រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃ ឈាមនៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើឱ្យស្លាប់និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍ ។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន ក៏បានបញ្ជាក់ថា ៖ ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់ ។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨ ។ ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងនៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រដែលមាន ។
ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយះម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម៖

- ឈឺចុក ឬណែនដើមទ្រូង
- ថប់ដង្ហើម
- អារម្មណ៏ ឬសញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ ។
កត្តាប្រឈម នៃជំងឺស្ទះសរសៃឈាមបេះដូង មានដូចជា៖ - អ្នកដែលមានអាយុច្រើន
- អ្នកដែលលើសជាតិខ្លាញ់ និងលើសទំងន់
- អ្នកពិសារបារី
- អ្នកដែលមានជំងឺលើសឈាម
- អ្នកដែលមានជំងឺទឹកនោមផ្អែម
- អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ ។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកថា៖ ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer) ឬ ៕
ចែករំលែកព័តមាននេះ