ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែដើម្បីក្រពះ និងលុយមកចិញ្ចឹមគ្រួសារ ពលករខ្មែរមានទាំងប្រុស ទាំងស្រី រួមនឹងក្មេងតូចៗចំនួន៥២នាក់បានប្តូរជីវិត ដោយលួចចូលទឹកដីថៃរួចបោះជំរុំស្នាក់នៅលើទឹកដីថៃជាប់នឹងព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តដំណើរស្វែងរកការងារធ្វើនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយក៏ត្រូវកម្លាំងយោធាការពារព្រំដែនថៃលេខ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ ដោយសារតែពលករខ្មែរទាំងអស់នេះបានលបលួចឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត។
ការឃាត់ខ្លួនពលករខ្មែរខាងលើនេះនៅព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃដែលជាតំបន់ឧទ្យានជាតិប៉ាស្ងួន ដោយមានបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្ត លោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណង គឺអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលថៃ ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលកំពុងយាយីខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងអស់បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកធ្យូង ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យ ។
បើតាមសមត្ថកិច្ចថៃបានបញ្ជាក់ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ការបោះជំរុំស្នាក់នៅនោះ មានពលករខ្មែរចំនួន៥២នាក់ ក្នុងនោះស្រី២៤ ប្រុស២១ និងក្មេងតូចៗចំនួន៧នាក់ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរ ដើម្បីចាត់ការបន្តផងដែរ។
ចំណែកសមត្ថកិច្ចខ្មែរវិញ ក៏បានប្រាប់ឲ្យដឹងដែរថា ពលករខ្មែរទាំង៥២នាក់ខាងលើ ត្រូវបានក្រុមមន្ត្រីសុខាភិបាលស្រុកត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាស់កម្តៅ តែគ្មាននរណាម្នាក់មានកម្តៅខ្ពស់គួរឲ្យព្រួយបារម្ភនោះឡើយ ។
ក្រោយពីបានសាកសួរ ពលករខ្មែរទាំងនោះបាននិយាយថា ពួកគេមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលបលួចឆ្លងដែនចូលតាមច្រករបៀង ដើម្បីស្វែងទៅរកការងារកសិកម្មធ្វើក្នុងស្រុកគោកធ្យូង និងស្រុកក្បែរខាង ដោយបានកម្រៃក្នុង១ថ្ងៃ គឺម្នាក់ចាប់ពី២០០បាតទៅ៣០០បាត ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ ។
ក្រោយពីសាកសួររួច ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងតំបន់បញ្ជូនតាមរថយន្តយកទៅកន្លែងត្រួតពិនិត្យ ដើម្បីវាស់កំដៅ និងចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ