ម៉ាឡេស៊ី ៖ ជំងឺរាតត្បាតកូវីដ១៩ កំពុងបំផ្លាញក្តីសុបិន្តរៀបចំពិធីមង្គលការរបស់គូស្វាមីភរិយាជាច្រើននៅជុំវិញពិភពលោក ។ ប៉ុន្តែសម្រាប់គូស្វាមីភរិយាជនជាតិម៉ាឡេស៊ី១គូនេះវិញ មានវិធីមួយសម្រាប់ធ្វើឱ្យពិធីមង្គលការរបស់ពួកគេប្រព្រឹត្តទៅដោយមានការចូលរួមពីភ្ញៀវប្រមាណ១ម៉ឺននាក់។
អនុវត្តស្របតាមច្បាប់នៃការរឹតបន្តឹងរបស់ម៉ាឡេស៊ី ពីការប្រមូលផ្តុំហ្វូងមនុស្ស ពិធីមង្គលការរបស់កូនកំលោះឈ្មោះ Tengku Muhammed Hafiz និងកូនក្រមុះឈ្មោះ Oceane Alagia មានមនុស្សត្រឹមតែ២០នាក់ប៉ុណ្ណោះ ដែលសុទ្ធតែជាសាច់ញាតិ ដែលមានវត្តមានផ្ទាល់ក្នុងពិធីនេះ។
ប៉ុន្តែពួកគេក៏អាចស្វាគមន៍ភ្ញៀវប្រមាណ១ម៉ឺននាក់ផ្សេងទៀត តាមរយៈការអនុញ្ញាតិឱ្យពួកគេបើកឆ្លងកាត់មុខរោងពិធីដោយពុំចាំបាច់ចុះពីលើរថយន្ត (Drive-Thru) ដើម្បីជាការផ្តល់កិត្តិយសដល់គូស្វាមីភរិយាថ្មីថ្មោង១គូនេះ។ ពិធីមង្គលការដែលធ្វើឡើងកាលពីថ្ងៃទី ២០ ធ្នូ កន្លងទៅ បានចំណាយពេលប្រហែល៣ម៉ោង ដើម្បីស្វាគមន៍ភ្ញៀវទាំង១ម៉ឺននាក់។
ក្រោយបញ្ចប់ពិធីកូនកំលោះ Hafiz ដែលត្រូវជាកូនរបស់លោក Tengku Adnan អ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ និងជាអតីតរដ្ឋមន្ត្រីក្រសួងដែនដីរបស់ម៉ាឡេស៊ីបាននិយាយថា «ខ្ញុំនិងក្រុមគ្រួសារពិតជាមានកិត្តិយសណាស់។ សូមអរគុណអ្នកទាំងអស់គ្នាដែលយោគយល់ និងប្រកាន់ខ្ជាប់រាល់នីតិវិធី ដែលធ្វើឡើងដោយមិនចាំបាច់ចុះពីលើរថយន្ត»៕ (ដកស្រង់ចេញពី BBC)