រាជធានីភ្នំពេញ ៖ ថ្មីៗនេះក្រសួងបរិស្ថាន បានចេញប្រកាស ដោយហាមមិនឲ្យជិះយានយន្តគ្រប់ប្រភេទឡើងតំបន់ភ្នំខ្នងផ្សារ ហាមកាប់ដើមឈើ សូម្បីតែសម្រាប់ធ្វើអុស និងហាមចោលសំណល់រឹង-រាវ ប្រសិនជាមានបទល្មើសនឹងបម្រាមទាំង ៣ នេះ ត្រូវផាកពិន័យពី ១លាន ទៅ ១០លានរៀល។
ជាមួយគ្នានេះដែរ ក្រសួងបានបន្តថា ក្រសួងបានពិនិត្យឃើញថា កន្លងមកមានទេសចរជាច្រើនបានធ្វើបានធ្វើដំណើរទៅលេងកំសាន្តនៅភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្រស់ល្អស្អាត មានជាអាទិ៍៖ ព្រះសុរិយាចាប់រះឡើង ព្រះសុរិយារៀបអស្តង្គត ដុំពពកហោះខ្មួលខ្មាញ់ ទេសភាពវាលស្មៅ និងព្រៃព្រឹក្សា ហ្វូងសត្វបក្សាបក្សី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ដែលទេសចរប្រសិទ្ធនាមតំបន់ភ្នំខ្នងផ្សារនេះថា «ឋានសួគ៌ធម្មជាតិ»។
ក្រសួងបរិស្ថានបានបន្តថា មានទេសចរមួយចំនួន ប្រើប្រាស់យានយន្ត កាប់ដើមឈើសម្រាប់ធ្វើអុស និងធ្វើជំរុំស្នាក់នៅ និងចោលសំណល់រឹង-រាវ ដែលបង្កការបំផ្លាញ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ទេសភាពនៃឋានសួគ៌ធម្មជាតិភ្នំខ្នងផ្សារនេះ។
ដើម្បីពង្រឹងការគ្រប់គ្រង និងថែរក្សាឋានសួគ៌ធម្មជាតិតំបន់ភ្នំខ្នងផ្សារនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល សម្រាប់ជាប្រយោជន៍យូរអង្វែងរបស់សង្គមជាតិ ក្រសួងបរិស្ថាន ក្នុងនាមរដ្ឋបាលកាន់កាប់តំបន់ការពារធម្មជាតិ សូមដាក់ចេញនូវវិធានការ ដូចខាង
ក្រោម៖
-ហាមរាល់សកម្មភាពប្រើប្រាស់យានយន្តឡើងទៅតំបន់ភ្នំខ្នងផ្សារជាដាច់ខាត ក្នុងករណីចាំបាច់ ត្រូវមានការអនុញ្ញាតជាមុនពីសមត្ថកិច្ចក្រសួងបរិស្ថាន។
-ហាមរាល់សកម្មភាពកាប់ដើមឈើសម្រាប់ធ្វើអុស ធ្វើជំរុំស្នាក់នៅ និងសម្រាប់គោលបំណងផ្សេងទៀត។
-និងហាមដាច់ខាតរាល់សកម្មភាពចោលសំណល់រឹង-រាវ នៅតំបន់ភ្នំខ្នងផ្សារនេះ។
ក្រសួងបរិស្ថាន បានបញ្ជាក់ជូនដំណឹងដល់សាធារណជន និងទេសចរទាំងអស់ថា រាល់សកម្មភាពល្មើសដូចមានចែងក្នុងវិធានការខាងលើ នឹងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ទៅដល់ ១០លានរៀល ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ដោយយោងតាមច្បាប់ ស្តីពី «តំបន់ការពារធម្មជាតិ» ត្រង់មាត្រា ៥៩ និងមាត្រាពាក់ព័ន្ធ៕
ចែករំលែកព័តមាននេះ