ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ សូកាន កូនប្រុសរបស់​សម្តេច សុខ អាន ត្រូវបានតែង​តាំង​ជារដ្ឋលេខាធិការក្រសួង​រៀបចំដែនដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី…

រាជធានីភ្នំពេញ៖ ក្នុង​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​លោក សុខ សូ​កាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ចាប់តាំងពីឆ្នាំ២០១៥ មកដល់សព្វថ្ងៃ លោក សុខ សូកាន ​កូនប្រុស​របស់​សម្តេច សុខ អាន​ គឺជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ​។

​មាន​អាយុ ៣៧​ឆ្នាំ នៅ​ឆ្នាំ​២០២០​នេះ លោក​ សុខ សូ​កាន កាលពី​ឆ្នាំ​២០១៣ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ជាមួយ​​ឪពុក​របស់លោក​​។ តែការបោះឆ្នោត កាលណោះ លោក​ សុខ សូកាន ​មិន​ជាប់ឆ្នោត​ឡើយ​។​

​​រហូតដល់ ​នៅ​ដើមឆ្នាំ​២០១៥ លោក​ សុខ សូ​កាន  បាន​ចូលកាន់​តំណែង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក​ សូ ឃុន ​ដែល​បានទទួល​មរណភាព​​។

​សូមរម្លឹកថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ​។​ សម្តេច សុខ អាន និងលោកជំទាវ ថេង អាយអាន្នី មានកូន ៥នាក់ ( ស្រីម្នាក់ និងកូនប្រុស ៤នាក់ ) រួមមាន៖ ១-លោកស្រី សុខ សូម៉ា ( អាយុ ៤១ឆ្នាំ ) ២-លោក សុខ ពុទ្ធិវុធ ( អាយុ ៤០ឆ្នាំ ) ៣-លោក សុខ សូកាន ( ៣៧ឆ្នាំ ) ៤-លោក សុខ សូកេន ( ៣៧ឆ្នាំ ) ៥-លោក សុខ សង្វារ ( អាយុ ៣៣ឆ្នាំ )។

ក្នុងនោះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង​លោក សុខ សូកាន ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជារដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយឡែក​ លោក សុខ សូកេន ជាកូនភ្លោះនឹងលោក សុខ សូកាន ជាអនុប្រធាន​នាយកដ្ឋាន​គណៈកម្មាធិការ​វិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ( គិតត្រឹម​ពេលសម្តេច សុខ អាន ទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧​ )​។

រីឯលោក សុខ សង្វារ ក៏ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍​។​ លោក សុខ សង្វារ ត្រូវបានតែងតាំង​ជាអគ្គនាយករង​ អាជ្ញា​ធរជាតិ​អប្សរា​ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥។ ​

​ដោយឡែក កូនប្រុសច្បងរបស់​សម្តេច សុខ អាន ដែលជាកូនប្រសាររបស់សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ជាអតីត​​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​តែងតាំង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រោយមក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ​ លោក សុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក សុខ ពុទ្ធិវុធ បានបន្តការងារជា​រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រហូត​ដល់សព្វថ្ងៃ​៕