រាជធានីភ្នំពេញ ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គថ្មីៗនេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងព្រលែងសត្វអណ្តើក និងកន្ធាយ ដើម្បីចូលរួមចំណែកក្នុងការងារអភិរក្សក្តី និង/ឬ បួងសួងសូមសេចក្តីសុខក្តី សូមមេត្តាលែងពួកវា ទៅក្នុងជម្រកធម្មជាតិដូចជាទន្លេ បឹងបួរ ត្រពាំង ដើម្បីពួកវាអាចរស់នៅ បង្កកំណើតកូនចៅ បន្តវដ្តជីវិតរបស់ពួកវាអោយស្ថិតស្ថេរ ក្នុងដែនជម្រកធម្មជាតិ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបន្តថា យោងតាមជំនឿវប្បធម៌ខ្មែរ សត្វអណ្តើកតំណាងអោយអាយុយឺនយូរ និង/ឬជីវិតអមតៈ ។ ហេតុនេះហើយបានជាឋានៈរបស់សត្វអណ្តើកក្នុងជំនឿសាសនា ត្រូវគេចាត់ទុកថាជាសត្វមានបុណ្យបារមី គួរជាទីគោរពសក្ការៈ។ វាក៏ត្រូវបានគេចាត់ទុកជាតំណាង ឱ្យស្ថេរភាពនៃភពផែនដី ដោយសារសត្វល្មូននេះ អាចរស់នៅបានទាំងក្នុងទឹក និងនៅលើគោក។ ប្រជាជនខ្មែរមានជំនឿថាការលែងសត្វអណ្តើក-កន្ធាយចូលក្នុង ស្រះ ទន្លេ បឹងបួរគឺនាំមកនូវបុណ្យកុសល និងមានអាយុវែង។ ដូច្នេះ ជារឿយៗ មនុស្សម្នា ប្រាកដជាធ្លាប់ប្រទះឃើញ នៅតាមស្រះវត្តអារាមមួយចំនួន មានវត្តមានសត្វអណ្តើក និងកន្ធាយដែលប្រជាជនបានយកទៅលែង ហើយបួងសួងសុំសេចក្តីសុខសប្បាយ។
ទោះជាយ៉ាងណាក៏ដោយ លោក សោម ស៊ីថា មន្ត្រីគ្រប់គ្រងគម្រោងផ្នែកអភិរក្សអណ្តើក នៅអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ប្រចាំនៅតំបន់មេគង្គ និងស្រែអំបិល បានពន្យល់ថា «ការព្រលែងសត្វអណ្តើក ឬកន្ធាយទៅក្នុងស្រះវត្ត គឺមិនត្រូវបានលើកទឹកចិត្តដល់ប្រជាជនអោយធ្វើបែបនេះទេ ដោយសារស្រះវត្ត មិនមែនជាជម្រកសមស្របតាមមជ្ឈដ្ឋានរស់នៅរបស់សត្វអណ្តើក និងកន្ធាយឡើយ។ នៅតាមស្រះវត្ត មិនមានចំណីធម្មជាតិគ្រប់គ្រាន់ មិនមានទីតាំងសម្រាប់ពង-កូន គុណភាពទឹកមិនល្អដែលងាយធ្វើអោយអណ្តើក និងកន្ធាយកើតជម្ងឺ និងឆ្លងប៉ារាស៊ីត»។
ដូចនេះ ជាអនុសាសន៍សម្រាប់ប្រជាជនទាំងឡាយ សោម ស៊ីថា បន្ថែមថា អ្នកមិនគួរគប្បីព្រលែងសត្វអណ្តើក និងកន្ធាយទៅក្នុងស្រះវត្តឡើយ ប៉ុន្តែជំនួសមកវិញគឺលោកអ្នកគប្បីស្វែងរកស្រះទឹកធម្មជាតិណាមួយ ដែលអាចព្រលែងសត្វអណ្តើក និងកន្ធាយទាំងអស់នេះវិញ ឬទំនាក់ទំនងមកអ្នកជំនាញផ្នែកអណ្តើក និងកន្ធាយដើម្បីប្រឹក្សាយោបល់បន្ថែម។
គួរបញ្ជាក់ផងដែរថា យោងតាមភស្តុតាង ផ្នែកខាងបុរាណវិទ្យា ក្នុងសម័យអង្គរ គឺមានចម្លាក់អណ្តើកជាច្រើននៅតាម ជញ្ជាំងប្រាសាទនានា និងមានការកប់រូបសំណាកសត្វអណ្តើកធ្វើពីថ្មភក់នៅបាតក្រោមប្រាសាទផងដែរ។ នេះ-ស-បញ្ជាក់ថាទឹកដីរុងរឿងមួយនេះមានវត្តមានរបស់សត្វអណ្តើក ហើយស្ថិតក្នុងអំណាចនៃការការពាររបស់សត្វអច្ឆរិយៈនេះជារៀងរហូត។
យោងតាមការស្រាវជ្រាវ សត្វអណ្តើក និងកន្ធាយជាប្រភេទសត្វល្មូនដែលមានវត្តមាន នៅលើភពផែនដី ជាង២៥០លានឆ្នាំមុនមកម្ល៉េះ។ ពួកវាតំណាងឲ្យសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ។ យោងតាមអ្នកស្រីបណ្ឌិត ចិន ផេសយ៉ុក (Dr. Chen Pelf Nyok) សហស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការអភិរក្សសត្វអណ្តើក នៃប្រទេសម៉ាឡេស៊ីបានលើកឡើងថា អាយុកាលរបស់សត្វអណ្តើកគឺអាស្រ័យតាមប្រភេទ និងអម្បូរ។ អណ្តើកដែលទទួលបានការមើលថែទាំល្អ អាចរស់នៅបានចន្លោះពី១០ ទៅ១០០ឆ្នាំ។ ប្រភេទអណ្តើកយក្សខ្លះអាចរស់នៅលើសពី១៥០ឆ្នាំ ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបន្ថែមថា អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា មានប្រភេទសត្វអណ្តើក-កន្ធាយទឹកសាបមួយចំនួន បានចាត់ចូលជាប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ និងឈានដល់ការជិតផុតពូជ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។ ប្រភេទសត្វអណ្តើក-កន្ធាយទឹកសាបទាំងនោះរួមមាន ៖ អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis) អណ្តើកសង្កល់ (Heosemys annandalii) អណ្តើកក្អែក (Siebenrockiella crassicollis) អណ្តើកសោម (Heosemys grandis) អណ្តើកក្បាលធំ/អណ្តើកស្រែ (Malayemys subtrijuga) កន្ធាយអាស៊ី (Amyda cartilaginea) និងកន្ធាយក្បាលកង្កែប (Pelochelys cantorii) ៕
ចែករំលែកព័តមាននេះ