន៧៣នាក់ នៅចំណុចថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាមួយស្ថានភាពផ្លូវចូលភូមិ ដ៏សែនលំបាកក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានពុះពារឧបសគ្គទៅដល់គោលដៅបានដូចបំណង ។ ប្រជាពលរដ្ឋ ព្រឹទ្ធាចារ្យក្នុងភូមិ និងសិស្សតូចៗ បានសម្តែងទឹកចិត្តសប្បាយរីករាយឥតឧបមាក្រៃលែង ខណៈដែលឃើញក្រុមចលនាយុវជនកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខពួកគាត់ ដែលក្នុងមួយជីវិតពួកគាត់មិននឹកស្មានថា មានក្រុមសប្បុរសជនមកសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកភូមិគាត់ឡើយ ។
មិនតែប៉ុណ្ណោះ ថែមទាំងបានផ្តល់អំណោយដល់សិស្សតូចៗចំនួន៧៣នាក់ ដែលកំពុងសិក្សា ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ ក្នុងបន្ទប់រួមគ្នាតែមួយថែមទៀតផង ។ ស្ថិតក្នុងកណ្តាលទ្រូងព្រៃដ៏ជ្រៅ ប្រជាពលរដ្ឋដែលកំពុងរស់នៅប្រកបរបរកសិកម្ម និងផលនេសាទ មានចំនួន១០៦គ្រួសារ ស្មើនឹងជិត៦០០នាក់ ដែលជួបប្រទះនូវការលំបាកជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធសិក្សាធិការអប់រំជាដើម បានធ្វើឲ្យប្រជាពលរដ្ឋតំបន់នេះ ប្រឈមនឹងការលំបាកយ៉ាងខ្លាំង ។
លោក ទៀ សុខា បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះថា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដឹកនាំដោយលោក ម៉ឹង ពន្លក ជាប្រធាន និងលោក ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស គឺផ្តោតលើកិច្ចការងារសង្គមតែប៉ុណ្ណោះ ដោយមិនមានពាក់ព័ន្ធនឹងកិច្ចការនយោបាយឡើយ ។ លោក ទៀ សុខា បានថ្លែងបញ្ជាក់ទៀតថា ក្រោយពីទទួលព័ត៌មានថា នៅតំបន់នេះមានក្មួយៗ ដែលជាកូនសិស្សតូចៗចំនួន៧៣នាក់ បាននិងកំពុងរៀនជាមួយគ្នាក្នុងថ្នាក់រៀនមួយ ដែលបែងចែកជា៦កម្រិត ដែលបង្រៀនដោយលោកគ្រូម្នាក់ ដោយស្ម័គ្រចិត្ត លោកក៏បានរាយការណ៍ទៅថ្នាក់ដឹកនាំចលនាយុវជនកម្ពុជា (ក្រុម១៥៧) ។
ក្រោយពីមានការអនុញ្ញាតពីថ្នាក់ដឹកនាំភ្លាម លោកបានចាត់ចែងក្រុមការងារចុះត្រួតពិនិត្យតំបន់នេះ ព្រមទាំងបានចែកអំណោយជាសម្ភារសិក្សាដល់ក្មួយៗទាំង៧៣នាក់ ។
លោក ង៉ែត ដន ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងភូមិដោយមិនមានប្រាក់បៀវត្ស បានថ្លែងទាំងទឹកភ្នែករលីងរលោង រំភើបឥតឧបមាថា រូបលោកបានស្ម័គ្រចិត្តបង្រៀនក្មេងៗកូនអ្នកភូមិអស់រយៈពេល១៣ឆ្នាំមកហើយ ហើយមកដល់ពេលនេះ ក៏មានកូនសិស្សខ្លះបានចាកចេញពីភូមិទៅរៀនបន្តបញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ ។ ចំពោះការបង្រៀនរបស់លោក គឺមិនមានបន្ទប់រៀនសម្រាប់បែងចែកថ្នាក់រៀនចេញពីគ្នានោះទេ គឺក្នុងមួយបន្ទប់បង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ហើយក៏តម្រូវឲ្យមានក្តារខៀនដើម្បីសរសេរបង្រៀនសិស្សចំនួន៦ក្តារខៀនផងដែរ ដែលតម្រូវឲ្យពួកគាត់អង្គុយទល់ខ្នងគ្នារៀនក្នុងពេលតែមួយ ។
លោក ង៉ែត ដន ដែលមានកូនចំនួន៧នាក់ក្នុងបន្ទុក បានឲ្យដឹងទៀតថា ក្នុងមួយជីវិតរបស់លោក មិនមានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ដោយលោកសុខចិត្តចំណាយពេលវេលាអស់ទាំងនោះទៅបង្រៀនសិស្សពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ដោយមិនមានថ្ងៃសម្រាកនោះឡើយ ៕
ចែករំលែកព័តមាននេះ