រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី២១ ខែធ្នូនេះថា តាមការវិវត្តិជាក់ស្តែថនៃស្ថានភាពធាតុអាកាសបង្ហាញថា វិសម្ពាធ (Tropical Depression)ដែលបាន និងកំពុងស្ថិតនៅក្នុងសមុត្រចិនខាងត្បូង បានបង្កើតឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី ២៣ ឈ្មោះក្រវាញ់ (KROVANH) ។
តាមការព្យាករ ព្យុះនេះនឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ នេះ ហើយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។
ក្រសួងធនធានទឹក បន្តថា នៅថ្ងៃទី២៤ ខែធ្នូនេះ វិសម្ពាធនេះ បានថយសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានីប្រទេសថៃ ។
ក្រសួងបានលើកឡើងទៀតថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មានពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្ទាន់ក្នុងករណីមានអាកាសធាតុមាន ប្រែប្រួល ៕
ចែករំលែកព័តមាននេះ