រាជធានីភ្នំពេញ ៖ ឃាតករដែលបានបាញ់សម្លាប់បុរសអ្នកគួកជេរដី គួកជេររថយន្តម៉ូតូ និងចងការប្រាក់ម្នាក់ បណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ដល់មន្ទីរពេទ្យកាល់ម៉ែត្រនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ព្រមទាំងដកហូតបានអាវុធខ្លីម៉ាកឡុក១ដើមផងដែរ ។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ទាប់មកនាំទៅធ្វើការសាកសួរ ហើយនៅវេលាល្ងាចថ្ងៃដដែលនោះកម្លាំងនគរបាលក៏បាននាំខ្លួនជនដៃដល់ខាងលើទៅកាន់កន្លែងលាក់កាំភ្លើងនិងដកយកទៅរក្សាទុករួចរាល់ហើយដែរ ។
ខ្មាន់កាំភ្លើងដែលត្រូវចាប់ខ្លួននោះឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរម្ចាស់ស្ថានីយប្រេងឥន្ធនៈ មានទីកំនៅក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទោះបីជាបែបណាពុំទាន់ដឹងថា មូលហេតុនៃការបាញ់សម្លាប់នេះផ្ដើមចេញពីអ្វីពិតប្រាកដនៅឡើយទេ ប៉ុន្តែតាមការបង្ហើបឲ្យដឹងជំហ៊ានដំបូង ពីមន្ត្រីនគរបាលមួយរូបថា ព្រោះតែរឿងគំនុំជំពាក់ប្រាក់ ប៉ុន្តែពុំបានលម្អិតថា តើជនរងគ្រោះជំពាក់ជនដៃដល់ ឬជនដៃដល់ជំពាក់ជនរងគ្រោះនៅឡើយ ។
សូមរម្លឹកផងដែរថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងរូបនេះបានធ្វើការបាញ់ប្រហារចំនួន៤គ្រាប់ទៅលើបុរសម្នាក់ឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី លក់ និងទិញរថយន្តនិងម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បណ្ដាលឲ្យត្រូវ៣គ្រាប់ត្រង់ក្បាល និងខ្លួនចំណែក១គ្រាប់ទៀតត្រូវចំដី រងរបួសធ្ងន់ធ្ងរ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យកាល់ម៉ែត ។
តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1ID-7477 តែម្នាក់ឯងទៅកាន់កន្លែងស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ លុះក្រោយមកមានគេទូរស័ព្ទហៅគាត់ក៏ជិះម៉ូតូចេញពីកន្លែងស្ទីមខាងលើ ហើយពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវ៣គ្រាប់ រងរបួសធ្ងន់ធ្ងរដួលដេកនៅនឹងកន្លែងតែម្ដង ។
មូលហេតុ ដែលបាញ់សម្លាប់ គឺដោយសារតែជនសង្ស័យជំពាក់លុយជនរងគ្រោះចំនួន៣០ម៉ឺនដុល្លារ គ្មានលុយសង ហើយក្រោយបាញ់រួច បានយកកាំភ្លើងទៅលាក់ទុកនៅក្នុងរណ្ដៅដីម្ដុំជិតកន្លែងកើតហេតុនោះដែរ ។ នេះជាព័ត៌មានបឋម ។
ប្រភពដដែលបានបន្តថា ក្រោយបាញ់ប្រហារជនរងគ្រោះ រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះបានត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសលដោយសារតែរបួសធ្ងន់ពេលក៏ស្លាប់បាត់បង់ជីវិត បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សេនជ័យ ៕
ចែករំលែកព័តមាននេះ