ខេត្តសៀមរាប ៖ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ រង្វង់មូលក្នុងស្រុកបន្ទាយស្រី គឺជារង្វង់មូលមួយដ៏សែនធំជាគេនៅកម្ពុជា។ ដោយសារតែរង្វង់មូលមួយនេះ មានទំហំធំ ហាក់នៅឆ្ងាយពីទីប្រជុំជននៃខេត្តសៀមរាប ទើបទីនោះក្លាយទៅជាកន្លែងចងគោ-ក្របី និងទីវាលចាក់សំរាម ផងដែរ។
ក្រោមក្រសែភ្នែកមនុស្សជាច្រើននាក់ ដែលបានសម្លឹងមើលក្នុងមួយថ្ងៃៗ ក៏មានការលើកឡើង ហើយបរិយាយបែបផ្សេងៗគ្នា ដោយអ្នកខ្លះបង្ហាញពីក្តីសង្វេគ និងខ្លះទៀត បង្ហាញពីភាពរិះគន់ផងដែរ។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថា អាជ្ញាធរខេត្ត រួមទាំងមន្ទីរទេសចរណ៍ខេត្តសៀមរាប គ្រោងរៀបចំក្រែប្រែរង្វង់មូលនេះ ដោយមានដាក់តាំងរូបសំណាកផងដែរ។ ហើយអាជ្ញាធរស្រុកបន្ទាយស្រីក៏បានអះអាងថា នឹងដាំស្មៅ រួមទាំងផ្កាចម្រុះពណ៌ ហើយកែប្រែរង្វង់មូលដែលគ្មាន២នៅកម្ពុជាមួយនេះ ឱ្យទៅជាមានទេសភាពពណ៌បៃតង និងជាតំបន់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឡើងវិញផងដែរ។
លោកក៏នៅមិនទាន់ដឹងច្បាស់ថា នឹងត្រូវដាក់រូបអ្វី ហើយការកែប្រែនោះ និងត្រូវបង្រួមឱ្យតូច ឬយ៉ាងណានោះទេ? តែដោយគម្រោងរបស់ខេត្តនៅមានរយ:ពេលយូរ ចឹងទេរូបលោករួមទាំងមន្ត្រី ត្រៀមរៀបចំសំអាតបណ្តើរៗ ដោយដាំស្មៅ ដាំផ្កាចម្រុះពណ៌ រៀបចំប្រព័ន្ធទឹក បញ្ចៀសការចងគោ-ក្របី និងចោលសំរាម ធ្វើយ៉ាងណាឱ្យតំបន់នោះ ក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរ។

លោកអភិបាលក៏បានបន្តថា រង្វង់មូលមួយនេះ កសាងឡើងក្នុងអំឡុងឆ្នាំ២០១០-២០១១ ក្នុងតំណែងលោកស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ រង្វង់មូលនេះមានផ្ទៃក្រឡាជាង២ម៉ឺនម៉ែត្រក្រឡា( ជាង២ហិកតា) ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានចម្ងាយជាង៤០គីឡូម៉ែត្រ ពីទីប្រជុំជននៃក្រុងសៀមរាប។
លោកឃឹម ហ្វីណង់ បន្ថែមថា អ្នកទេសចរណ៍ ក៏ដូចជាពលរដ្ឋផ្សេងទៀត អាចស្គាល់រង្វង់មូលដ៏សែនធំនេះ ប្រសិនបើពួកគេដើរទស្សនាប្រាសាទ ក៏ដូចជារមណីយដ្ឋាន ភ្នំគូលែន ដោយឆ្លងកាត់រង្វង់មូលនេះ។

សូមរំលឹកថា រង្វង់មូលដ៏សែនធំ ដែលអាចនិយាយបានថា នៅកម្ពុជាគ្មាន២នេះ ថ្វីបើគ្មានការចាប់អារម្មណ៍ គ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក ប៉ុន្តែក៏ជាទីតាំងដែលធ្លាប់ជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់រួចមកហើយដែរ។
សូមរំលឹកទៀតថា កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅ ទឹកជំនន់បានវាយប្រហារមកលើព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបង្កការលិចលង់ខ្លាំង គឺរង្វង់មូលដ៏សែនធំមួយនេះ គឺជាទីតាំង ក៏ដូចជាទីជម្រករបស់ពលរដ្ឋរាប់ពាន់នាក់។ ក្រៅពីនោះ ក៏ជាកន្លែងចុះចតរបស់ឧត្ថម្ភាគចក្រ ក្នុងពេលសង្គ្រោះពលរដ្ឋ ដែលរងការវាយប្រហារដោយទឹកជំនន់ផងដែរ។

ទោះបីយ៉ាងណា គេរំពឹងថា រង្វង់មូលដ៏សែនធំមួយនេះ នឹងប្រែមុខមាត់ឡើងវិញ តាមរយ:ការអះអាងរបស់អភិបាលស្រុក៕
ចែករំលែកព័តមាននេះ