កុំ​ភ័យ​! ការ​ប្រើ​កម្មវិធី Telegram នៅ​តែ​មិន​មានការ​បង់ថ្លៃ​សេវាកម្ម​ដដែល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ភ័យ​! ការ​ប្រើ​កម្មវិធី Telegram នៅ​តែ​មិន​មានការ​បង់ថ្លៃ​សេវាកម្ម​ដដែល

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​តែងតែ​គិត​ពី​ការ​ការពារ ទិន្នន័យ​ឯកជន​ភាព​របស់​ពួក​គេ កម្មវិធី Telegram គឺជា​កម្មវិធី​ដែល​គេ​ប្រើប្រាស់​ដោយសារ​តែ​កម្មវិធី​នេះ​បាន​ផ្ដល់​នូវ​មុខងារ end-to-end encryption មុនគេ…

រាជធានីភ្នំពេញ ៖ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​តែងតែ​គិត​ពី​ការ​ការពារ ទិន្នន័យ​ឯកជន​ភាព​របស់​ពួក​គេ កម្មវិធី Telegram គឺជា​កម្មវិធី​ដែល​គេ​ប្រើប្រាស់​ដោយសារ​តែ​កម្មវិធី​នេះ​បាន​ផ្ដល់​នូវ​មុខងារ end-to-end encryption មុនគេ ​។

យោងតាម ការចេញផ្សាយថ្មីៗនេះ របស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបន្តថា កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​អតីត​សហភាព​សូ​វៀត​និង​ប្រទេស​អ៊ឺ​រ៉​ង់ ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជិត​៥០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ចំណែកឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​នោះ កម្មវិធី Telegram ក៏​មានការ​ពេញ​និយម​គួរសម​ដែរ ដោយសារ​កម្មវិធី​នេះ​ងាយស្រួល​នឹង​ប្រើ ហើយ​ម្យ៉ាងវិញទៀត​វា​មិន​មាន​បញ្ហា​ច្រើន​ផង​នោះ​។

ដើម្បី​រក​កម្រៃ​មក​ផ្គត់ផ្គង់​សេវាកម្ម​នេះ​ដែល​មាន​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Pavel Durov ដែល​ជា​ស្ថាបនិក​របស់​កម្មវិធី Telegram បាន​ប្រកាស​ថា នឹង​ចាប់ផ្ដើម​ឱ្យ​មានការ​បង់ថ្លៃ​សេវាកម្ម​ក្នុង​ឆ្នាំ​២០២១ ដែល​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​គិត​ថា​គេ​ត្រូវ​តែ​បង់ប្រាក់​ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​តាម​ការ​ពិត​លោក​អ្នក​ភាគច្រើន​គឺ​អាច​នៅ​តែ​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​អ្វី​ទាំងអស់​។

លោក Pavel Durov បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រកាស​របស់​គាត់​ថា ការ​បង់ថ្លៃ​សេវាកម្ម​គឺ​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ដែល​ផ្ញើ​ឯកសារ​ធំ​ៗ «Power users» ហើយ​ដែល​ចង់​ប្រើប្រាស់​មុខងារ​ថ្មី​ៗ​បន្ថែម​។

ការ​ទាញ​យក​និង​ការ​ប្រើប្រាស់​កម្មវិធី ជាមួយនឹង​មុខងារ​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​នៅ​តែ​មិន​ចាំបាច់​បង់ថ្លៃ​សេវាកម្ម​ដដែល​។ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វិញ​នោះ វា​ក៏​មិន​មានការ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ទូទៅ​ជា​លក្ខណៈ​ឯកជន​ទេ នេះ​គឺ​សម្រាប់​តែ​ផ្សព្វផ្សាយ​នៅ​ក្នុង​ក្រុម​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​អ្នក​តាមដាន​ច្រើន «Massive public one-to-many channels» តែ​ប៉ុណ្ណោះ​៕