រាជធានីភ្នំពេញ ៖ ឥទ្ធិពលព្យុះទី២២ឈ្មោះហាលុង (Halong) T2522 និងព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ តែ២០%តែប៉ុណ្ណោះ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកបានលើកឡើងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា ព្យុះទី២២ឈ្មោះហាលុង (Halong) T2522 និងព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 មានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូង សមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។
គន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ក្រសួងធនធានទឹកបានឲ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម
៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥% ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ