ការផ្តល់ឈាមសង្គ្រោះអ្នកជំងឺ ល្មមឈប់ស្មុគស្មាញហើយ !
- ភ្នំពេញ
កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានក្រុមគ្រួសារស្ត្រីអ្នកជំងឺម្នាក់ មកពីខេត្តកំពង់ចាម មានជំងឺខ្វះគ្រាប់ឈាម កំពុងសម្រាកព្យាបាល នៅមន្ទីររុស្ស៊ី ឬមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ។ គ្រូពេទ្យនៅពេទ្យរុស្ស៊ីបានប្រាប់ថា ស្ត្រីអ្នកជំងឺនេះ ត្រូវការបញ្ចូលឈាម៣ប្លោក ។ ដូច្នេះហើយ បានជានៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កូនប្រុសគាត់២នាក់ បានទៅផ្តល់ឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលស្ថិតនៅជាប់របងនឹងមន្ទីរពេទ្យរុស្ស៊ី ដោយមានសំបុត្រចេញពីពេទ្យរុស្ស៊ីផង ។
ក៏ប៉ុន្តែនៅពេលទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម កូនប្រុសម្នាក់របស់ស្ត្រីអ្នកជំងឺនោះ មិនត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងមជ្ឈមណ្ឌលផ្តល់ឈាមឡើយ ដោយសារតែគាត់មិនបានយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ រីឯម្នាក់ទៀត បានចូលក្នុងកន្លែងផ្តល់ឈាម តែនៅពេលគ្រូពេទ្យសាកសួរពីសុខភាព គឺគាត់បានឆ្លើយប្រាប់ពេទ្យថា គាត់បានលេបថ្នាំឈឺមាត់ កាលពី១០ថ្ងៃមុន ។ គ្រូពេទ្យ ក៏មិនអនុញ្ញាតឲ្យបុរសវ័យ៤០ឆ្នាំជាងនេះ ផ្តល់ឈាម សម្រាប់ម្តាយរបស់គាត់ ដែលកំពុងត្រូវការឈាមដែរ ។
ជាងនេះទៅទៀត ក្នុងពេលអ្នកផ្តល់ឈាម ឈរតម្រង់ជួររង់ចាំចូលជួបគ្រូពេទ្យប្រឹក្សាយោបល់ ក៏ត្រូវបានគ្រូពេទ្យ ស្រែកប្រាប់ថា អ្នកមានជំងឺផ្តាសសាយ គឺមិនអនុញ្ញាតឲ្យផ្តល់ឈាមឡើយ ។
នៅពេលទៅមើលម្តាយសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ក្រុមគ្រួសារអ្នកជំងឺរូបនេះ ក៏បានសាកសួរគ្រូពេទ្យស្នើសុំខ្ចីឈាមសិន រង់ចាំដល់ព្រឹកថ្ងៃទី២៣ធ្នូស្អែក ទើបមានអ្នកផ្សេងជាមិត្តភក្តិ និងបងប្អូនទៅផ្តល់ជំនួស។ តែគ្រូពេទ្យក៏បានឆ្លើយថា មិនមានឈាមឲ្យខ្ចីទេ។ កូនៗរបស់ស្ត្រីនេះ ក៏សួររកទិញឈាម ក៏ត្រូវពេទ្យឆ្លើយប្រាប់ថា មិនមានឈាមសម្រាប់លក់ឡើយ ។ ដូច្នេះ ក្រុមគ្រួសារអ្នកជំងឺ លើកជាចម្ងល់ពីនីតិវិធីនៃការបរិច្ចាគ ផ្តល់ឈាម ដើម្បីសង្គ្រោះម្តាយរបស់ពួកគាត់ ដែលកំពុងសម្រាកនៅពេទ្យរង់ចាំឈាមដោយវិធីណា ?
បើសិនជារឿងរ៉ាវខាងលើនេះ ពិតដូចការលើកឡើងរបស់កូនប្រុសស្ត្រីអ្នកជំងឺមែននោះ តើគ្រាន់តែមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏មិនអាចផ្តល់ឈាមបានដែរនោះ គឺពិតជា មិនគួរឲ្យកើតរឿងរ៉ាវដូច្នេះទេ។ ម្យ៉ាងទៀត តាមបទពិសោធន៍អ្នកផ្តល់ឈាមរាប់ឆ្នាំយ៉ាងទៀង ទាត់រៀងរាល់ ៣ខែម្តង កន្លងមក គឺការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក៏ពេទ្យមិនដល់ថ្នាក់សួររកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនោះទេ។ចំណែកការលេបថ្នាំ មុនបរិច្ចាគឈាមនេះក៏ពេទ្យមិនបានសួរដេញដោល ហើយការលេបថ្នាំរហូតដល់ ១០ថ្ងៃទៅហើយនោះក៏មិនជះឥទ្ធិពលអ្វីដល់ឈាមដែលត្រូវបរិច្ចាគនៅពេលនេះដែរ ។
ជុំវិញការលើកឡើងពីក្រុមគ្រួសារអ្នកជំងឺខាងលើនេះ មិនទាន់មានការឆ្លើយបំភ្លឺណាមួយ ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅឡើយទេ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយលោកបានសរសេរសារតាមទូរស័ព្ទយ៉ាងខ្លីថា លោកកំពុងជាប់រវល់ មិនអាចនិយាយបានទេនៅពេលនេះ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តាំងពីពេលលោកវេជ្ជបណ្ឌិត សុខ ប៉ូ ឡើងធ្វើជាប្រធានមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ជំនួសលោក ហុក គឹមចេង គឺលែងអនុញ្ញាតឲ្យយកកាតផ្តល់ឈាម ដោយស្ម័គ្រចិត្ត មកដូរយកឈាមបានទៀតឡើយ។ ការធ្វើដូច្នេះ ត្រូវបានលោកវេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា ដើម្បីកុំឲ្យមានជនខិលខូចទិញលក់ឈាម ។សម្រាប់អ្នកជំងឺដែលត្រូវការឈាម គឺត្រូវមានសាច់ញាត្តិ ក្រុមគ្រួសារ មិតភក្តិ ជាអ្នកមកផ្តល់ឈាមជំនួស។ រីឯការទិញលក់ឈាម គឺជាអំពើខុសច្បាប់ ។
ជាគោលការណ៍គ្រូពេទ្យមិនថា នៅពេទ្យរដ្ឋ ពេទ្យឯកជន ឬក៏នៅមន្ទីរពេទ្យគន្ធបុប្ផាទេ គឺតម្រូវឲ្យមានសាច់ញាត្តិ ឬមិត្តភក្តិអ្នកជំងឺបរិច្ចាគឈាម បើសិនជាអ្នកជំងឺនោះ ត្រូវការបញ្ចូលឈាម។ ការធ្វើដូច្នេះ ដោយសារតែមន្ទីរពេទ្យ ក៏ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម មិនមានឈាមស្តុកគ្រប់គ្រាន់ ដើម្បីបើកផ្តល់ឲ្យអ្នកជំងឺនោះទេ។
អ្នកជំងឺដែលត្រូវការឈាម គឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកដែលត្រូវវះកាត់ធ្ងន់ធ្ងរ ។ជាការកត់សម្គាល់ តម្រូវការឈាមនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែអ្នកបរិច្ចាគឈាម មិនមានគ្រប់តម្រូវការឡើយ។ ក្នុងឆ្នាំ២០២០នេះ តម្រូវការឈាមនៅរាជធានីភ្នំពេញ គឺក្នុងរង្វង់ ២០០ប្លោក ក្នុងមួយថ្ងៃ ហើយបើសរុប នៅទូទាំងប្រទេស គឺមានតម្រូវការឈាមប្រមាណ៣០០ប្លោក ក្នុងមួយថ្ងៃ ។
កន្លងមក មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏ដូចមន្ទីរពេទ្យនានា ទទួលបានអ្នកផ្តល់ឈាមដោយ ស្ម័គ្រចិត្ត តិចតួចបំផុត។ ប៉ុន្តែក៏មានកម្មវិធីនានា ដើម្បីទទួលការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ពិសេសវិស័យឯកជន ក្រុមហ៊ុននានាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងចុះតាមក្រសួងស្ថាប័នរដ្ឋទៅទទួលអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តផងដែរ។
ព្រឹត្តិការណ៍ធំៗ ២ ក្នុង ១ឆ្នាំ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទទួលអ្នកផ្តល់ឈាមស្ម័គ្រចិត្ត គឺនៅថ្ងៃទី១៤កុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់ និងថ្ងៃទី១៤មិថុនា ទិវាផ្តល់ឈាមអន្តរជាតិ ។ ក្រៅពីនោះ ក៏មានអង្គការ សមាគម ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវិស័យ ឯកជននានា ក៏បានចូលរួមផ្តល់ឈាម ដោយបង្កើតជាធនាគារឈាម ថែមទៀតផង ។
ការបរិច្ចាគឈាម ធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ។ មនុស្សប្រុសស្រី មានអាយុ ចាប់ពី ១៨ឆ្នាំឡើង មានទម្ងន់៤៥គីឡូក្រាមឡើងទៅ និងមានសុខភាពល្អ ទាំងផ្លូវចិត្ត ទាំងផ្លូវកាយអាចបរិច្ចាគឈាមបានហើយ។ សម្រាប់បុរសអាចបរិច្ចាគឈាម យ៉ាងតិច៣ខែម្តង។ រីឯស្ត្រី អាចបរិច្ចាគឈាម យ៉ាងតិច៣ខែកន្លះម្តង ។ ការបរិច្ចាគឈាម មិនប៉ះពាល់សុខភាពអ្វីនោះទេ ។យ៉ាងណាក៏ដោយ អ្នកផ្តល់ឈាមស្ម័គ្រចិត្តមួយចំនួនកន្លងមក ចេះតែបារម្ភថា ឈាមរបស់ខ្លួនដែលផ្តល់ទៅហើយនោះ ត្រូវគេយកទៅលក់ឲ្យអ្នកជំងឺ ព្រោះថា នៅពេលសាច់ញាតិ មិត្តភក្តិ ក្រុមគ្រួសាររបស់អ្នកធ្លាប់បរិច្ចាគឈាម មានជំងឺ ត្រូវការបញ្ចូលឈាម គឺមិនអាចទទួលបានឈាមដោយទទេៗឡើយ ។
ពោលគឺត្រូវបង់លុយឲ្យពេទ្យ បើសិនជាត្រូវការឈាមបន្ទាន់ ហើយរកអ្នកផ្តល់ឈាមជំនួសវិញ មិនបានទេនោះ។ នេះជារឿងពិត នៅក្នុងសង្គមយើង ដែលការទិញលក់ឈាមនេះ កើតឡើងនៅតាមមន្ទីរពេទ្យ តែថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រសួងសុខាភិបាល តែងតែបដិសេធ ច្រានចោល ដោយមិនចាត់វិធានការឲ្យមានប្រសិទ្ធភាព លុបបំបាត់ជំនួញឈាមដើម្បីផ្តល់ទំនុកចិត្ត ទាក់ទាញអ្នកផ្តល់ឈាមឲ្យបានច្រើននោះទេ ។
ម្យ៉ាងទៀត នៅមន្ទីរពេទ្យឯកជនទំនើបៗ ដូចជា មន្ទីរពេទ្យ Royal Phnom Penh និងមន្ទីរពេទ្យ ជោរៃ ជាដើម ក៏ត្រូវទៅបើកយកឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលជាកន្លែងបរិច្ចាគឈាមរបស់រដ្ឋនោះដែរ។ ករណីនេះ តើអាចមានការត្រូវរ៉ូវគ្នា ដើម្បីទិញឈាមឬទេ ?
ព្រោះបើអ្នកជំងឺនៅមន្ទីរពេទ្យទំនើបៗដែលមានថ្លៃសម្រាកព្យាបាលខ្ពស់ៗទាំងនេះ ក៏ត្រូវបង់លុយថ្លៃឈាម បើសិនជាត្រូវបញ្ចូលឈាមឲ្យអ្នកជំងឺនោះ?នៅពេលនេះ បើគ្រាន់តែក្រុមគ្រួសារអ្នកជំងឺហើយ មិនអាចផ្តល់ឈាមជំនួស សម្រាប់អ្នក ជំងឺផងនោះ តើឲ្យអ្នកជំងឺ ដែលកំពុងត្រូវការឈាម សង្ឃឹមលើអ្វីទៀត ? នេះគេមិនទាន់ គិតដល់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ដែលមិនទាំងទាន់មានទំនុកចិត្ត ១០០% ដែលថា ឈាមរបស់ពួកគេ ដែលបានបរិច្ចាគទៅហើយ មិនត្រូវបានគេយកទៅលក់ដូរផងនោះ ។
ដូច្នេះ ជាដំណោះស្រាយ ខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរតែកុំបង្កើតនីតិវិធីស្មុគស្មាញច្រើនពេក លើអ្នកបរិច្ចាគឈាមជំនួស ដើម្បីឲ្យអ្នកជំងឺបានឈាមដើម្បីសង្គ្រោះជីវិត ។ម្យ៉ាងទៀតក្រៅពីជំរុញអប់រំ ផ្សព្វផ្សាយ លើកទឹកចិត្តឲ្យមានអ្នកចូលរួមបរិច្ចាគឈាមហើយនោះ ថ្នាក់ដឹកនាំសុខាភិបាល ពិសេសមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ត្រូវតែមានយន្តការផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីធានាអះអាង និងឲ្យប្រាកដថាឈាមដែលគេបរិច្ចាគទៅហើយនោះ មិនត្រូវបានគេយកទៅលក់ឡើយ ។
ចំណុចនេះ ថ្នាក់ដឹកនាំសុខាភិបាល មន្ទីរពេទ្យពិសេសមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរតែបង្ហាញសាធារណជនពីតម្លាភាព គណេយ្យភាព និងសុច្ចរិតភាពដោយបើកទូលាយឲ្យសាធារណជនដឹងលឺពីនីតិវិធីបើកផ្តល់ឈាមដែលពួកគេបរិច្ចាគទាំងនោះ។
គួរតែមានការចូលរួមសង្កេតការណ៍ ហើយផ្សាយផ្ទាល់តាមហ្វេសប៊ុក ដោយគ្មានការលាក់លៀមអ្វីឡើយ ។
ជាការពិតហើយ បើសិនជាស្ថាប័នមានសមត្ថកិច្ច ពិសេសមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្តល់លក្ខណៈងាយស្រួលដល់ក្រុមគ្រួសារអ្នកជំងឺ និងជាពិសេសបង្កើនទំនុកចិត្តដល់អ្នកបរិច្ចាគឈាម នោះនឹងអាចមានអ្នកបរិច្ចាគឈាមកាន់តែច្រើនថែមទៀត ចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្ត ខណៈដែលសព្វថ្ងៃមានក្រុមយុវជនជាច្រើន បានចងក្រងបង្កើតជាធនាគារឈាមរង់ចាំផ្តល់ឈាមដល់សមាជិក ឬក្រុមគ្រួសារញាត្តិមិត្តណា ដែលឈឺ ត្រូវការបញ្ចូលឈាម ៕ អត្ថបទដោយ៖ មុត ស្រីពៅ
ចែករំលែកព័តមាននេះ