ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KOICA សិក្សា​គម្រោង​កែប្រែ​តំបន់​សង្គ្រាម​ឲ្យ​ប្រែ​ក្លាយជា​តំបន់​អភិវឌ្ឍ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ KOICA ដែល​ដឹកនាំ​ដោយ លោក រ៉ូ…

ខេត្ត​ប៉ៃលិន ៖ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ KOICA ដែល​ដឹកនាំ​ដោយ លោក រ៉ូ ហ៊ុន​ជុន តំណាង KOICA ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួប​ពិ​ភក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ហែម ឫ​ទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត ដើម្បី​ធ្វើការ​សិក្សា​ពី​គម្រោង​កែរ​ប្រែ​តំបន់​សង្គ្រាម​អោយ​ប្រែ​ក្លាយជា​តំបន់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​។

លោក រ៉ូ ហ៊ុន​ជុន តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖ គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើត​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍន៍​យ៉ាង​ជឿនលឿន នៅ​តាម​មូលដ្ឋាន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​មាន​មីន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ក្នុង​ចំណោម​គ្រួសារ​ងាយ​រង​គ្រោះ​បំផុត​។

លោក​បាន​បន្ត​ថា​៖ ទីតាំង​របស់​គម្រោង​នេះ គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ មាន​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ហើយ​ក្រុមការងារ​រួម​របស់ KOICA និង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​គម្រោង​សំខាន់​ៗ​ដែល​ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​នៃ​ការ​អនុវត្ត និង​ផែនការ​សកម្មភាព​រក​ឃើញ​នូវ​គន្លឹះ​សំខាន់​ៗ របស់​ក្រុមការងារ​ការិយាល័យ KOICA ប្រចាំ​នៅ​កម្ពុជា នឹង​រាយការណ៍​ជូន​ទៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ដើម្បី​ធ្វើការ​ជ្រើសរើស​គម្រោង​អាទិភាព​មួយ​ដូច​ជា​៖ វិស័យ​អប់រំ កសិកម្ម អភិវឌ្ឍ​ជនបទ និង​សុខាភិបាល សម្រាប់​អនុវត្តន៍​នៅ​ឆ្នាំ​២០២១ ហើយ​ប្រសិនបើ​គម្រោង​នេះ​ជាប់ ក្នុង​ការ​ជ្រើសរើស គម្រោង​នឹង​ត្រូវ​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ៦០​ខែ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ដែល​មាន​ថវិកា​សរុប​ប្រមាណ ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ឯកឧត្តម ហែម ឫ​ទ្ធី ក្នុង​នាម​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​គាំទ្រ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដែល​នេះ​គឺជា​ការ​ពង្រឹងពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖

តាម​រយៈ​គម្រោង​នេះ នឹង​ជួយ​រក​ទីផ្សារ​ឱ្យ​កសិករ ជា​កន្លែង​ផ្តល់​ព័ត៌មាន​ទាក់ទង​អំពី​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែល​អ្នកបញ្ជា​ទិញ​ត្រូវការ និង​ជា​កន្លែង​ណាត់ជួប​រវាង​អ្នក​បរិភោគ ឈ្នួ​ញ​កណ្តាល ជាមួយ​អ្នក​ផ្គត់ផ្គង់ ជា​ពិសេស​វា​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និង​ការ​ធានា​ត្រឹមត្រូវ​។ សូម​បញ្ជាក់​ថា​៖ ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​សរុប ១ ០៦២​គីឡូ​ម៉ែ​ត​ការេ មាន​ប្រជាជន​ចំនួន ៦៧ ៥៧៣​នាក់ ក្នុង​នោះ​ស្រី​ចំនួន ៣៥ ០៤៦​នាក់ ហើយ​វិស័យ​ដែល​មាន​សក្តានុពល​បំផុត​របស់​ខេត្ត គឺ​វិស័យ​កសិកម្ម និង​ទេសចរណ៍​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ