ខេត្តរតនគិរី ៖ បុរសម្នាក់បានរងរបួសដោយសារផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យបែកចង្កា និងបាក់ធ្មេញ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានម្ចាស់ផ្ទះឈ្មោះ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។
សាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ជនរងគ្រោះនោះមានឈ្មោះ លេន ម៉េងគ្រី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរស៊ីឈ្នួលដឹកកូនដូងប្រេងឱ្យក្រុមហ៊ុនហ័ងអាញ់ មានទីលំនៅសព្វថ្ងៃផ្ទះជួលស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា ជនរងគ្រោះបានមកដូរកំប៉ុងហ្គាសចំនួន៥កំប៉ុង ហើយគាត់ក៏បានវិចខ្ចប់ឱ្យទៅជនរងគ្រោះ ពេលនោះស្រាប់តែកំប៉ុងហ្គាសនោះក៏បានផ្ទុះធ្វើមានការភ្ញាក់ផ្អើលឆោឡោឡើង ខណៈនោះគាត់ក៏បានស្ទុះទៅជួយជនរងគ្រោះឃើញបែកចង្កា ហើយក៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាមរថយន្តដោយខ្លួនឯង ។
លោកគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះខាងលើរបួសបែកចង្កា និងបាក់ធ្មេញ១ ឥឡូវកំពុងសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
គួរបញ្ជាក់ផងដែរថា សូមអាជីវករ និងអ្នកប្រើប្រាស់កំប៉ុងហ្គាសទាំងអស់ មេត្តាកុំប្រើ និងលក់កំប៉ុងហ្គាសណាដែលចាស់ៗ ឬកំពិត ដែលអាចបណ្តាលមានគ្រោះថ្នាក់ជាយថាហេតុ ដូចបុរសដែលមានគ្រោះថ្នាក់ដោយសារផ្ទុះកំប៉ុងហ្គាសខាងលើនេះផងដែរ ៕
ចែករំលែកព័តមាននេះ