សត្វ​ទោច​មកុដ ១ គូ គ្រោង​ដោះ​លែង​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ក្រុង​អង្គរធំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សត្វ​ទោច​មកុដ ១ គូ គ្រោង​ដោះ​លែង​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ក្រុង​អង្គរធំ

2 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ​បានឱ្យ​ដឹង​ថា…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​គម្រោង​ដោះ​លែង​សត្វព្រៃ ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​រួច​មក កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ គម្រោង​នេះ​បាន​ដឹក​ជញ្ជូន​សត្វ​ទោច​មកុដ​១​គូ​ទៀត ដែល​ជា​គូ​ចុង​ក្រោយ ពី​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មក​ផ្សាំ​ក្នុង​ទ្រុង​នៅ​ជិត​បឹង​ដូន​មា​ក្បែរ​ខ្លោងទ្វារ​ដី​ឆ្នាំង​ខាងជើង​ក្រុង​អង្គរធំ​។ សត្វ​ទោច​មកុដ​គូ​ចុង​ក្រោយ​នេះ គ្រោង​នឹង​ធ្វើការ​ដោះ​លែង​ពី​ទ្រុង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​ឆាប់​ៗ​ខាង​មុខ​។


អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ថា សត្វ​ទោច​មកុដ​ជា​សត្វ​រស់នៅ​ជា​គ្រួសារ មិន​ចូល​ជាមួយ​គ្រួសារ ឬ​ជាមួយ​ហ្វូង​ដទៃ​ទេ ហើយ​គ្រួសារ​នីមួយ​ៗ​មាន​ដែន​ត្រាច់ចរ​រៀង​ៗ​ខ្លួន​ពី​៥​ទៅ​១០​ហិ​កតា និង​មិន​ត្រួត​ដែន​ព្រៃ​គ្នា​ទេ​។ ការ​កំណត់​ទីតាំង​ក្រុម​សត្វ​ទោច​មកុដ​ទាំង​៣​គូ​កន្លង​មក គឺ​មាន​គម្លាត​ពី​គ្នា​២០០០​ម៉ែត្រ ឯ​ចំណុះ​ព្រៃ​នៅ​ក្នុង​ឧទ្យាន​អង្គរ អាច​សម្រាប់​តែ​៤​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​លំហរ​ព្រៃ​នៅ​សេសសល់ គឺ​បំរុង​សម្រាប់​កូន​ៗ​បែក​ពី​មេ​-​បា​។
កន្លង​មក​គម្រោង​នេះ​បាន​ដោះ​លែង​រួច​មក​ហើយ​នូវ​សត្វ​ទោច​មកុដ​ចំនួន​៣​គូ​មាន​ចំនួន​១២​ក្បាល​(​កើតកូន​បាន​ចំនួន​៦​ក្បាល​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ខ្លោងទ្វារ​តា​កាវ ខ្លោងទ្វារ​ខ្មោច ក្បែរ​ប្រាសាទ​តា​នៃ និង​មួយគូ​ចុង​ក្រោយ​នេះ​ក្បែរ​ខ្លោងទ្វារ​ដី​ឆ្នាំង​។

នៅ​ពេល​ជាមួយ​គ្នា​នោះ គម្រោង​ក៏​បាន​ដោះ​លែង​សត្វ​ឆ្មារ​ដាវ (Leopard Cat)​ចំនួន​១​គូ និង​សត្វ​កេងកង​តូច (Oriental Pied Hornbill) ចំនួន​១​គូ​ដែរ ចូល​ក្នុង​ព្រៃ​ធម្មជាតិ ក្រោយ​ពី​គម្រោង​បាន​ផ្សាំ​ក្នុង​ទ្រុង​អស់​រយៈពេល​ជិត​៣​ខែ​មក​។ ក្រៅពី​នោះ កន្លង​មក​ក៏​មានការ​ដោះ​លែង​សត្វ​ឈ្លូស​៤​ក្បាល សត្វ​ស្វា​ព្រាម​១២​ក្បាល សត្វ​សំពោចក្រអូប​៥​ក្បាល និង​សត្វ​ភេ​ខ្លួន​រលោង​៥​ក្បាល ចូល​ក្នុង​ព្រៃ​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​។
ដើម្បី​ឲ្យ​សត្វព្រៃ​ទាំង​អស់នោះ​បន្ត​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​រមណីយដ្ឋាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់​គ្នា ជៀសវាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិនល្អ និង​សូមកុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ​៕