ខេត្តប៉ៃលិន ៖ នារាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំនិងចាត់ឱ្យសមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅ ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងទប់ស្កាត់លើជនបរទេស ខុសច្បាប់ដែល ធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេស គឺទប់ស្កាត់ ការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះ រហូតអស់ពីខេត្តប៉ៃលិន និង ប្រទេសកម្ពុជាផងដែរ ។
ការបន្តធ្វើយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា និងបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀប រៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្ត ទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត លើករណីឆបោកតាម ប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅ ប្រទេសកំណើតជាបន្តបន្ទាប់ ដោយបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕









ចែករំលែកព័តមាននេះ