រាជធានីភ្នំពេញ ៖ លោហធាតុស៊ីរំសេវ (អកកំបោរធ្វើពីសំរិទ្ធ) ជាវត្ថុបុរាណខ្មែរ ដែលមានតម្លៃរាប់លានដុល្លារ ត្រូវបានគេរត់ការរៀបចំលក់ទៅអោយឈ្មួញ ហើយត្រូវបាន កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនបានម្នាក់ ហើយសហការជាមួយនាយកដ្ឋាន បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះទៅដកហូតវត្ថុបុរាណនោះ នៅខេត្តស្ទឹងត្រែង ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបាននគរបាលអោយដឹងថា ធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ធ្នូ បន្ទាប់ពីម្ចាស់អកកំបោរនោះបានប្តឹងនគរបាល ។ បុរសដែលត្រូវឃាត់ខ្លួន សមត្ថកិច្ចពុំទាន់អោយដឹងពីអត្តសញ្ញាណឡើយ។ ចំណែកម្ចាស់ឈ្មោះសួង តាក់ អាយុ២៩ឆ្នាំ មានលំនៅភូមិក្ងោក ឃុំកោះចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរផងដែរ។
តាមព័ត៌មានអោយដឹងថា អកកំបោរនោះជាវត្ថុបុរាណ ដែលធ្វើពីលោកហធាតុ ស៊ីរំសេវ(សំរិទ្ធ) មានតម្លៃរាប់លានដុល្លារ ។ តាមព័ត៌មានអោយដឹងថា ក្នុងការទិញលក់នោះ មានឯកសារទិញលក់ត្រឹមត្រូវ ដោយម្ចាស់ឈ្មោះ សួង តាក់ បានប្រគល់សិទ្ធិទៅអោយមនុស្ស៤នាក់ ១-ឈ្មោះ ប៊ុន សំអាត ភេទប្រុស អាយុ៤៧ឆ្នាំ ,២-ឈ្មោះទូច ប៊ុនថា, ៣-សេង ទៀត និង៤-ឈ្មោះញ៉ៃ ស៊ុយលី ។ ដោយឡែក ខាងក្រុមហ៊ុនមានតំណាង៣នាក់ ១-ឈ្មោះផាន់ សុធា ,២-សានទុទ្ធី និង៣.ឈ្មោះញឹក មួន ។ អ្នក ទាំង៣នាក់ ធានាអះអាងថា ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការទិញលោហធាតុខាងលើ ។ក្នុងលិខិតកាតព្វកិច្ចទទួលខុសត្រូវរបស់ភាគីតំណាងក្រុមហ៊ុន នោះក៏មានហត្ថលេខា និង ត្រាមេធាវី សេង សុទ្ធសំរិទ្ធ ផងដែរ។
នៅក្នុងឯកសារព្រមព្រៀងលក់កេរ្តិ៍មរតកឯកជនខាងលើ បានអោយដឹងថា ក្នុងតម្លៃ ១ខាំ៧០លានដុល្លារ ហើយ ភាគីខ អ្នកទិញបានទាមទារតម្លៃសេវាបង់ខាតពេលវេលាចំនួន៣ពាន់ដុល្លារ ក្នុងករណីដែលក្រុមហ៊ុន មកដល់ក្នុងរយៈពេល២ម៉ោង បែរជាគ្មានរបស់មានប្រសិទ្ធិភាពដូច ការធានារបស់ភាគីក ដែលជាអ្នកលក់នោះ ។
ទោះបីជាយ៉ាងណា ឯកសាររៀបចំរូចហើយវត្ថុនោះមិនទាន់បានលក់ផង ក៏ត្រូវបានគ្នា ឯកប្តឹងនគរបាលឈានទៅឃាត់ខ្លួនបានម្នាក់និងនាំម្ចាស់ទៅសាកសួរផងដែរ។
តាមមន្ត្រីក្រសួងវិប្បធម៌និងវិចិត្រសិល្បៈបានអោយដឹងថា អកកំបោរនោះមានអាយុកាលប្រមាណជាង២០០ឆ្នាំ មកហើយ បន្សល់ទុកតាំងពីបុរាណហើយ ត្រូវបានគេរៀបចំលក់ចេញទៅអោយឈ្មួញ ។
តាមឈ្មោះសួង តាក់ បានអោយដឹងថា អកកំបោរនោះ ជារបស់ដូនតា យាយ របស់ខ្លួនដាក់កំបោរ ហើយ មានគេទិញអោយ២០លានដុល្លារ តែគាត់មិនជឿ។ដោយសារតែចង់រក្សាទុករបស់នោះ ប្រគល់អោយ ខ្សែស្តេច ទុកជាអនុស្សាវរីយ៍ក៍បានប្តឹង នគរបាលតែម្តង ។ នៅព្រឹកថ្ងៃទី១៨ ធ្នូ នេះ ដែរ មន្ត្រីនាយកដ្ឋានបេតិកភណ្ឌនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បះ ក៍បានចុះទៅសហការណ៍ នគរបាលខណ្ឌឬស្សីកែវ ដោយនាំ ម្ចាស់ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីដកហូត វត្ថុស័កសិទ្ធិ នោះ មកទុកនៅសារមន្ទីរជាតិ៕
ចែករំលែកព័តមាននេះ